តម្លៃមាសនៅលើទីផ្សារក្នុងប្រទេសវៀតណាម បានដាំក្បាលចុះយ៉ាងខ្លាំងដល់កម្រិតទាបបំផុតនៅពីរ សប្តាហ៍កន្លងមកនេះ ក្រោយរងសម្ពាធពីការធ្លាក់ចុះតម្លៃមាសនៅលើទីផ្សារសកល។ បើតាមការរាយការណ៍ដោយសារព័ត៌មានវៀតណាម VN Express។
កាលពីថ្ងៃពុធ សប្តាហ៍នេះ តម្លៃមាសគីឡូនៅទីផ្សារនាទីក្រុងហូជីមិញ បានធ្លាក់ចុះប្រមាណ០,០៧% មកនៅត្រឹមជិត៦៩លានដុង ឫប្រមាណជា២ពាន់៨១៧ដុល្លារនៅក្នុងមួយតម្លឹង ខណៈដែលតម្លៃមាសដែលគេយកច្នៃជាគ្រឿងអលង្ការ គឺធ្លាក់ចុះដល់ទៅ០,២៦% មកនៅត្រឹមតែជិត៥៨លានដុង ឫ ប្រមាណជា២ពាន់៣៥៩ដុល្លារក្នុងមួយតម្លឹង។
នៅក្នុងរយៈពេលមួយខែកន្លងមកនេះ ការជូញដូរមាសនៅលើទីផ្សារអន្តរជាតិ បានធ្លាក់ចុះក្នុងស្ថានភាពតិចតួចបំផុត ខណៈដែលប្រាក់ដុល្លារអាមេរិក នៅតែមានរឹងមាំ ក្រោមសេណារីយ៉ូនៃការគ្រប់គ្រង អត្រាការប្រាក់ដ៏ខ្ពស់បំផុតរបស់អាមេរិក។ ជាក់ស្តែងតម្លៃមាសនៅលើទីផ្សារអន្តរជាតិមួយអោនមានតម្លៃត្រឹមតែ១ពាន់៩រយដុល្លារតែប៉ុណ្ណោះ ដែលជាតម្លៃទាបបំផុតចាប់តាំងពីថ្ងៃទី២៣ ខែសីហា កន្លងទៅ។ នៅទីផ្សារអាមេរិក តម្លៃមាសអាចធ្លាក់ចុះ០,១ភាគរយមកនៅត្រឹមតែ១ពាន់៩១៨ដុល្លារនៅក្នុងមួយអោន។
ស្របពេលដែលតម្លៃមាសកំពុងមានការធ្លាក់ចុះ តម្លៃប្រាក់ដុល្លារអាមេរិក បែជាមានការកើនឡើងទៅ វិញ។ តារាងជូញដូរប្រាក់ដុល្លារបានបង្ហាញថា ប្រាក់ដុល្លារកំពុងតែរក្សាជំហររឹងមាំនៅក្នុងកម្រិតខ្ពស់បំផុតនៅក្នុងរយៈពេល១០ខែចុងក្រោយនេះ។ ស្ថិរភាពនៃប្រាក់ដុល្លារនេះហើយ ដែលនាំឱ្យតម្លៃមាសនៅលើទីផ្សារអន្តរជាតិកាន់តែមានការធ្លាក់ចុះ។
សម្រាប់ទីផ្សារមាសនៅកម្ពុជាវិញត្រូវបានចែកការជួញដូជាបីប្រភេទ គឺមាសគីឡូ ប្លាទីនទឹក ៧៥ និងប្លាទីនទឹក៧០ ហើយនៅថ្ងៃទី២៨ ខែកញ្ញានេះ មាសគីឡូមួយតម្លឹងលក់ចេញថ្លៃ២, ៣០០ដុល្លា និងទិញចូលថ្លៃ២,២០០ដុល្លារ ខណៈដែលតម្លៃប្លាទីនទឹក៧៥ វិញលក់ចេញថ្លៃ១, ៧២០ដុល្លារ និងទិញចូល១,៦២០ដុល្លារ ហើយប្លាទីនទឹក៧០លក់ចេញមួយតម្លឹង១,៦០០ដុល្លារ និងទិញចូលតម្លៃ១,៥០០ដុល្លារក្នុងមួយតម្លឹង។ តម្លៃមាស និងប្លាទីននៅកម្ពុជា នៅមួយរយៈចុងក្រោយមានការធ្លាក់ចុះប្រមាណ២ដុល្លារក្នុងមួយជី៕
ដោយៈ សរ សុជាតិ