ជាក់ស្តែងបើតាមការអះអាងរបស់មន្រ្តី និងថ្នាក់ដឹកនាំមន្ទីរទេសចរណ៍នៅតាមខេត្តគោលដៅទេសចរណ៍មួយចំនួន គិតមកដល់ពេលនេះ ការកក់សណ្ឋាគារ និងផ្ទះសំណាក់ពីភ្ញៀវទេសចរអាចមានចន្លោះពី៤០% ទៅ៥០% ប៉ុណ្ណោះ។
ក៏ប៉ុន្តែ បើទោះជាបែបនេះក្ដី ក្រុមមន្រ្តីទេសចរណ៍ទាំងនេះរំពឹងថា នៅក្នុងពិធីបុណ្យចូលឆ្នាំចិនឆ្នាំនេះនឹងមានភ្ញៀវទេសចរដើរកម្សាន្តច្រើន ពិសេសភ្ញៀវទេសចរផ្ទៃក្នុងដែលជាប់សែស្រឡាយចិនតែម្ដង។
លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ ខេត្តព្រះសីហនុ បានគូសបញ្ជាក់ប្រាប់សារព័ត៌មានខេមបូណូមីសថា គិតមកដល់ពេលនេះ ខេត្តព្រះសីហនុ ទទួលបានការកក់សណ្ឋាគារ ផ្ទះសំណាក់ត្រឹមប្រមាណ៤០% ទៅ ៥០% ប៉ុណ្ណោះ។
បើតាមប្រធានមន្ទីរទេសចរណ៍រូបនេះ ទោះបីចរន្តទេសចរបរទេសចូលមកកម្សាន្តនៅខេត្តព្រះសីហនុបច្ចុប្បន្នហាក់មានការកើនឡើងបើធៀបទៅនឹងអំឡុងពេលមានការរីករាលដាលនៃជំងឺកូវីដ-១៩ ប៉ុន្តែចំនួននេះហាក់នៅមានកម្រិតនៅឡើយ។ ជាការកត់សម្គាល់របស់ប្រធានមន្ទីរទេសចរណ៍រូបនេះ ភ្ញៀវទេសចរអន្តរជាតិចូលមកកម្សាន្តនៅខេត្តជាប់មាត់សមុទ្រនេះភាគច្រើនតាមផ្លូវទឹក ខណៈតាមផ្លូវអាកាសនៅមានចំនួនតិចតួចនៅឡើយ។
កត្តានេះធ្វើឱ្យលោក មិនទាន់អាចសន្និដ្ឋានបាននៅឡើយទេថា ក្នុងឱកាសបុណ្យចូលឆ្នាំចិនឆ្នាំនេះ ខេត្តព្រះសីហនុនឹងអាចទទួលបានភ្ញៀវទេសចរបរទេសបន្ថែម ឬយ៉ាងណានោះទេ។
ដោយឡែក លោក សោម ចិន្ថា ប្រធានមន្ទីរទេសចរណ៍ ខេត្តកែប រំពឹងថា នឹងមានភ្ញៀវទេសចរច្រើនធ្វើដំណើរកម្សាន្តមកកាន់ខេត្តកែបនាពិធីបុណ្យចូលឆ្នាំប្រពៃណីចិនឆ្នាំនេះ ក្រោយខេត្តនេះទទួលបានភ្ញៀវទេសចរមកកម្សាន្តរៀងរាល់សប្តាហ៍ប្រមាណ១ម៉ឺននាក់ក្នុងមួយសប្តាហ៍។
លើសពីនេះ បច្ចុប្បន្ន រដ្ឋបាលខេត្តកែប បានជួសជុល និងកែលម្អនូវហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដែលជាគោលដៅទេសចរណ៍ទាំងផ្លូវថ្នល់ និងតំបន់រមណីយដ្ឋាននានា ដែលកាន់តែអាចស្រូបទាញភ្ញៀវទេសចរបន្ថែមឲ្យមកកម្សាន្តនៅក្នុងខេត្តមួយនេះ។ ពាក់ព័ន្ធស្ថានភាពការកក់សណ្ឋាគារ និងផ្ទះសំណាក់ ពីភ្ញៀវទេសចរក្នុងខេត្តកែបវិញ ត្រូវបានលោក សោម ចិន្ថា អះអាងថា ខេត្តទទួលបានការកក់ប្រមាណពី៦០% ទៅ៧០%ហើយ។
យ៉ាងណាក៏ដោយឯកឧត្តម តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍កត់សម្គាល់ឃើញថា ជារៀងរាល់ឆ្នាំនាឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន កម្ពុជាតែងតែមានភ្ញៀវទេសចរជាតិ និងអន្តរជាតិដើរកម្សាន្តនៅតាមតំបន់រមណីយដ្ឋានានា ដែលកត្តានេះធ្វើឱ្យឯកឧត្តមរំពឹងថា ឆ្នាំនេះនឹងមានភ្ញៀវទេសចរចេញដើរលេងកម្សាន្តច្រើននៅក្នុងពិធីបុណ្យចូលឆ្នាំចិនឆ្នាំនេះ។
សម្រាប់ឯកឧត្តម ទោះបីពិធីបុណ្យចូលឆ្នាំចិន មិនមែនជាប្រពៃណីរបស់កម្ពុជា ប៉ុន្តែបច្ចុប្បន្នពិធីបុណ្យនេះបានក្លាយជាប្រពៃណីមួយទៅហើយសម្រាប់ពលរដ្ឋខ្មែរ ដែលជាប់សែស្រឡាយចិន។ យ៉ាងណាមិញមន្រ្តីជាន់ខ្ពស់រូបនេះរំពឹងថា ពិធីបុណ្យចូលឆ្នាំចិនឆ្នាំនេះ នឹងចូលរួចចំណែកជួយស្ដារ និងលើកស្ទួយវិស័យទេសចរណ៍នៅកម្ពុជាឲ្យកាន់តែប្រសើរ ពិសេសនឹងចូលរួមចំណែកជួយលើកកម្ពស់សេដ្ឋកិច្ចរបស់កម្ពុជាតែម្តង។
សូមបញ្ជាក់ថា នៅរយៈពេលពេញមួយឆ្នាំ២០២៣ កម្ពុជាទទួលបានទេសចរបរទេសចំនួនជាង៥លាន៤សែននាក់ កើនឡើងជិត១៤០% បើធៀបទៅនឹងឆ្នាំ២០២២ ខណៈចំនួនប្រជាពលរដ្ឋកម្ពុជាដែលចេញក្រៅប្រទេសមានជាង១លាន៨សែននាក់។ ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិទាំងនេះ ភ្ញៀវទេសចរមកពីប្រទេសថៃស្ថិតក្នុងចំណាត់ថ្នាក់ខ្ពស់ជាងគេដោយមានជាង១លាន៨សែននាក់, ទេសចរវៀតណាមមានជាង១លាននាក់ និងទេសចរចិនជាង៥៤ម៉ឺននាក់។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍៕