ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា ថ្លៃស្រូវសែនក្រអូប ដែលជាពូជយុទ្ធសាស្ត្ររបស់កម្ពុជា បានបន្តកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ហើយបច្ចុប្បន្ននេះស្រូវសើមមានតម្លៃ១៤០០៛ ក្នុងមួយគីឡូ ខណៈស្រូវ OM មានតម្លៃចន្លោះពី៨០០៛-១០០០៛ ជារៀងរាល់ខែកញ្ញានៃឆ្នាំនីមួយៗ និងបានថ្លៃខ្ពស់កាលពីឆ្នាំ២០២៣ប៉ុណ្ណោះ។ មន្រ្តីជាន់ខ្ពស់រូបនេះ បានណែនាំឱ្យកសិករខ្មែរគួរពិចារណាងាកមកប្រើប្រាស់ពូជស្រូវក្នុងស្រុកវិញទើបប្រសើរជាង ព្រោះពូជស្រូវនេះមានតម្លៃល្អ ហើយប្រសិនបើមានបញ្ហារឿងថ្លៃ ក្រសួងនឹងមានយន្តការអាចជួយអន្តរាគមន៍ភ្លាមៗបាន ដែលខុសពីការប្រើប្រាស់ពូជរបស់គេ ព្រោះបើគេមិនទិញ ឬគេបង្អាប់ទិញក្នុងតម្លៃថោក គឺកសិករគ្មានអ្វីក្រៅពីទ្រាំទទួលយកនោះទេ។
ពាក់ព័ន្ធនឹងវិស័យស្រូវអង្ករនេះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍នៅក្នុងពិធីបិទវេទិកាស្រូវអង្ករកម្ពុជា លើកទី៧ ឆ្នាំ២០២៤ ថា រាជរដ្ឋាភិបាលតែងតែផ្តល់ការយកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យស្រូវអង្ករ និងបានផ្ដល់ការលើកទឹកចិត្តគ្រប់ប្រភេទដូចជាការលើកទឹកចិត្តផ្នែកពន្ធដារដល់សហគមន៍កសិកម្ម, រោងម៉ាស៊ីនកិនស្រូវ និងការនាំចេញអង្ករ។ ទន្ទឹមនេះការនាំចូលបរិក្ខារកសិកម្ម និងគ្រឿងចក្រសម្រាប់ដំណើរការម៉ាស៊ីនកិនស្រូវ ក៏ត្រូវបានលើកលែងផងដែរ។
សម្ដេចនាយករដ្ឋមន្រ្តី បានគូសបញញជាក់ថា រដ្ឋនៅតែបន្តយកចិត្តទុកដាក់លើការកាត់បន្ថយថ្លៃដើម ដូចជាការកាត់បន្ថយថ្លៃអគ្គិសនីសម្រាប់វិស័យកសិកម្ម, រោងម៉ាស៊ីនកិនស្រូវ ដែលកិនកែច្នៃបម្រើការនាំចេញ និងសម្រាប់ផ្គត់ផ្គង់ក្នុងស្រុកផងដែរ។ ក្រៅពីកត្តាទិន្នផល កម្ពុជាបានពង្រីកវិសាលភាព និងធ្វើពិពិធកម្មទីផ្សារស្រូវអង្កររបស់ខ្លួន ដោយបានបន្តចែកចាយ និងនាំចេញទៅគោលដៅ ទីផ្សារពិភពលោកចំនួន២១២គោលដៅ លើបរិមាណប្រមាណជាង៦,៦លានតោនអង្ករ ពីឆ្នាំ ២០១០ មកដល់ឆ្នាំ ២០២៤ ដែលនេះសបញ្ជាក់ឱ្យឃើញថា ការជំរុញដោយសកម្មនៅក្នុងការធ្វើទីផ្សារអង្ករកម្ពុជា ពីសំណាក់រាជរដ្ឋាភិបាល និងវិស័យឯកជន បានទទួលជោគជ័យជាបណ្តើរៗ បើទោះបីជាប្រទេសកម្ពុជាជាប្រទេសថ្មី ហើយត្រូវប្រកួតប្រជែងជាមួយប្រទេសដែលមានបទពិសោធន៍ និងកាន់កាប់ទីផ្សារក្នុងរយៈពេលយូរឆ្នាំក៏ដោយ។
បើតាមសហព័ន្ធស្រូវអង្ករកម្ពុជា នៅក្នុងរយៈពេល៨ខែ ឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញអង្ករចំនួន១១២ពាន់តោន និងបាននាំចេញស្រូវចំនួន៣,៣លានតោន ខណៈបច្ចុប្បន្នអង្កររបស់កម្ពុជាបាននាំចេញទៅកាន់ទៅផ្សារគោលដៅចំនួន១២១ និងបានធ្វើឱ្យអន្តរជាតិទទួលស្គាល់អង្កររបស់កម្ពុជាតាមរយៈពានរង្វាន់អង្ករល្អដាច់គេជាបន្តបន្ទាប់៕
អត្ថបទ៖ បូ ដូឡា