លោក វីតៃ រតនាខណ បានមានប្រសាសន៍ថា វិធានការនេះ គឺស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយផលប៉ះពាល់ដ៏យូរនៃជំងឺរាតត្បាតកូវីដ១៩ ទៅលើបុគ្គលដែលមានចំណូលទាប។
ជាមួយការផ្ដល់កម្ចីការប្រាក់ទាបពីធនាគាររដ្ឋ GSB របស់ថៃ នឹងជួយឲ្យអតិថិជនអាចខ្ចីប្រាក់រហូតដល់ជិត ៣០០ដុល្លារ ជាមួយនឹងអត្រាការប្រាក់ប្រចាំខែ ០,៣៥% ។ កន្លងមក ធនាគារក៏បានផ្តល់កញ្ចប់កម្ចីស្រដៀងគ្នានេះក្នុងឆ្នាំ ២០២០-២០២១ អំឡុងពេលបិទខ្ទប់ប្រទេសផងដែរ។
ក្រៅតែពីការប្រាក់ទាបហើយ អ្នកខ្ចីប្រាក់មិនតម្រូវឱ្យមានអ្នកធានា ឬវត្ថុបញ្ចាំទេអ្វីឡើយ ហើយវាក៏ផ្តល់នូវរយៈពេលអនុគ្រោះលើការទូទាត់ប្រាក់ដើម និងការប្រាក់សម្រាប់រយៈពេលប្រាំមួយខែផងដែរ។ តែរយៈពេលសងត្រលប់មកវិញ គឺមានរយៈពេលពីរឆ្នាំ។
កាលពីឆ្នាំមុន ធនាគាររដ្ឋថៃ GSB បានដាក់ចេញនូវវិធានការហិរញ្ញវត្ថុចំនួន ៣៦ លើកដែលមានតម្លៃសរុបជិត ៣៥៧លានដុល្លារ ដើម្បីជួយអតិថិជនដែលកំពុងជួបការលំបាកពីផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ១៩។ គំនិតផ្តួចផ្តើមនេះ បានគ្របដណ្តប់លើអ្នកខ្ចីចំនួន ១១លាន ៦សែននាក់។
គិតត្រឹមខែធ្នូ ឆ្នាំ ២០២១ ធនាគារ GSB មានទ្រព្យសកម្មសរុបចំនួន ៩០ ពាន់លានដុល្លារ ខណៈប្រាក់បញ្ញើមានចំនួនជាង ៧៦ពាន់លានដុល្លារ និងប្រាក់កម្ចីដែលអតិថិជនត្រូវសងវិញមានចំនួនជាង ៦៧ពាន់លានដុល្លារ។ កាលពីឆ្នាំមុន ប្រាក់កម្ចីថ្មីរបស់ធនាគារនេះមានចំនួនជាង ១៧ពាន់លានដុល្លារ ហើយប្រាក់កម្ចីមិនដំណើរការមានចំនួន ២,៥% នៃចំនួនសរុប។
គួរជម្រាបថា ការិយាល័យគោលនយោបាយសារពើពន្ធប្រទេសថៃបានព្យាករថា កំណើនសេដ្ឋកិច្ចថៃមានក្នុងរង្វង់ពី ៣,៥% ទៅ ៤,៥% នៅឆ្នាំ២០២២នេះ ខណៈកំណើនជាមធ្យមនឹងមានក្នុងរង្វង់ ៤%៕
អត្ថបទ ស៊ើង និមល់