វិស័យកសិកម្ម

ការដាំបន្លែក្នុងផ្ទះសំណាញ់ទទួលបានទិន្នផលខ្ពស់ តែបញ្ហាទីផ្សារនៅតែជាក្តីបារម្ភ


ការដាំបន្លែក្នុងផ្ទះសំណាញ់អាចអនុញ្ញាតឱ្យកសិករដាំដុះបានគ្រប់រដូវកាល និងអាចផ្តល់ផលបានច្រើនជាងដាំលើដីវាលធម្មតា។ បើតាមការអះអាងរបស់ក្រុមកសិករនៅខេត្តតាកែវ ស្ថិតក្នុងស្ថានភាពកម្តៅមានការកើនឡើងខ្លាំង ការដាំបន្លែក្នុងផ្ទះសំណាញ់ជាវិធីសាស្រ្តល្អមួយ ដ្បិតវាអាចជួយការពារផលប៉ះពាល់ផ្សេងៗ តែទោះជាយ៉ាងណាក៏ដោយកសិករនៅតែបារម្ភពីបញ្ហាទីផ្សារ។
វិស័យកសិកម្ម
ដោយ

លោក អ៊ុន អឿន ប្រធានសហគមន៍កសិកម្មទំនើបន្លែត្រាំកក់ខេត្តតាកែវ បានឱ្យដឹងថា ការដាំបន្លែក្នុងផ្ទះសំណាញ់បានផ្ដល់ឱកាសដល់លោកអាចដាំបានច្រើនដងដោយមិនចាំបាច់រង់ចាំរដូវ ពោលគឺដាំបានរហូតដល់១០ដង ក្នុង១ឆ្នាំ ដោយបានជួយបង្កើនប្រាក់ចំណូលទ្វេដងដល់រូបលោក និងកសិករឯទៀត។ ប្រធានសហគមន៍រូបនេះ បានអះអាងថា ការដាំបន្លែក្នុងផ្ទះសំណាញ់អាចបញ្ចៀសបញ្ហាផ្សេងៗបង្កឡើងដោយអាកាសធាតុ និងធម្មជាតិបានច្រើន ប៉ុន្តែលោកហាក់នៅតែបារម្ភពីបញ្ហាទីផ្សារ។

​ជាមួយគ្នានេះ លោកស្រី ឌឿក ដា សមាជិកសហគមន៍កសិកម្មទំនើបបន្លែត្រាំកក់ បានឱ្យដឹងថា ក្រោយផ្លាស់ប្ដូរពីការដាំដុះបន្លែលើដីវាលធម្មតាមកដាំបន្លែក្នុងផ្ទះសំណាញ់ក្រោមគម្រោងសហគមន៍កសិកម្មទំនើបរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួយឱ្យលោកស្រីអាចប្រមូលផលបន្លែបានច្រើនជាងមុនរហូតដល់១២ដងក្នុង១ឆ្នាំ ជាពិសេសបានជួយកាត់បន្ថយពេលវេលា និងពុំចាំបាច់ព្រួយបារម្មណ៍ពីបញ្ហាអាកាសធាតុ និងសត្វល្អិតបំផ្លាញ។ បើតាមការអះអាងរបស់លោកស្រី ឌឿក ដា ទោះបីការដាំបន្លែក្នុងផ្ទះសំណាញ់ត្រូវចំណាយដើមទុនរហូតដល់៣ពាន់ដុល្លារ លើការសាងសង់ផ្ទះសំណាញ់ក៏ដោយ តែការដាំបន្លែអាចធ្វើឡើងបានគ្រប់ស្ថានភាពនៃអាកាសធាតុ។ តែយ៉ាងណាក៏ដោយ បញ្ហាទីផ្សារនៅតែជាក្តីបារម្ភសម្រាប់កសិកររូបនេះ។

​ស្រដៀងគ្នានេះ លោកស្រី ម៉ាង អូន សមាជិកសហគមន៍កសិកម្មទំនើបន្លែត្រាំកក់ម្នាក់ដែរនោះ បានលើកឡើងថា បន្ទាប់ពីផ្លាស់ប្ដូរមកដាំបន្លែក្នុងផ្ទះសំណាញ់អាចជួយឱ្យលោកស្រីម្រមូលផលបន្លែបានចំនួន១០ដងក្នុង១ឆ្នាំ ដោយមិនចាំបាច់ខ្វាយខ្វល់ពីអាកាសធាតុនោះឡើយ ខណៈការដាំដុះលើដីវាលអាចប្រមូលផលបានតែ២ដងក្នុង១ឆ្នាំប៉ុណ្ណោះ។ បើតាមកសិកររូបនេះ ផលដំណាំបន្លែមានគុណភាពល្អ តែទីផ្សារបន្លែហាក់ឡើងចុះតាមឈ្មួញកណ្ដាលទៅវិញ។ តែយ៉ាងណា លោកស្រី លើកទឹកចិត្តឱ្យ កសិករដាំបន្លែគួរតែផ្លាស់ប្ដូរមកដាំក្នុងផ្ទះសំណាញ់វិញ ដើម្បីបង្កើនការប្រមូលផលបានច្រើនជាងមុន។

​ដោយឡែក ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា កាលពីពេលថ្មីនេះ ផ្ទះសំណាញ់ចំនួន១០០ខ្ទង់ ត្រូវបានផ្ដល់ទៅឱ្យសហគមន៍កសិកម្មទំនើប ស្ថិតនៅស្រុកត្រាំកក់ ខេត្តតាកែវ ដើម្បីបង្កើនការដាំដុះបន្លែសម្រាប់ផ្គត់ផ្គង់ទីផ្សារ និងប្រកួតប្រជែងជាមួយបន្លែនាំចូល។ បើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់រូបនេះ ការដាំបន្លែក្នុងផ្ទះសំណាញ់អាចជួយឱ្យកសិករមានស្ថិរភាពផ្នែកដាំដុះ តែយ៉ាងណាតម្រូវឱ្យកសិករមានថវិការគ្រប់គ្រាន់ក្នុងការវិនិយោគលើការសាងសង់ផ្ទះសំណាញ់។

​គួរបញ្ជាក់ថា បច្ចុប្បន្នសហគមន៍បន្លែត្រាំកក់ អាចផលិតបន្លែចម្រុះឈានដល់ការប្រមូលផលថេរក្នុងរង្វង់១,៥ ទៅដល់២តោនក្នុង១ថ្ងៃ ហើយក្រោយបន្ថែមផ្ទះសំណាញ់ចំនួន១០០ខ្នង នោះការប្រមូលផលបន្លែអាចនឹងកើនឡើងដល់ប្រមាណ៤តោន ក្នុង១ថ្ងៃ៕

អត្ថបទដោយ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


តម្លៃអង្ករនៅជប៉ុន កើនឡើង ខណៈតម្លៃអង្ករនៅប្រទេសមួយចំនួនធ្លាក់ថ្លៃខ្លាំង តើមកពីមូលហេតុអ្វី?

ប្រជាជនជប៉ុន នៅតែបន្តទិញអង្ករកាន់តែច្រើន បើទោះជាតម្លៃអង្ករនៅក្នុងប្រទេសនេះ បានកើនឡើងខ្ពស់យ៉ាងណាក៏ដោយ។ ស្របពេលតម្លៃអង្ករនៅជប៉ុន កំពុងហក់ឡ…

ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាជួយគាំទ្រការធ្វើពិពិធកម្មសេដ្ឋកិច្ច និងអភិវឌ្ឍវិស័យឯកជនរបស់កម្ពុជា

ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបញ្ជាក់សាជាថ្មីពីភាពជាដៃគូដ៏រឹងមាំរបស់ខ្លួនជាមួយកម្ពុជា និងបានប្តេជ្ញាជួយគាំទ្រការធ្វើពិពិធកម្មសេដ្ឋ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ