អភិបាលក្រុងញូវយ៉ក បានព្រមានអំពីទឹកជំនន់អាចគំរាមកំហែងដល់អាយុជីវិត និងបានប្រកាសភាពអាសន្នសម្រាប់ទីក្រុងញូវយ៉ក និងផ្នែកខ្លះនៅជុំវិញ។ កងឆ្មាំអាមេរិកមួយចំនួនត្រូវបានដាក់ពង្រាយ ដើម្បីជួយក្នុងការឆ្លើយតប។
នៅ Mamaroneck ជាយក្រុង Westchester County ភាគខាងជើងនៃទីក្រុងញូវយ៉កមន្ត្រីសង្គ្រោះបន្ទាន់បានប្រើក្បូនបណ្តែតទឹក ដើម្បីជួយសង្គ្រោះមនុស្សដែលជាប់នៅក្នុងអគារដោយទឹកជំនន់។
យោងតាមទីភ្នាក់ងារដឹកជញ្ជូន Metropolitan បានឱ្យដឹងថា ទឹកជំនន់បណ្តាលឱ្យមានការរំខានយ៉ាងខ្លាំង ដល់ប្រព័ន្ធរថភ្លើងក្រោមដីរបស់ទីក្រុងញូវយ៉ក និងសេវាផ្លូវដែក Metro North។ ខ្សែរថភ្លើងក្រោមដីមួយចំនួនត្រូវបានផ្អាកទាំងស្រុង ហើយស្ថានីយជាច្រើនត្រូវបានបិទ។ ផ្លូវឡានក្រុងមួយចំនួនបានបន្ថយល្បឿន។ អាជ្ញាធរញូវយ៉ក បានព្រមានប្រជាជនញូវយ៉កមួយចំនួនឱ្យជៀសវាងការធ្វើដំណើរ លុះត្រាតែពួកគេគេចចេញពីតំបន់ទឹកជំនន់។
យោងតាមលោក Dominic Ramunni អ្នកព្យាករសេវាកម្មអាកាសធាតុជាតិ បាននិយាយថា គិតត្រឹមថ្ងៃសុក្រ កម្ពស់ទឹកភ្លៀងបានឡើងដល់ជិត៤០សង់ទីម៉ែត្រ ធៀបនឹងកម្ពស់ខ្ពស់បំផុតដែលបានកត់ត្រាក្នុងឆ្នាំ១៨៨២ ដែលមានជាង៤២សង់ទីម៉ែត្រ។ ការិយាល័យអាកាសធាតុជាតិ នៃទីក្រុងញូវយ៉ក បាននិយាយថា អាកាសយានដ្ឋានអន្តរជាតិ John F. Kennedy របស់ទីក្រុងទទួលរងនូវភ្លៀងធ្លាក់ខ្លាំងបំផុត។
ទោះបីជាមានការព្រមានក៏ដោយ សាលារដ្ឋក្នុងទីក្រុង បានបើកដំណើរការធម្មតា។ អគារមួយចំនួនបានរងគ្រោះទឹកជំនន់ ប៉ុន្តែមិនមានប្រតិបត្តិការណាមួយរងផលប៉ះពាល់ទេ។ អភិបាលក្រុងញូវយ៉កបានបន្ថែមថា លោកស្រីបាននិយាយទៅកាន់សេតវិមាន និងមេដឹកនាំព្រឹទ្ធសភាលោក Chuck Schumer អំពីលទ្ធភាពរៀបចំការប្រកាសអាសន្នសហព័ន្ធអំពីគ្រោះមហន្តរាយប្រសិនបើចាំបាច់៕