ហាងឆេងមាសនៅថ្ងៃព្រហស្បតិ៍ ទី២ ខែឧសភា នេះមានសភានៅទ្រឹងក្នុងតម្លៃប្រមាណ២,៣១៨ដុល្លារក្នុង១អោន (Ounce) ឬស្មើនឹង៣,០៩០ដុល្លារ ក្នុង១តម្លឹង ក្រោយពីបានហក់ឡើងថ្លៃ១,៤%កាលពីថ្ងៃពុធ ទី១ ខែឧសភា បន្ទាប់ពីធនាគារកណ្ដាលអាម៉េរិក បានរក្សាអត្រាការប្រាក់ឱ្យនៅថេរដោយគ្មានការផ្លាស់ប្ដូរ។
លោក ជើរ៉ូម ផៅវែល (Jerome Powell) ប្រធានធនាគារកណ្ដាលអាម៉េរិក បានបញ្ជាក់ថា ចំណាត់ការបន្ទាប់របស់ធនាគារកណ្ដាលមួយនេះនឹងអាស្រ័យលើទិន្នន័យជាក់ស្ដែង ប៉ុន្តែទំនងជាមិនដំឡើងអត្រាការប្រាក់នោះទេ។
លោក ម៊ែត ស៊ីមសុន (Matt Simpson) អ្នកវិភាគជាន់ខ្ពស់នៅក្រុមហ៊ុនជួញដូរមូលបត្រអង់គ្លេស City Index បានលើកឡើងថា បណ្ដាវិនិយោគិនបានធូរចិត្តដោយសារលោក ជើរ៉ូម ផៅវែល (Jerome Powell) ប្រធានធនាគារកណ្ដាលអាម៉េរិក បិទបញ្ចប់កិច្ចប្រជុំពិភាក្សាដោយសម្រេចផ្អាកដំឡើងអត្រាការប្រាក់បន្ថែមទៀត ហើយកត្តានេះ បានជំរុញឱ្យតម្លៃមាសហក់ឡើងលើស២,៣០០ដុល្លារក្នុង១អោន (Ounce) ឬស្មើនឹង៣,០៩០ដុល្លារក្នុងមួយតម្លឹង។
ក្រោយកិច្ចប្រជុំរបស់ធនាគារកណ្ដាលអាម៉េរិក លើកចុងក្រោយនេះ បានបិទបញ្ចប់ បណ្ដាវិនិយោគិនបានបង្ហាញការជឿជាក់ថា ធនាគារកណ្ដាលអាម៉េរិកនឹងបញ្ចុះអត្រាការប្រាក់យ៉ាងតិចក៏មួយលើកដែរនៅក្នុងឆ្នាំ២០២៤ នេះ។ សូមបញ្ជាក់ថា របាយការណ៍ស្ដីពីស្ថានភាពការងារទាំងក្នុងវិស័យរដ្ឋ និងឯកជននៅសហរដ្ឋអាម៉េរិក គ្រោងនឹងចេញផ្សាយនៅថ្ងៃសុក្រ ទី៣ ខែឧសភា៕
ដោយ: តែម សុខុម