មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាបានឆ្លើយតបភ្លាមៗថា កម្ពុជាមិនទាន់មានតម្រូវការកម្លាំងពលកម្មពីក្រៅប្រទេសនៅក្នុងវិស័យសំណង់នោះឡើយ។ ហើយមកទល់នឹងពេលនេះដែរ ក៏មិនទាន់បានទទួលសំណើជាផ្លូវការក្នុងការបញ្ជូនកម្លាំងពលកម្មនៅក្នុងវិស័យសំណង់ពីប្រទេសបង់ក្លាដេសមកកាន់កម្ពុជានោះដែរ។
ពាក់ពន្ធ័ទៅនឹងបញ្ហានេះ ត្រូវបានឯកឧត្តម ហេង សួរ រដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈបានធ្វើការឆ្លើយតបយ៉ាងខ្លីនៅក្នុងសារអេឡិចត្រូនិចដូច្នេះថា៖ “យើងមិនទាន់បានទទួលសំណើផ្លូវការណាមួយពីភាគីបង់ក្លាដេសនៅឡើយ”។
ជុំវិញនឹងបញ្ហានេះដែរ មន្រ្តីជាន់ខ្ពស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់កម្ពុជាបានអះអាងថា ក្នុងអំឡុងពេលនេះ កម្ពុជាមិនទាន់មានតម្រូវការកម្លាំងពលកម្មការងារនៅក្នុងវិស័យសំណង់ពីក្រៅប្រទេសនោះឡើយ ពោលគឺកម្លាំងពលកម្មក្នុងស្រុកពេលនេះគឺអាចធានារ៉ាប់រង ដើម្បីការអភិវឌ្ឍវិស័យសំណង់ដោយខ្លួនឯងបាន។
ឯកឧត្តម ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កម្ពុជាបានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ “កម្ពុជាគឺមិនមានការខ្វះខាតទេនូវកម្លាំងពលកកម្មការងារនៅក្នុងវិស័យសំណង់ ហើយកាលៈទេសៈនេះដែរ កម្ពុជាក៏មិនចាំបាច់ត្រូវការកម្លាំងពលកម្មការងារពីបរទេសនោះដែរ”។
ឯកឧត្តមបន្តថា ជារួមគិតជាមធ្យមកម្លាំងពលកម្មដែលបំពេញការងារនៅក្នុងវិស័យសំណង់មានចន្លោះពី១៨ម៉ឺននាក់ ទៅ២០ម៉ឺននាក់ក្នុងមួយថ្ងៃ ក្នុងនោះក៏មានអ្នកបច្ចេកទេស វិស្វករក្នុងរង្វង់ជាង ៣ម៉ឺននាក់ និងស្ថាបត្យករជាង ២,៥ ម៉ឺននាក់ ពោលគឺកម្លាំងពលកម្មការងារក្នុងស្រុកអាចធានារ៉ាប់រងលើការអភិវឌ្ឍលើវីស័យសំណង់បាន។ ប៉ុន្តែទន្ទឹមនឹងនេះ យើងក៏ត្រូវការចាំបាច់នូវអ្នកជំនាញដែលមានបទពិសោធន៍ខ្ពស់ពីបណ្តាប្រទេសមួយចំនួនមកចូលរួមអភិវឌ្ឍវិស័យសំណង់នៅកម្ពុជាដែរ។
យ៉ាណាងក៏ដោយចុះកាលពីពេលថ្មីៗនេះបើតាមសារព័ត៌មាន New Age របស់ប្រទេសបង់ក្លាដេស ចុះផ្សាយថា លោក Salim Reza លេខាធិការក្រសួងសុខុមាលភាពជនបរទេស និងការងារក្រៅប្រទេសរបស់ប្រទេសបង់ក្លាដេស បាននិយាយថា ថ្មីៗនេះ មន្ត្រីស្ថានទូតបង់ក្លាដេសប្រចាំទីក្រុងបាងកក ប្រទេសថៃ បានបំពេញទស្សនកិច្ចមកប្រទេសកម្ពុជា ដើម្បីពិនិត្យមើលតម្រូវការកម្មករសំណង់បង់ក្លាដេស ។
លោក Salim Reza បានបន្តថា ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីបង់ក្លាដេស Sheikh Hasina មកកម្ពុជា កាលពីឆ្នាំ២០១៧ បានជួយត្រួសត្រាយផ្លូវសម្រាប់ការជ្រើសរើសពលករពីប្រទេសបង់ក្លាដេស។
យោងតាមសារព័ត៌មាន New Age ដដែល ក្រុមមន្ត្រីបាននិយាយថា បច្ចុប្បន្ន គេកំពុងធ្វើការរៀបចំសម្រាប់ការបញ្ជូនកម្មករសំណង់បង់ក្លាដេសមកកាន់ប្រទេសកម្ពុជា។
គួររំឭកថា កាលពីឆ្នាំ២០១៧ ក្នុងអំឡុងនៃដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីបង់ក្លាដេសនៅកម្ពុជា ប្រទេសបង់ក្លាដេស និងកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគ យល់គ្នា សម្រាប់ការផ្លាស់ប្ដូរជំនាញ និងការជ្រើសរើសពលករ មកពីប្រទេសបង់ក្លាដេស មកធ្វើការនៅកម្ពុជា។
ជាការអះអាងរបស់ ឯកឧត្តម ឡៅ ទិព្វសីហា នៅតែបញ្ជាក់ថា កម្ពុជាគឺត្រូវការតែបរទេសណាដែលមានជំនាញ និងបទពិសោធន៍ខ្ពស់មកជួយអភិវឌ្ឍវិស័យសំណង់នៅកម្ពុជាតែប៉ុណ្ណោះ ដើម្បីជាការផ្តល់ចំណេះផង និងការដកស្រង់បទពិសោធន៍គ្នាទៅវិញទៅមកផង ប៉ុន្តែឲ្យជាតម្រូវការគឺកម្ពុជាមិនមានតម្រូវការទេ។
សូមជម្រាបផងដែរថា ប្រទេសកម្ពុជា ត្រូវគេមើលឃើញថា ជាប្រទេសដែលបញ្ជូនពលករជាច្រើនលាននាក់ ទៅធ្វើការនៅក្រៅប្រទេស ដូចជា ប្រទេសថៃ កូរ៉េខាងត្បូង និងម៉ាឡេស៊ី ជាដើម ប៉ុន្តែ ដំណឹងដែលថា កម្ពុជានឹងជ្រើសរើសពលករមកពីបង់ក្លាដេស ដើម្បីឲ្យធ្វើការជាកម្មករសំណង់នៅកម្ពុជា គឺអាចជារឿងថ្មីដែលមិនធ្លាប់មានពីមុនមក៕