កាលពីពេលថ្មីៗនេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាស គំរាមថា អាចនឹងដំឡើងពន្ធលើទំនិញចិន ៣០០ ពាន់លានដុល្លារអាមេរិកបន្ថែមទៀត បន្ទាប់ពីកិច្ចប្រជុំ G20 ដែលនឹងធ្វើឡើងនៅចុងខែនេះ។ ការគំរាមកំហែងរបស់លោកត្រាំនេះ គឺត្រូវបានគេមើលឃើញថា ហាក់ចង់ឲ្យលោកប្រធានាធិបតីចិន លោក ស៊ីជិនពីង ជួបចរចាជាមួយលោក នៅអំឡុងកិច្ចប្រជុំ G20 នោះ ហើយបើគ្មានការជួបចរចាគ្នាទេនោះ លោកនឹងសម្រេចចិត្តអនុវត្តការដំឡើងពន្ធលើទំនិញចិន ៣០០ ពាន់លានដុល្លារនោះជាក់ជាមិនខាន។
ស្ថិតក្នុងស្ថានការណ៍នេះដែរ ក៏មានក្រុមហ៊ុនបច្ចេកវិទ្យាយក្សៗរបស់អាមេរិក ដូចជា Google និងក្រុមហ៊ុនផលិតគ្រឿងបង្គុំទូរស័ព្ទ iPhone របស់ក្រុមហ៊ុន Apple ដែលមានមូលដ្ឋានផលិតនៅប្រទេសចិន បានប្រកាសថា ពួកគេបានត្រៀមលក្ខណៈសម្បត្តិរួចរាល់ហើយ ក្នុងការរើផលិតកម្ម ចេញពី ប្រទេសចិន បើអាមេរិកពិតជាដំឡើងពន្ធលើទំនិញចិន ៣០០ ពាន់លានដុល្លារនេះមែន។
ក្រុមហ៊ុន Google បានប្រកាសថា នឹងផ្លាស់ប្តូរការផលិតគ្រឿងបង្គុំអេឡិចត្រូនិកចេញពីប្រទេសចិន ដើម្បីគេចផុតពីការដំឡើងពន្ធរបស់អាមេរិក។ សារព័ត៌មាន South China Morning Post បានឲ្យដឹងថា ក្រុមហ៊ុន Google ក៏បានផ្លាស់ប្តូរការផលិតគ្រឿងបង្គុំអេឡិចត្រូនិករបស់ខ្លួន ជាច្រើនរួចហើយដែរ ចេញពីចិនដីគោក ទៅកោះតៃវ៉ាន់ ដើម្បីចៀសផុតពីការបង់ពន្ធ គយ ២៥% ។ ប្រភពព័ត៌មានដដែលបានឲ្យដឹងទៀតថា ការដំឡើងពន្ធពីសំណាក់ រដ្ឋាភិបាលអាមេរិក ក៏បានជំរុញឲ្យក្រុមហ៊ុនផលិតគ្រឿងបង្គុំអេឡិចត្រូនិកអាមេរិកជាច្រើន បានរើចេញពីចិនដីគោក ទៅកោះតៃវ៉ាន់ និងប្រទេសម៉ាឡេស៊ីជាដើម។
មិនមែនតែ Google ទេ ដែលរើការផលិតរបស់ខ្លួនបណ្ដើរៗចេញពីប្រទេសចិន ដៃគូផលិតគ្រឿងបង្គុំឲ្យក្រុមហ៊ុន Apple គឺ Foxconn ឯណោះវិញ ក៏បានប្រកាសឲ្យដឹងកាលពីពេលថ្មីៗនេះដែរថា ខ្លួនមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីផលិតគ្រឿងបង្គុំទាំងអស់ សម្រាប់ទូរស័ព្ទ iPhone របស់អាមេរិក ដោយការរើការផលិតចេញពីប្រទេសចិន បើវាពិតជាមានការចាំបាច់មែននោះ។ ទោះយ៉ាងណា មកទល់ពេលនេះ ក្រុមហ៊ុន Apple មិនទាន់បានស្នើឲ្យក្រុមហ៊ុន Foxconn ដែលជាដៃគូផ្គត់ផ្គង់គ្រឿងបង្គុំរបស់ខ្លួននោះ ឲ្យរើចេញពីប្រទេសចិននៅឡើយទេ។
តំណាងក្រុមហ៊ុន Foxconn បានឲ្យដឹងថា បច្ចុប្បន្ន ការផលិតគ្រឿងបង្គុំសម្រាប់ iPhone នៅក្រៅប្រទេសចិន គឺមាន ២៥% តែក្រុមហ៊ុននេះ បញ្ជាក់ថា ខ្លួនអាចជួយរាប់រងការផលិតគ្រឿងបង្គុំទាំងអស់ឲ្យ Apple បាន ដោយមិនចាំបាច់ពឹងលើការផលិតក្នុងប្រទេសចិននោះឡើយ បើសិនមានការចាំបាច់។ តំណាងក្រុមហ៊ុន Foxconn បញ្ជាក់ទៀតថា បច្ចុប្បន្ន ការវិនិយោគរោងចក្រផលិតគ្រឿងបង្គុំសម្រាប់ Apple នៅប្រទេសឥណ្ឌា ក៏កំពុងតែចាប់ផ្ដើមផងដែរ។
គួរបញ្ជាក់ថា ក្រោយពីមានការអនុវត្តដំឡើងពន្ធលើទំនិញចិន នាពេលកន្លង បានជំរុញឲ្យរោងចក្រដែលមានមូលដ្ឋានផលិតនៅប្រទេសចិនជាច្រើន បានចាកចេញពីប្រទេសចិន ទៅកាន់ប្រទេសមួយចំនួន នៅតំបន់អាស៊ីអាគ្នេយ៍ពិសេស គឺប្រទេសឥណ្ឌូនេស៊ី និងវៀតណាមជាដើម។ ក្នុងន័យនេះ វាក៏បានធ្វើឲ្យការវិនិយោគផ្ទាល់ពីក្រៅប្រទេស និងការនាំចេញរបស់ប្រទេសតំបន់អាស៊ីអាគ្នេយ៍ទាំងនេះ មានសន្ទុះកើនឡើងយ៉ាងខ្លាំង។
ប៉ុន្ដែ អ្វីដែលគួរឲ្យចាប់អារម្មណ៍ តាមការចុះផ្សាយពីសារព័ត៌មានក្នុងស្រុកវៀតណាម នារយៈចុងក្រោយនេះ គឺមានទំនិញផលិតនៅប្រទេសចិនមួយចំនួនបានក្លែងបន្លំប្រភពដើម និងបិទតែម ដាក់ថា បានផលិតក្នុងប្រទេសវៀតណាម ដើម្បីនាំចេញទៅអាមេរិក គេចវេះពីការដំឡើងពន្ធពីសំណាក់រដ្ឋាភិបាលអាមេរិក។ ជុំវិញនឹងបញ្ហានេះដែរ រដ្ឋាភិបាលវៀតណាម ក៏កំពុងដុតដៃដុតជើង តាមប្រមាញ់ផលិតផលខុសច្បាប់ទាំងនោះផងដែរ៕