Goldman Sachs បានទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចអាមេរិកជារៀងរាល់ត្រីមាសដោយគិតចាប់តាំងពីឆ្នាំ ២០២១មក ហើយនៅក្នុងឆ្នាំ ២០២២ខាងមុខនេះ ក្រុមហ៊ុនហិរញ្ញវត្ថុអន្តរជាតិនេះ ក៏បានបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចរបស់មហាយក្សសេដ្ឋកិច្ចលេខ១ក្នុងលោកនេះផងដែរ។ ពោលគឺ ក្នុងត្រីមាសទី ១ ឆ្នាំ ២០២២ Goldman Sachs បានបន្ថយការព្យាករកំណើនសេដ្ឋកិច្ចអាមេរិកពី ៥% មកនូវត្រឹមតែ ៤,៥%វិញ ខណៈ ត្រីមាសទី ២ បានទម្លាក់ពី ៤,៥% មកនូវត្រឹមតែ ៤%។ ដោយឡែក នៅត្រីមាសទី៣ បានកាត់បន្ថយការព្យាករពី ៣,៥% មកនូវត្រឹម ៣%វិញ ។ ទោះយ៉ាងណាក៏ដោយ ក្រុមហ៊ុនហិរញ្ញវត្ថុអន្តរជាតិដ៏ធំរបស់អាមេរិកនេះបានបង្កើនការព្យាករកំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកនៅត្រីមាសទី ៤ ឆ្នាំ ២០២២ ពី ១,៥% ទៅ ជាង១,៧%វិញ។ ជារួម នៅពេញមួយឆ្នាំ២០២២ សេដ្ឋកិច្ចអាមេរិកត្រូវបានព្យាករថា នឹងមានកំណើនត្រឹម ៤%ប៉ុណ្ណោះ។
យ៉ាងណាមិញ ក្រុមហ៊ុនវិនិយោគហិរញ្ញវត្ថុដ៏ល្បីរបស់អាមេរិកមួយនេះ បានសង្កត់ធ្ងន់អំពី ភាពមិនច្បាស់លាស់នៃជំងឺកូវីដ ១៩ ដែលបានធ្វើឱ្យប៉ះពាល់ទៅលើសេវាកម្មអតិថិជន ដោយសារមេរោគដ៏កាចសាហាវនេះបាន និងកំពុងបន្តអូសបន្លាយកាន់តែយូរ។ ទន្ទឹមនេះ ការផ្គត់ផ្គង់ឧបករណ៍អេឡិចត្រូនិករបស់អាមេរិក ក៏ទំនងជាមិនមានភាពប្រសើរឡើងវិញនោះដែរ រហូតដល់ពាក់កណ្តាលឆ្នាំ ២០២២។ ក្នុងអំឡុងវិបត្តិកូវីដ១៩នេះ អ្នកប្រើប្រាស់បានប្រឈមមុខនឹងការកើនឡើងតម្លៃទំនិញខ្ពស់ ខណៈវិស័យសេវាកម្មក៏មានតម្លៃខ្ពស់ជាងមុនផងដែរក្នុងឆ្នាំនេះ។
សូមជម្រាបថា តម្លៃប្រេងក៏បានកើនឡើងដែរ ពោលគឺស្របពេលសកលលោកកំពុងប្រឈមមុខនឹងវិបត្តិថាមពល។ ជាក់ស្ដែង នៅសហរដ្ឋអាមេរិក តម្លៃប្រេងគឺបានហក់ឡើងដល់ជាង ៨០ដុល្លារក្នុងមួយធុងបារ៉ែលដែលជាតម្លៃខ្ពស់បំផុតមិនធ្លាប់មានចាប់ពីឆ្នាំ ២០១៤មក៕