ប៉ុន្ដែ តែមកទល់ពេលនេះ មិនទាន់មានកម្មករណាម្នាក់ទទួលបានប្រាក់ឧបត្ថម្ភ ២០%ពីរាជរដ្ឋាភិបាលទេ ខណៈដែលបន្ថែម ៤០%ទៀតពីថៅកែ ក៏មិនទាន់មានភាពច្បាស់លាស់ថានឹងមានការផ្ដល់ជូន ឬក៏អត់ដែរ។
តាមរយៈការឆ្លើយតបជាមួយអ្នកសារព័ត៌មានខេមបូណូមីសតាមប្រព័ន្ធតេឡេក្រាម អំពីដំណើរការ នៃការផ្តល់ប្រាក់ឧបត្ថម្ភ ៦០%ដល់កម្មករនិយោជិត ឯកឧត្តម ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឆ្លើយតបថា «នោះគឺជាវិធានការកង្វះវត្ថុធាតុដើម។ បច្ចុប្បន្ន ស្ថានភាពកូវីដបានវិវត្តទៅជារឿងសកល ដែលមិនទាន់ដឹងថាពេលណាចប់ ហើយរដ្ឋាភិបាលនឹងបន្តជួយ ៣៨ ដុល្លារ ប៉ុន្ដែនិយោជក និងកម្មករត្រូវបន្តនិយាយ និងជជែកគ្នា ប្រកបដោយស្មារតីយោគយល់គ្នា»។
នៅពេលដែលអ្នកសារព័ត៌មានខេមបូណូមីសសួរថា បើសិនជាថៅកែ មិនព្រមផ្តល់ប្រាក់ឧបត្ថម្ភ ៤០%ទៀតដល់កម្មករ តើក្រសួងនឹងមានវិធានការអ្វីបន្តទៀត អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា «បើយោងតាមច្បាប់ការងារនិយោជក មានកាតព្វកិច្ចតែរឿងថ្លៃដឹកជញ្ជូន សុំមើលច្បាប់បន្ថែមសរសេរខ្លះផង »។
ចំពោះសំនួរដែលសួរថា តើមកទល់នឹងពេលនេះ មានកម្មករនិយោជិតណាម្នាក់ទទួលបានប្រាក់ឧបត្ថម្ភ ៣៨ដុល្លារនេះឬនៅ អ្នកនាំពាក្យក្រសួងការងារឯកឧត្ដម ហេង សួរ បានឆ្លើយតបថា «យើងត្រូវការការសហការពីបងប្អូនកម្មករនិយោជិត។ យើងបានអំពាវនាវឲ្យផ្តល់លេខទូរសព្ទឲ្យត្រឹមត្រូវ ដើម្បីទំនាក់ទំនង។ មួយវិញទៀត កម្មករនិយោជិតភាគច្រើនមិនទាន់ហ៊ានឡើងត្រឡប់មកវិញ យើងត្រូវការភាពច្បាស់លាស់ និងសាមីខ្លួនចៀសវាងការបើកផ្តល់ខុស»។
បើតាមឯកឧត្តមហេង សួរ រដ្ឋមានថវិកាគ្រប់គ្រាន់សម្រាប់បើកជូនកម្មករ-នយោជិតទាំងអស់ដែលគ្មានការងារដោយសាររោងចក្រព្យួរ។ ប៉ុន្តែប្រាក់ឧបត្ថម្ភបន្ថែមពីថៅកែ ៤០%ទៀត មិនប្រាកដថាបានឬយ៉ាងណានោះទេ។
វិស័យកាត់ដេរកម្ពុជា បានជួបទុក្ខផ្ទួនៗនៅអំឡុងពេលនៃការរាតត្បាតនៃមេរោគ Covid-19នេះ តួយ៉ាង បន្ទាប់ពីបានជួបបញ្ហាកង្វះវត្ថុធាតុដើម ពីប្រទេសចិនអស់មួយរយៈពេលខ្លី ដែលបានធ្វើឲ្យរោងចក្រមួយចំនួនបានព្យួរការងាររួចមក ឥឡូវនេះ រោងចក្រកាត់ដេរកម្ពុជា ក៏កំពុងតែប្រឈមនឹងបញ្ហាព្យួររោងចក្របណ្ដោះអាសន្នជាបន្ដទៀត ដោយសារតែ អ្នកបញ្ជាទិញពីអឺរ៉ុប និងអាមេរិក បានស្នើឲ្យរោងចក្រកាត់ដេរនៅកម្ពុជា ការពន្យារពេលផ្គត់ផ្គង់ទំនិញ និងបានលុបចោលការកម្ម៉ង់ទិញរយៈពេល ២ ទៅ៣ខែខាងមុខទៀត។
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ GMAC បានចេញមុខ អំពាវនាវឲ្យអ្នកបញ្ជាទិញទាំងនោះ គោរពតាមកិច្ចសន្យា និងទូទាត់ការកម្ម៉ង់ចាស់ជាមួយរោងចក្រកាត់ដេរនៅកម្ពុជា បើមិនដូច្នេះទេ រោងចក្រ អាចនឹងត្រូវប្រឈមនឹងបញ្ហាលំហូរសាច់ប្រាក់ ក្នុងការបើកប្រាក់ខែជូនដល់កម្មករជាក់ជាមិនខាន។
បើតាមសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ធ្លាប់បានលើកឡើងថា យ៉ាងហោចណាស់ កម្ពុជាមានតម្រូវការសាច់ប្រាក់ ក្នុងការបើកប្រាក់ខែជូនដល់កម្មករ ក្នុងមួយខែប្រមាណជាង ២០០ លានដុល្លារអាមេរិក ខណៈដែលកម្មករកម្មការិនី ដែលធ្វើការក្នុងរោងចក្រកាត់ដេរ មានប្រមាណ ៧០ ទៅ៨០ម៉ឺននាក់៕