លោក កាំង ម៉ូនីកា អគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា លើកឡើងថា វិធានការណ៍លើកលែងពន្ធដែលរាជរដ្ឋាភិបាលបានដាកចេញនេះ ហាក់មិនសូវជាជួយបានច្រើននោះទេ សម្រាប់រោងចក្រកាត់ដេរនៅកម្ពុជា ព្រោះថា បញ្ហាធំរបស់វិស័យកាត់ដេរនៅពេលនេះ វាមិនមែនរឿងការព្យួរ EBA នោះទេ ប៉ុន្ដែ វាគឺពាក់ព័ន្ធនឹងបញ្ហា Covid-19 ដែលវាបានធ្វើឲ្យផលិតកម្មនៅក្នុងវិស័យនេះ ត្រូវបានអូសបន្លាយក្នុងរយៈពេលកាន់តែយូរ។
លោក ម៉ូនីកា បញ្ជាក់ថា បច្ចុប្បន្ន រោងចក្រកាត់ដេរប្រមាណ ៧០ ទៅ៨០% ត្រូវបានអ្នកបញ្ជាទិញ ពីអឺរ៉ុប និអាមេរិក បានប្រាប់ឲ្យផ្អាកការផលិតបណ្ដោះអាសន្ន ព្រោះតែនៅប្រទេសទាំងនោះ កំពុងជួបបញ្ហា Covid-19 ខ្លាំង។ ដូច្នេះហើយ ការលើកលែងពន្ធលើប្រាក់ចំណូល ឬប្រាក់ចំណេញនេះ គឺទំនងជាមិនអាចជួយបានច្រើន ព្រោះថា នៅឆ្នាំនេះ សមាគមរោងចក្រកាត់ដេរ មិនរំពឹងថានឹងមានក្រុមហ៊ុន រោងចក្រកាត់ដេរណាមួយ អាចរកប្រាក់ចំណេញបាននោះទេ។
លោក កាំង ម៉ូនីកា លើកឡើងយ៉ាងដូច្នេះ «សម្រាប់ឆ្នាំនេះ អាចថា នឹងមិនមែនបញ្ហា EBA តទៅទៀតទេ គឺបញ្ហាជំងឺកូរ៉ូណា Covid-19 ដែលវាធ្វើឲ្យការផលិតផ្គត់ផ្គង់របស់យើងត្រូវបានជាប់គាំង ហើយការជាប់គាំងនេះទៀត យើងគិតថា វានឹងមិនមានរយៈពេលខ្លីទេ គឺរយៈពេលយូរ។ អញ្ចឹងហើយ យើងមិនរំពឹងថា ក្រុមហ៊ុននីមួយៗមានប្រាក់ចំណេញទេឆ្នាំនេះ។ អញ្ចឹងនៅពេលដែលក្រុមហ៊ុនអត់មានប្រាក់ចំណេញ អញ្ចឹងការលើកលែងពន្ធលើប្រាក់ចំណេញឲ្យគាត់ ក៏មិនសូវជាបានជួយប៉ុន្មានដែរ។»
ទោះយ៉ាងណា លោក កាំង ម៉ូនីកា បញ្ជាក់ថា សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ក៏ថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ដែលបានខិតខំជួយដល់វិស័យនេះនាពេលកន្លងមក។
ជាមួយគ្នានេះ ខាងសមាគមរោងចក្រកាត់ដេរកម្ពុជា ក៏បានដាក់សំណើរជាផ្លូវការរួចរាល់ហើយ ដើម្បីស្នើសុំការអនុគ្រោះមួយចំនួនពីសំណាក់រាជរដ្ឋាភិបាល។ ប៉ុន្ដែ មកទល់ពេលនេះ ខាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា នៅមិនទាន់បានជួបប្រជុំពិភាក្សាគ្នាលើសំណើនេះនៅឡើយទេ ហើយក៏មិនទាន់ដឹងថា ខាងក្រសួងនឹងមានពេលវេលាជួបជាមួយថ្នាក់ដឹកនាំសមាគម ដើម្បីពិភាក្សាស្វែងរកដំណោះស្រាយនេះ នៅពេលណានោះដែរ។ នេះបើតាមការគូសបញ្ជាក់របស់អគ្គលេខាធិការរង នៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា។
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្មីៗនេះ បានដាក់ឲ្យអនុវត្តនូវប្រកាសមួយស្ដីអំពី វិធានការផ្នែកពន្ធដារ ដើម្បីកាត់បន្ថយផលប៉ះពាល់នៃបញ្ហាប្រឈមលើសហគ្រាសឧស្សាហកម្ម ផ្នែកវាយនភណ្ឌកាត់ដេរនៅកម្ពុជា។
បើតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកាសនេះ មានគោលដៅ កំណត់នូវវិធានការពន្ធដារ ក្នុងការផ្ដល់នូវការអនុគ្រោះពន្ធលើប្រាក់ចំណូល ចំពោះសហគ្រាសវាយនភណ្ឌ ផលិតផលសម្លៀកបំពាក់ ស្បែកជើង កាបូបយួរ និងកាបូបដៃ និងមួក ជាដើម ដែលសហគ្រាសផលិតផលផលិតផលទាំងនេះ រងផលប៉ះពាល់បណ្ដាលលមកពីការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ដោយសភាពអឺរ៉ុប។
បើតាមខ្លឹមសាររបស់ប្រកាសនេះ សហគ្រាសវាយនភណ្ឌ ផលិតសម្លៀកបំពាក់ ស្បែកជើង កាបូបយួរ កាបូបដៃ និងមួក នឹងត្រូវទទួលបានការអនុគ្រោះពន្ធលើប្រាក់ចំណូលសម្រាប់ឆ្នាំជាប់ពន្ធ ២០២០នេះ ដោយផ្អែកលើកម្រិតនៃផលប៉ះពាល់ដូចខាងក្រោម៖
ទី១, លើកលែងពន្ធលើប្រាក់ចំណូលរយៈពេល ៦ខែ សម្រាប់រោងចក្រសហគ្រាស ដែលរងផលប៉ះពាល់កម្រិតពី ២០% ទៅ ៣៩% ដោយលើកលែងពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំចំនួន ៥០% នៃប្រាក់ពន្ធត្រូវបង់សរុប។
និងទី២, លើកលែងពន្ធលើប្រាក់ចំណូលរយៈពេល ១ឆ្នាំ សម្រាប់រោងចក្រសហគ្រាសដែលរងផលប៉ះពាល់កម្រិតពី៤០% ទៅ១០០% ដោយលើកលែងការបង់ពន្ធលើប្រាក់ចំណូល ១០០% នៃប្រាក់ពន្ធត្រូវបង់សរុប។
យ៉ាងណាក៏ដោយ ដើម្បីទទួលបានការលើកលែងពន្ធដូចដែលបានរាប់រៀបខាងលើនេះ សហគ្រាសវាយនភណ្ឌ ត្រូវតែដាក់ជូនរដ្ឋបាលសារពើពន្ធនូវឯកសារបញ្ជាក់ពីទំហំផលប៉ះពាល់ជាក់ស្ដែង ពីការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ក្នុងអំឡុងពេលប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ ខណៈប្រកាសនេះ ត្រូវបានសម្រេចដាក់ឲ្យត្រូវអនុវត្តចាប់ពីថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២០ តទៅ។
យ៉ាងណាក៏ដោយចុះ បើតាមការបញ្ជាក់របស់លោក កាំង ម៉ូនីកា គិតមកទល់ពេលនេះ មានរោងចក្រចំនួន ៥៥ រោងចក្រហើយ ដែលបានផ្អាកដំណើរការផលិតកម្មបណ្ដោះអាសន្ន ក៏ដូចជាស្នើព្យួរការងារកម្មករ ដែលបានប៉ះពាល់ដល់កម្មករនិយោជិតប្រហែល ៣ម៉ឺននាក់។ ប៉ុន្ដែ អ្វីដែល គួរឲ្យបារម្ភខ្លាំងជាងនេះទៀតនោះ គឺថ្មីៗនេះទៀតសោត ក្រុមហ៊ុនអ្នកបញ្ជាទិញពីក្រៅប្រទេស ក៏បានសម្រេចលុបចោលការកម្ម៉ង់ទិញសម្រាប់រយៈពេល ២ ទៅ៣ខែខាងមុខទៀត ដែលធ្វើឲ្យរោងចក្រកាត់ដេរកម្ពុជា កាន់តែប្រឈមនឹងបញ្ហាខ្លាំងឡើង ពិសេស គឺបញ្ហាលំហូរសាច់ប្រាក់តែម្ដង ដែលវាអាចនឹងធ្វើថៅកែឲ្យរោងចក្រ នឹងត្រូវប្រឈមមុខបញ្ហាកង្វះសាច់ប្រាក់បើកប្រាក់ខែឲ្យកម្មករនាពេលខាងមុខផងដែរ៕