 
      លទ្ធផលស្ទង់មតិដែលបានចេញផ្សាយកាលពីថ្ងៃអង្គារទី២៦មេសា ដោយអង្គការមូលនិធិមតិសាធារណៈរបស់តៃវ៉ាន់បង្ហាញថា ជិត៥៤%នៃអ្នកដែលបានចូលរួមស្ទង់មតិ មិនជឿទាំងស្រុងទេថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននឹងមកការពារកោះតៃវ៉ាន់ដោយផ្ទាល់ បើសិនជាប៉េកាំចូលលុកលុយ។ ចំនួននេះកើនឡើងពីជិត ២៩% ពីការស្ទង់មតិកាលពីខែតុលាឆ្នាំមុន ពោលគឺនៅ៤ខែមុនការចូលឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែន។
គួរបញ្ជាក់ផងដែរថា មានពលរដ្ឋតៃវ៉ាន់ប្រមាណ ៣៦%នៃអ្នកដែលបានធ្វើការស្ទង់មតិប៉ុណ្ណោះ ដែលបង្ហាញការជឿជាក់ថា កងកម្លាំងអាមេរិកនឹងត្រូវបានបញ្ជូនមក ដើម្បីការពារកោះមួយនេះ។ នៅក្នុងការស្ទង់មតិដែលបានធ្វើឡើងកាលពីសប្តាហ៍មុនដដែលនេះ ក៏បានបង្ហាញដែរថា មានពលរដ្ឋតៃវ៉ាន់ជិត ៣៩% ជឿថា ទីក្រុងប៉េកាំងនឹងឈ្លានពានតៃវ៉ាន់។
ក្រុមអ្នកឃ្លាំមើល និងស្រាវជ្រាវការវិវត្តនៃស្ថានការណ៍អន្តរជាតិ បាននិយាយថា ការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន គឺជាហេតុផលដ៏ធំបំផុត ដែលធ្វើឲ្យពលរដ្ឋតៃវ៉ាន់បាត់បង់ទំនុកចិត្តលើសហរដ្ឋអាមេរិក។ ប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន បានច្រានចោលការបញ្ជូនកងទ័ពទៅកាន់ប្រទេសអ៊ុយក្រែន ដែលនេះបានចោទជាសំណួរពីកោះតៃវ៉ាន់ឡើងថា តើទីក្រុងវ៉ាស៊ីនតោននឹងឆ្លើយដូចគ្នាដែរឬទេ ប្រសិនបើទីក្រុងប៉េកាំងពិតជាឈ្លានពានក្រុងតៃប៉ិដូចដែលរុស្ស៊ីធ្វើលើអ៊ុយក្រែន។
សូមជម្រាបថា សហរដ្ឋអាមេរិកបានរក្សាគោលនយោបាយជាយុទ្ធសាស្ត្រ តែមិនច្បាស់លាស់បែបនេះជាមួយកោះតៃវ៉ាន់អស់ពេលជាយូរយារមកហើយ ទាក់ទងទៅនឹង ថាតើខ្លួននឹងការពារក្រុងតៃប៉ិប្រឆាំងនឹងការឈ្លានពានណាមួយដែរឬទេ។ សន្ធិសញ្ញាទំនាក់ទំនងតៃវ៉ាន់ឆ្នាំ១៩៧៩ អនុញ្ញាតឲ្យមានការលក់អាវុធ និងទម្រង់នៃការគាំទ្រផ្នែកយោធាផ្សេងទៀត ប៉ុន្តែក្រុងវ៉ាស៊ីនតោនមិនមានកាតព្វកិច្ច អន្តរាគមផ្នែកយោធានោះទេ ប្រសិនបើកោះមួយនេះត្រូវបានវាយប្រហារ។
ភាពតានតឹងត្រីភាគីនៅច្រកសមុទ្រតៃវ៉ាន់នៅតែបន្ដក្ដៅ ទោះពិភពលោកងាកក្រសែភ្នែកទៅសង្គ្រាមនៅអ៊ុយក្រែនក្ដី។
ជាក់ស្ដែង នាវាពិឃាតអាមេរិក យូអេសអេស សាមសុន(USS Sampson) បានបើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ជាថ្មីម្តងទៀតហើយកាលពីថ្ងៃអង្គារទី២៦មេសា។
យោធាចិននៅថ្ងៃពុធទី២៧មេសា បានថ្កោលទោសសហរដ្ឋអាមេរិក បន្ទាប់ពីនាវាចម្បាំងរបស់ខ្លួនបានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ដែលជាផ្លូវនាវាចរដ៏រសើប ដោយចោទប្រកាន់ថា សកម្មភាពបែបនេះ ជាចេតនា ធ្វើឱ្យប៉ះពាល់ដល់សន្តិភាពនិងស្ថិរភាពតំបន់។
យោធាអាមេរិកបានចេញមកឆ្លើយតបវិញភ្លាមៗដោយលើកឡើងថា ការឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ គឺជាទម្លាប់នៃកងទ័ពអាមេរិក ស្របទៅតាមច្បាប់អន្តរជាតិ ក្នុងដែនទឹកអន្តរជាតិ។
គួរបញ្ជាក់ដែរថា សហរដ្ឋអាមេរិកបាននិងកំពុងធ្វើនាវាចរណ៍បែបនេះ ប្រហែលមួយខែម្តង ដែលសកម្មភាពនេះ បានដុតកំហឹងក្រុងប៉េកាំងយ៉ាងខ្លាំង។ ចិនចាត់ទុកវាជាសញ្ញានៃការគាំទ្រដល់កោះតៃវ៉ាន់។ កោះតៃវ៉ាន់ ដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ ប៉ុន្ដែប៉េកាំងតែងចាត់ទុកកោះមួយនេះ ថាជាផ្នែកមួយនៃទឹកដីរបស់ខ្លួន និងគ្មានថ្ងៃកាត់ផ្ដាច់ពីចិនបានឡើយ។
សហរដ្ឋអាមេរិក ក៏ដូចជាប្រទេសភាគច្រើនទៀតដែរ មិនមានទំនាក់ទំនងការទូតផ្លូវការជាមួយតៃវ៉ាន់ទេ ប៉ុន្តែអាមេរិកគឺជាខ្នងបង្អែកដ៏ក្រាស់ និងជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់សម្រាប់តៃវ៉ាន់។ ទង្វើទាំងនេះហើយ ជាប្រភពនៃភាពតានតឹងឥតឈប់ឈរ មើលមុខគ្នាមិនត្រង់ រវាងរដ្ឋអំណាចលោកស៊ី ជីនពីង និងរដ្ឋការលោកចូ បៃឌិន៕
 
              
              
             
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
              