បើតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលបានឲ្យដឹងថា បញ្ចប់ការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ចេញចូលភូមិសាស្ត្រខេត្តមួយ ទៅខេត្តមួយ និងការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស ដែលត្រូវបានសម្រេចដោយសេចក្តីសម្រេចលេខ ៤៤ សសរ ចុះថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ និងសេចក្តីសម្រេចលេខ ៥១ សសរ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល។
សម្រាប់ការធ្វើដំណើរចេញ-ចូល និងឆ្លងកាត់ភូមិសាស្ត្រនានាដែលត្រូវបានបិទខ្ទប់ ត្រូវអនុវត្តតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលស្តីពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល និងសេចក្តីសម្រេចពាក់ព័ន្ធនានារបស់រដ្ឋបាលរាជធានី ខេត្ត ដែលមានជាធរមាន។
ជាមួយគ្នានេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាក់តាមរយៈសារសំឡេងនៅថ្ងៃទី២៥ ខែមេសាដែរ ការបើកឲ្យធ្វើដំណើរនេះ គឺសម្រាប់តែការឆ្លងកាត់ពីខេត្តមួយទៅ ខេត្តមួយទៀត ប៉ុន្ដែ សម្រាប់ការបិទខ្ទប់នៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ គឺនៅតែបន្ដធ្វើដដែល។ ឯកឧត្តម ក៏បានបញ្ជាឲ្យអាជ្ញាធរបន្ដការអនុវត្តការបិទខ្ទប់ឲ្យបានខ្ចប់ខ្ជួនផងដែឬ៕