ការតវ៉ា​លុប​បឹង​ក្នុង​ទីក្រុង​រណប​ហ្គ្រេន​ភ្នំពេញ

ករណីលុបបឹងក្នុងទីក្រុងរណបហ្គ្រេនភ្នំពេញ៖ ក្រុមពលរដ្ឋតវ៉ា កំពុងចាំមើលការឆ្លើយតបពីក្រសួង ៣ទៀត និងក្រុមហ៊ុនពាក់ព័ន្ធ


បន្ទាប់ពីទទួលបានលិខិតពីអភិបាលរាជធានីភ្នំពេញមក តំណាងសហគមន៍ពលរដ្ឋរស់នៅក្នុងទីក្រុងរណបហ្រ្គេនភ្នំពេញ ដែលជាអ្នកតវ៉ា ជំទាស់ចំពោះគម្រោងលុបបឹង (ស្រះទឺក) ក្នុងសហគមន៍នោះ បានប្រាប់ខេមបូណូមីសថា ពលរដ្ឋក្នុងសហគមន៍ទីក្រុងរណបហ្រ្គេនភ្នំពេញទាំង១៤០នាក់ នៅរង់ចាំមើល ការឆ្លើយតបពីក្រសួង៣ទៀត ដែលខ្លួនបានដាក់លិខិតទៅកាលពីខែកញ្ញា និងក្រុមហ៊ុនពាក់ព័ន្ធ។
ពលរដ្ឋរស់នៅទីក្រុងរណបហ្គ្រេនភ្នំពេញ ជួបជុំគ្នាតវ៉ាគម្រោងលុបស្រះទឹកក្នុងទីក្រុងរណបដោយក្រុមហ៊ុន ជីបម៉ុង
ដោយ

លោក អុិន ចាន់នី តំណាង​​សហគមន៍​​ពលរដ្ឋ​រស់នៅ​​ក្នុង​ទីក្រុងរណប​ហ្គ្រេនភ្នំពេញ បានប្រាប់​សារព័ត៌មាន​ខេមបូណូមីស​នៅថ្ងៃនេះថា ទោះបីជាលិខិត​ពីសាលារាជធានី​បានចេញ​មកហើយ​ក៏ពិតមែន តែប្រជាពលរដ្ឋ​​នៅក្នុង​សហគមន៍​​​ទីក្រុងរណប​​ហ្គ្រេន​ភ្នំពេញ​​ នៅតែ​រងចាំ​មើល​ការឆ្លើយ​តប​ពីក្រសួង ៣ទៀតសិន ដែល​តំណាង​សហគមន៍​បាន​ដាក់លិខិត​ជូន​កាល​ពី​ខែកញ្ញា និងក្រុមហ៊ុនពាក់ព័ន្ធផងដែរ។

លោក អុិន ចាន់នី បានបញ្ជាក់ថា៖« បន្ទាប់ពីបាន​ទទួលលិខិត​ពីអាជ្ញាធរក្រុង ពីអភិបាល​ក្រុង​មកហ្នឹង ប្រជាពលរដ្ឋ​នៅក្នុង​សហគមន៍ហ្រ្គេន​ភ្នំពេញ​ហ្នឹង គឺបានឃើញ​ហើយ​ខ្លឹមសារហ្នឹង ប៉ុន្តែ​ដោយសារ​លិខិត​ហ្នឹងមាន​ដាក់ទៅ​ស្ថាប័ន​ជំនាញ​ជាច្រើនទៀត រួមមាន​ក្រសួង​បរិស្ថាន ក្រសួង​សេដ្ឋកិច្ច​និងហិរញ្ញវត្ថុ ជាពិសេស​ក្រសួង​ដែនដី​នគរូបនីយកម្ម យើងរងចាំចម្លើយ​របស់លោក ​ព្រោះសហគម​ន៍​ហ្រ្គេន​ភ្នំពេញ ដែលបានរស់​នៅទីនោះ​ជាង១០ឆ្នាំហើយហ្នឹង លោកច្បាស់ថា ដីលំនៅឋាន​របស់​លោក ប្រកប​ដោយ​បរិស្ថាន​ដែលលោកតែងតែ​បានទាមទារ​កន្លង​មកហ្នឹង គឺរួមមាន​ស្រះទឹក និងទីលាន​វាយកូនហ្គោល ដែលត្រូវតែ​ផ្សា​ភ្ជាប់​ជាមួយគ្នា​ដើម្បីក្លាយ​ជាបរិស្ថានល្អ»។

នៅថ្ងៃទី០២ ខែតុលានេះ ក្រុមការងារ​ខេមបូណូមីស​បានទាក់ទង​​ទៅខាង​ក្រសួងបរិស្ថាន ដើម្បីសាកសួរ​លម្អិត​​ពីការឆ្លើយ​តបរបស់​ក្រសួងបរិស្ថាន ចំពោះបញ្ហានេះ តែអ្នកនាំពាក្យ​ក្រសួង​បរិស្ថាន បានបញ្ជាក់ថា ក្រសួងបរិស្ថាន បានទទួល​លិខិត​របស់​ពលរដ្ឋ​រស់នៅ​ក្នុង​ទីក្រុងរណប​ហ្គ្រេន​ភ្នំពេញ​នោះហើយ តែក្រសួងពេល​មិនទាន់​អាចប្រាប់​លម្អិត​នោះទេ ព្រោះក្រុមការងារ​ជំនាញ​របស់ក្រសួង​កំពុង​ពិនិត្យ​មើល​លើការងារនេះ។ ចំណែក​អ្នកនាំពាក្យ​ក្រសួង​ដែនដី នគរូបនីយកម្ម និងសំណង់​វិញ ក្រុម​ការងារ​ខេមបូណូមីស​មិនទាក់ទង​បានទេ​នៅថ្ងៃនេះ ព្រោះគ្មាន​អ្នកទទួល​ទូរសព្ទ។

បើតាមការលើក​ឡើង​របស់ លោក អុិន ចាន់នី ខាងសហគមន៍​​ពលរដ្ឋ​រស់នៅ​​ក្នុង​ទីក្រុងរណប​ហ្គ្រេនភ្នំពេញ  ដូចជាមិនទាន់​បានចរចា​ជាមួយគ្នា​ជាថ្មី​ម្តងទៀត​នៅឡើយទេ ចាប់តាំងពី​មាន​ការតវ៉ា កាលពី​ថ្ងៃអាទិត្យ ទី២៧ កញ្ញា ឆ្នាំ២០២០ នោះមក។

លោកបានបន្ថែមថា «សហគមន៍សង្ឃឹមថា នឹងពិភាក្សា​ជាមួយ​នឹង​ក្រុមហ៊ុនពាក់ព័ន្ធ (ក្រុមហ៊ុន ជីប ម៉ុង និងក្រុមហ៊ុន YLP និង ក្រុមហ៊ុន Ciputra ) ដើម្បីនិយាយ​ពីការអភិវឌ្ឍ​រួមគ្នា ដើម្បីបាន​ផលប្រយោជន៍​ទាំងអស់គ្នា ទាំងសហគមន៍​ដែលប្រកប​ទៅដោយ​បរិយាកាស​ល្អ ហើយនិង​ក្រុមហ៊ុន ដែលជា​អ្នកនាំ​ឲ្យយើង​មានការរីក​ចម្រើន​ទាំងអស់គ្នា»។

ដោយឡែក នៅព្រឹកថ្ងៃនេះ ក្រុមការងារ​ខេមបូណូមីស បានទាក់ទង​ទៅខាង​ក្រុមហ៊ុន​ជីបម៉ុង ​ដើម្បី​ចង់ដឹង ថាតើ​មកដល់ពេល​នេះ ក្រុមហ៊ុន​បានជួប​ជជែក​ដោះស្រាយ​គ្នា ជាមួយអ្នករស់​នៅក្នុង​សហគមន៍​ហ្គេនភ្នំពេញ​យ៉ាងណាខ្លះ? តែខាងតំណាង​ក្រុមហ៊ុន ជីប ម៉ុង បានឆ្លើយតបថា ក្រុមហ៊ុន​នៅតែរក្សា​ជំហ​របស់ខ្លួន​ដដែល ក្នុងការអភិវឌ្ឍ​ក្នុងនាម​ជាម្ចាស់​កម្មសិទិ្ធ​ស្របច្បាប់។

តំណាង​ក្រុមហ៊ុន ជីប ម៉ុង បានបញ្ជាក់​ថា « យើងមិន​ទាន់ទាន់​ទទួល​បានការស្នើសុំ​ជួប​ពីពលរដ្ឋ​ទាំងនោះ​នៅឡើយទេ។ យើងបើក​ទូលាយ​ដល់អតិថិជន​ទាំងអស់ ដែលរស់នៅ​ក្នុង​គម្រោង​របស់​យើង ដើម្បីទទួល​បាន​ការឆ្លើយតប​មួយ ក្នុង​ធ្វើឲ្យ​ប្រសើរឡើង​នូវ​សេវាកម្ម​របស់យើង»។

តំណាង​សហគមន៍ បានបញ្ជាក់​យ៉ាងច្បាស់ថា៖«យើងដឹង​ហើយថា ដីហ្នឹង វាមាន​រូបភាព​កម្មសិទ្ធិ តាម​ទម្រង់ណា ប៉ុន្តែរឿង​សំខាន់​បំផុតនោះគឺ វិធាន​នៃការប្រើប្រាស់​ដី ដែលមាន​ចែងនៅ​ក្នុងអនុក្រឹត្យនោះ គឺជាកត្តា​សំខាន់​ណាស់ ដែលសហគមន៍​ចង់បានថា បើដីហ្នឹង​គោលដៅ​ប្រើប្រាស់​ជាបឹង គប្បី​រក្សាទុក​វានៅជាបឹង​ ហើយបើ​ដីហ្នឹង​មានគោលដៅ​ដើម​របស់វាថា ត្រូវធ្វើ​ដូច​ម្តេចហ្នឹង គឺរក្សា​ទៅតាម គោលដៅ​ដើមហ្នឹង​ នោះឯងត្រូវ​ទៅតាម​អ្វីដែលសហគមន៍​យើងចង់​ឃើញ ហើយចង់​មានការចូល​រួម​ក្នុងការ​ពិភាក្សា​អភិវឌ្ឍ ឲ្យត្រូវ​ទៅតាម​វិធានដើម»៕

None



អត្ថបទបន្ទាប់


លោកត្រាំ និង ភរិយា រកឃើញមានវិជ្ជមានកូវីដ-១៩

ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ និងភរិយា បានធ្វើតេស្ដរកឃើញវិជ្ជមានកូវីដ-១៩ បន្ទាប់ពី មានការប៉ះពាល់ជាមួយជំនួយការ ដែលមានវិជ្ជមានក…

គម្រោងសំណង់​ជិត ៣ពាន់គម្រោង តម្លៃជាង ៥ពាន់លានដុល្លារ ត្រូវបានផ្ដល់លិខិតអនុញ្ញាតសាងសង់ នៅ៨ខែ ឆ្នាំ២០២០

ក្នុងរយៈពេល ៨ខែ ដំបូងឆ្នាំ២០២០នេះ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានសម្រេចផ្តល់លិខិតអនុញ្ញាតសាងសង់ ដល់គម្រោងស្នើសុំសាងសង់ប្រមាណ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ