វិស័យSMEបានរួមចំណែកជាង៦០% នៃGDP

ឯកឧត្តម វង្សី វិស្សុតអះអាងថា វិស័យ SME រួមចំណែកជាង៦០% នៃ GDP


ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានអះអាងថា វិស័យសហគ្រាសខ្នាតតូច និងមធ្យម (SME) បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការជំរុញកំណើនសេដ្ឋកិច្ច ពោលគឺវិស័យនេះ រួមចំណែកប្រមាណ៦០% នៃផលិតផលក្នុងស្រុកសរុប ព្រមទាំងបានបង្កើតការងារប្រមាណ ៧០% នៅក្នុងសេដ្ឋកិច្ចជាតិផងដែរ។ បើទោះជាបែបនេះក្ដី ក្រសួងសេដ្ឋកិច្ចទទួលស្គាល់ថា វិស័យ SME នៅជួបប្រទះនូវបញ្ហាប្រឈមមួយចំនួននៅឡើយ ដែលទាមទារឲ្យក្រសួងពាក់ព័ន្ធរួមគ្នាដោះស្រាយបន្ថែមទៀត ជាពិសេសទាក់ទងនឹងខ្សែចង្វាក់ផលិតកម្ម តែម្ដង។
ឯកឧត្តម វង្សី វិស្សុតអះអាងថា វិស័យ SME រួមចំណែកជាង៦០% នៃ GDP

ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញនូវសក្ដានុពល និងភាពរីកចម្រើនគួរឲ្យកត់សម្គាល់នៃវិស័យសហគ្រាសខ្នាតតូច និងមធ្យមនៅកម្ពុជា។ ឯកឧត្តមបានគូសបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅតែចាត់ទុក និងយកចិត្តទុកដាក់ខ្ពស់ ចំពោះវិស័យសហគ្រាសខ្នាតតូច និងមធ្យម ខណៈវិស័យនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ។ បើតាមឯកឧត្តម វង្សី វិស្សុត ក្នុងមួយឆ្នាំៗ វិស័យ SME បានចំណែកប្រមាណជាង ៦០%នៃផលិតផលក្នុងស្រុកសរុប ថែមទាំងបានបង្កើតការងាររហូតប្រមាណ ៧០% ឯណោះ នៅក្នុងសេដ្ឋកិច្ចជាតិ។ លើសពីនោះ វិស័យ SME ក៏បានចូលរួមបង់ពន្ធដែលជាប្រភពថវិការដ្ឋប្រមាណ ១៥% នៃចំណូលពន្ធដារក្នុងមួយឆ្នាំៗ និងមានចំណែកប្រមាណ ១០% ក្នុងការនាំចេញទំនិញកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិថែមទៀតផង។

មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចរូបនេះ បានកត់សម្គាល់ឃើញថា ទន្ទឹមនឹងភាពរីកចម្រើន និងរួមចំណែកយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចជាតិ វិស័យ SME នៅកម្ពុជា ក៏នៅមានជួបប្រទះនូវបញ្ហាប្រឈមមួយចំនួននៅឡើយ។ ឯកឧត្តម វង្សី វិស្សុត បានគូសបញ្ជាក់ទៀតថា ក្នុងស្ថានភាពបច្ចុប្បន្ននេះ ការបង្កើតសហគ្រិនភាព ដែលជាកត្តាជំរុញដល់វិស័យ SME គឺមិនអាចរីកចម្រើនតាមយថាហេតុបានទេ។ ក្នុងន័យនេះ ឯកឧត្តមបញ្ជាក់ថា ការអភិវឌ្ឍសហគ្រិនភាព ឬការកសាងសហគ្រិននៅកម្ពុជា ទាមទារឱ្យមានការជួយពីរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធ ដោយសារនៅកម្ពុជា មានលក្ខខណ្ឌមួយចំនួនដែលមិនបង្កឱ្យសហគ្រិនភាពអាចរីកលូតលាស់ ដោយយថាហេតុបាននោះទេ។ លើសពីនេះ វប្បធម៌សហគ្រិនភាពនៅក្នុងប្រទេសកម្ពុជា នៅមានកម្រិតនៅឡើយ មានន័យថា ស្ថាប័នដែលមានតួនាទីផ្តល់មុខងារគាំទ្រការអភិវឌ្ឍរបស់ SME គឺនៅទន់ខ្សោយ។ កត្តាទាំងអស់នេះ ត្រូវតែរួមគ្នាពង្រឹង ដើម្បីជំរុញឱ្យវិស័យ SME មានការចាំបាច់ ទាំងក្នុងការដោះស្រាយបញ្ហាសេដ្ឋកិច្ច ការងារ និងបញ្ហាសង្គម។

សូមបញ្ជាក់ថា ស្ថិតក្នុងវិបត្តិរាតត្បាតនៃជំងឺកូវីដ១៩ វិស័យ SME បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ហើយដើម្បីដោះស្រាយនូវបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជា បានទម្លាក់ថវិកាជាបន្តបន្ទាប់ ជាពិសេសវិស័យទេសចរណ៍តែម្ដង។ ជាក់ស្ដែង គិតត្រឹមថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ មានអាជីវកម្មស្ថិតក្នុងវិស័យទេសចរណ៍ចំនួន ៣៤៦ ដែលទទួលបានហិរញ្ញប្បទាន ពីគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ ជាមួយទំហំហិរញ្ញប្បទានជាង ៥៣លានដុល្លារអាមេរិក ឬស្មើនឹងជាង ៣៥% នៃគម្រោងទុនកម្ចីសរុប ១៥០លានដុល្លារអាមេរិក៕




អត្ថបទបន្ទាប់


សហគ្រិនខ្មែររៀបចំ«ថ្ងៃបណ្តាញទំនាក់ទំនងប្រព័ន្ធអេកូឡូស៊ី» ដើម្បីកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពឲ្យកាន់តែរឹងមាំ

សហគ្រិនខ្មែរ ជាស្ថាប័នបង្កើតឡើងដោយ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំ "ថ្ងៃបណ្តាញទំនាក់ទំនងប្រព័ន្ធអេកូឡូស៊ី" នៅសណ្ឋាគារ ហៃយ៉ាត់រីជិន…

ផ្សារទំនើបធំមួយតម្លៃជាង ១៤លានដុល្លារ នឹងបើកការដ្ឋានសាងសង់នៅក្នុងខេត្តព្រះសីហនុឆាប់ៗនេះ

មន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលខេត្តព្រះសីហនុបានគូសបញ្ជាក់ថា មានក្រុមហ៊ុនចិនមួយគ្រោងបោះទុនវិនិយោគប្រមាណ១៤លានដុល្លារអាមេរិក បង្កើតផ្សារទំនើបធំជា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ