អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា សាងសង់រោងចក្រថាមពលជីវម៉ាសធំទីមួយនៅកម្ពុជា ដោយសហការជាមួយក្រុមហ៊ុន BECIS ដើម្បីសម្រេចបានការប្រើថាមពលកម្តៅកកើតឡើងវិញ ១០០%


ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា និងក្រុមហ៊ុន BECIS នាថ្ងៃនេះ (ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១) បានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់រោងចក្រថាមពលជីវម៉ាសដ៏ធំដំបូងបំផុតនៅកម្ពុជា ដើម្បីផលិតថាមពលកម្ដៅសម្រាប់ប្រើប្រាស់នៅរោងចក្រផលិតស្រាបៀររបស់ខ្លួនក្នុងរាជធានីភ្នំពេញ។
ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា សាងសង់រោងចក្រថាមពលជីវម៉ាសធំទីមួយនៅកម្ពុជា ដោយសហការជាមួយក្រុមហ៊ុន BECIS ដើម្បីសម្រេចបានការប្រើថាមពលកម្តៅកកើតឡើងវិញ ១០០%
ដោយ

ឯកឧត្ដម​ សៅ សុភាព រដ្ឋ​លេខាធិការ​ក្រសួង​បរិស្ថាន​កម្ពុជា បាន​ធ្វើជា​អធិបតី​ក្នុង​ពិធី​បញ្ចុះ​បឋមសិលា​នេះ​ ដែល​ត្រូវបាន​រៀបចំ​ឡើង​នៅ​ទល់​មុខ​រោង​ចក្ររបស់​​ក្រុមហ៊ុន​ស្រាបៀរ ហ៊ិននីគែន តាម​បណ្តោយ​​វិថី​ស្រាបៀរ​ថៃហ្គ័រ ភូមិ​របោះអង្កាញ់ សង្កាត់​ព្រែកឯក ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ កម្ពុជា​​។

កម្មវិធី​បញ្ចុះ​បឋមសិលា​សាងសង់​​រោងចក្រ​ថាមពល​ជីវម៉ាស​នេះ មាន​ការ​ចូលរួម​ពី​តំណាង​មក​ពី​ក្រសួង​រ៉ែ និងថាមពល អាជ្ញាធរ​ដែនដី  សមាគមអាជីវកម្ម ក៏ដូចជា​ដៃគូ​ជំនួញ និង​​សារព័ត៌មាន​ជា​ច្រើន​ទៀត​។

រោង​ចក្រ​នេះ​ដែល​ត្រូវបានសាងសង់​ដោយ​ក្រុមហ៊ុន BECIS វិនិយោគ​​ទឹក​ប្រាក់​ចំនួន​ ៥,៨​លាន​ដុល្លារ​អាមេរិក និង​គ្រោង​ចំណាយ​ពេល​ ៧ខែ​​ដើម្បី​បញ្ចប់ការសាង​សង់។ រោងចក្រ​ថាមពល​ជីវម៉ាសនេះ​នឹង​ដុត​អង្កាម ដែល​នឹង​យក​មក​ពី​ខេត្ត​ព្រៃវែង។ រោងចក្រ​នេះ​នឹង​បង្កើត​ជា​ចំហាយ​ទឹក​ ដើម្បី​ផ្គត់​ផ្គង់​ថាមពល​កម្ដៅ​សម្រាប់​ប្រើ​ប្រាស់​ផ្ដាច់​មុខ​នៅ​រោងចក្រផលិត​​ស្រាបៀរ​របស់​ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា នៅ​រាជធានី​ភ្នំពេញ។

គម្រោង​ថាមពល​នេះ​នឹង​បង្កើត​ការងារ​ដល់ប្រជាជនចំនួន ៥០​នាក់ ហើយ​រំពឹងថា​​​នឹង​ផ្ដល់​អត្ថប្រយោជន៍​​ដល់​អ្នក​ប្រកប​អាជីវកម្ម​ស្រូវ​អង្ករ ដូចជា រោង​ម៉ាស៊ីន​កិនស្រូវ និង​ប្រជាកសិករជា​ដើម​តាមរយៈ​ការ​​ជួយ​​បង្កើត​តម្លៃ​បន្ថែម​​​ដល់​ទីផ្សារ​របស់ពួកគេ​។

ឯកឧត្ដម​ សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថានបាន​មាន​ប្រសាសន៍ថា៖ «​យើងសូម​អរគុណ​យ៉ាង​ខ្លាំង​ដល់​​ក្រុមហ៊ុន​ហ៊ិននីគែន ខេមបូឌា ចំពោះ​​​ការ​ប្ដេជ្ញា​ចិត្ដ​ចំពោះ​កម្ពុជា និង​​ការ​ឈាន​មុខ​គេ​ក្នុង​គំនិត​​​ផ្ដួចផ្ដើម​ដើម្បីរួមគ្នា​​ដោះស្រាយ​បញ្ហា​បម្រែបម្រួល​អាកាស​ធាតុ​។ ក្នុង​នាមជា​ក្រុមហ៊ុន​អន្ដរជាតិ​ឈាន​មុខ​មួយ ដែល​​បាន​ប្តេជ្ញាចិត្ត​ទៅនឹង​ការ​ «ចូលរួមអភិវឌ្ឍពិភពលោកដ៏ល្អប្រសើរ» ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា កំពុង​ចូលរួម​ចំណែកយ៉ាង​សកម្ម​​ក្នុង​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​នៅ​កម្ពុជា​»។

តាមរ​យៈ​ការផ្លាស់​ប្ដូរ​មក​ប្រើ​ប្រាស់​ថាមពល​ជីវម៉ាសវិញ​នេះ​ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា រំពឹង​ថា​នឹង​អាច​សន្សំ​សំចៃ​ឧស្ម័ន​កាបូន​បាន​ ១៧.០០០​តោន​ក្នុង​មួយ​ឆ្នាំ​។ រោងចក្រ​ថាមពល​ជីវម៉ាស​នេះ នឹង​អាចជួយ​​ឱ្យ​រោងចក្រ​ផលិត​ស្រាបៀរក្រុមហ៊ុន ហ៊ិននីគែន​ប្រើ​ប្រាស់​ថាមពល​កម្ដៅ​កកើត​ឡើង​វិញ​ ១០០​ភាគ​រយ និង​កាត់​បន្ថយ​ការ​បញ្ចេញ​កាបូន​របស់​ក្រុមហ៊ុន​នៅក្នុង​​ផលិតកម្ម​​បាន ៦០%។ គម្រោង​នេះ​ក៏​នឹង​​ជួយ​បន្ថែម​ដល់​គោល​បំណង​របស់​កម្ពុជា​​​ក្នុង​ការ​សម្រេច​​​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​របស់​​អង្គការ​សហប្រជាជាតិ​​ផងដែរ។

លោកស្រី អេននី អូលីវីយែ នាយក​ផ្នែក​កិច្ចការ​សហគ្រាស​របស់​ក្រុមហ៊ុន​ ហ៊ិននីគែន ខេមបូឌា បាន​ថ្លែង​ថា​៖ «​ការ​ប្ដេជ្ញា​របស់​យើង​ចំពោះ​និរន្តរភាព​​មិន​មែន​ជា​រឿង​ថ្មី​ឡើយ​។ “ចូល​រួម​អភិវឌ្ឍ​កម្ពុជា​ដ៏ល្អ​ប្រសើរ” ដែល​ជា​មហិច្ឆិតា​អភិវឌ្ឍដោយ​​ចីរភាព​របស់​យើង បាន​ក្លាយ​ជាផ្នែក​មួយ​នៃ​​វប្បធម៌​​​​ក្រុមហ៊ុន​របស់​យើង​សម្រាប់​រយៈពេល​វែង​រួចទៅ​​​​ហើយ។ រយៈ​ពេល​មួយ​ទសវត្សរ៍​ចុង​ក្រោយ​នេះ​ យើង​បាន​និង​កំពុង​​ផ្ដោត​លើ​ប្រសិទ្ធភាព​ថាមពល​និង​បាន​ចាប់ផ្ដើម​ប្រើ​ប្រាស់​ថាមពល​កកើតឡើងវិញ​ ដូចជា​ជីវម៉ាសជា​ដើម​​។ តាំងពី​ឆ្នាំ​២០១៣​មក យើង​បាន​កាត់​បន្ថយ​រួច​ហើយ​នូវ​ការបញ្ចេញ​ឧស្ម័ន​​កាបូន​៥០​ភាគរយ​»។

លោកស្រី​បាន​បន្ដថា​៖ «​ការ​សាងសង់​​រោងចក្រ​ថាមពល​ជីវម៉ាស​នៅថ្ងៃនេះ បង្ហាញ​ពី​​​ជំហាន​ឆ្ពោះ​ទៅ​មុខ​ដ៏ធំមួយ​​សម្រាប់​​​មហិច្ឆិតា​របស់​យើង​ក្នុង​ការ​សម្រេច​បាន​​​ការ​បញ្ឈប់​ទាំង​ស្រុង​នៅ​ការ​បញ្ចេញ​កាបូន​​នៅ​​ក្នុង​ផលិតកម្ម​​នៅ​ត្រឹម​ឆ្នាំ​២០៣០​ខាង​មុខ​។ យើង​បាន​និង​កំពុង​ចូលរួម​ចំណែក​ក្នុង​កំណើន​សេដ្ឋកិច្ច​កម្ពុជា​សម្រាប់​រយៈ​ពេល​វែង​រួច​ហើយ តាម​រយៈ​ការងារ​ដែល​យើងបង្កើត និង​គាំទ្រ ក៏ដូចជា​ពន្ធអាករ​ដែល​យើង​​បង់​។ ថ្ងៃនេះ យើង​ចង់​បង្ហាញថា យើង​ប្រកាន់​ភ្ជាប់​ទៅ​នឹង​​វិធីសាស្រ្ត​គោលការណ៍​ ៣ (Triple bottom-line approach)​​»។

ការ​សាងសង់​រោងចក្រ​ថាមពល​ជីវម៉ាស​នេះ​ត្រូវបាន​ធ្វើឡើង​ដោយ​សហការជាមួយ​ក្រុមហ៊ុន BECIS ក្នុង​កិច្ចព្រមព្រៀង​ទិញ​ថាមពល​រយៈ​ពេល​ច្រើន​ឆ្នាំ​។  

លោក នៀល អាឡេន នាយក​ប្រចាំ​ប្រទេស​របស់​ក្រុមហ៊ុន BECIS បាន​ថ្លែងថា​៖ «​យើង​ពិតជាមាន​មោទន​ភាព​យ៉ាង​ខ្លាំង​នៅពេលនេះ​ចំពោះ​ព្រះរាជាណាចក្រ​កម្ពុជា​​និង​​ភាពជា​ដៃគូ​​​របស់​យើង​ជាមួយ​ ហ៊ិននីគែន ខណៈ​ដែល​យើង​បោះជំហានឆ្ពោះ​​ទៅ​រក​អនាគត​ថាមពល​ប្រកប​ដោយ​ចីរភាព​​»។

កាលពីពីរ​បី​​ឆ្នាំ​មុន ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បាន​​​វិនិយោគ​លើ​រោងចក្រប្រព្រឹត្ដិកម្ម​ទឹក​កខ្វក់​ដ៏​ធំ​មួយ​នៅ​កម្ពុជា​​​នៅ​ឯ​រោងចក្រ​ផលិត​ស្រាបៀរ​ក្នុង​រាជធានី​ភ្នំពេញ​។ ជីវឧស្ម័ន​ដែល​​​​បញ្ចេញ​ដោយ​ រោងចក្រ​ប្រព្រឹត្ដិកម្មទឹក​កខ្វក់​​នេះ​​ត្រូវ​បាន​ប្រើ​ជា​ថាមពល​កម្ដៅ​ក្នុង​​​ផលិតកម្ម​ស្រាបៀររបស់​ក្រុមហ៊ុន​​ក្នុង​​ទម្រង់​​ជា​ថាមពល​កកើត​ឡើង​​​​វិញ។

កាលពី​ខែមេសា ឆ្នាំ​មុន ក្រុមហ៊ុន​បាន​បង្ហាញគោលបំណង​ថ្មីៗ​​​ក្នុង​ការ​​សម្រេច​គោលដៅ​បញ្ឈប់​ទាំងស្រុងនូវការបញ្ចេញ​​ឧស្ម័ន​​កាបូន​​​ក្នុង​សង្វាក់​ផលិតកម្មរបស់​ខ្លួន​នៅ​ឆ្នាំ​២០៣០ ទាំង​នៅ​លើ​ពិភព​លោក និង​នៅ​កម្ពុជា​​។

​ក្នុងភាពជាដៃគូជិត​ស្និទ្ធ​ជាមួយ​ក្រុមហ៊ុន​​ផ្គត់ផ្គង់​នានា ក្រុមហ៊ុន ហ៊ិននីគែន មានបំណង​កាត់​បន្ថយការ​បញ្ចេញកាបូន​ឱ្យបាន ៣០%នៅ​ត្រឹម​ឆ្នាំ​២០៣០ នៅទូទាំង​សង្វាក់​ផលិតកម្ម​ទាំង​មូល​ (Value chain) ​របស់ខ្លួន ធៀប​នឹង​ឆ្នាំ​២០១៨។ នៅឆ្នាំ ២០៤០ ក្រុមហ៊ុន​មានបំណង​សម្រេច​ឱ្យ​បាន​អព្យាក្រឹត្យ​ភាព​​កាបូន​នៅក្នុងសង្វាក់ផលិតកម្មទាំង​មូល​​របស់ខ្លួន។ ក្រុមហ៊ុន​កំពុង​ចាត់​វិធានការ​ផ្អែកលើវិទ្យាសាស្រ្ត​តាម​រយៈការ​ធ្វើការងារ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​គំនិត​ផ្តួច​ផ្តើម​ទិសដៅ​ផ្អែក​លើវិទ្យាសាស្រ្ត (Science Based Targets) ដើម្បី​បញ្ជាក់​ពី​​ការ​ប្តេជ្ញាចិត្ត​ថ្មីៗ​របស់​ក្រុមហ៊ុន។

ក្រៅពីអព្យាក្រឹតភាព​កាបូន ក្រុមហ៊ុន ហ៊ិននីគែន ក៏​កំពុង​កាត់​បន្ថយ​ការ​ប្រើប្រាស់ទឹក​ ក៏ដូចជា​ការ​កែច្នៃ​ទឹក​សម្រាប់​ប្រើ​ប្រាស់​ឡើងវិញ​ផង​ដែរ​។ គោលបំណង​សំខាន់​ពីរ​របស់​ក្រុមហ៊ុន ហ៊ិននីគែន គឺ​ការ​លើកកម្ពស់​ពិភពលោក​ប្រកប​ដោយ​បរិយាបន្ន ស្មើភាព​ និង​សមធម៌​ខណៈ​ក្រុមហ៊ុន​ក៏គាំទ្រ​ដល់​ការ​ទទួល​ទាន​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​សម​ល្មមផង​ដែរ។ សរសរស្ដម្ភ​ទាំងពីរ​​នេះ បង្កើត​បាន​ជា​គោល​បំណង «​ចូល​រួម​អភិវឌ្ឍ​កម្ពុជា​ដ៏ល្អ​ប្រសើរ (Brew a Better Cambodia)»។

រោងចក្រ​ថាមពល​ជីវម៉ាស​របស់​ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ត្រូវបាន​រំពឹង​ថា​នឹង​អាច​ដំណើរការ​នៅ​ខែ​កក្កដា ឆ្នាំ​២០២២ ខាង​មុខ​។

ថ្មីៗនេះ ​ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ត្រូវបាន​ទទួល​ស្គាល់​ជា​ក្រុមហ៊ុនចូលរួម​ចំណែក​ដ៏ធំ​មួយ​ក្នុងការ​​​អភិរក្ស​បរិស្ថាន​តាម​រយៈការផ្តល់ជូន​​​​ពានរង្វាន់​Cambodia Eurocham CSR Awards 2021 ដ៏​មានកិត្យានុភាព។ ក្រុមហ៊ុន​ក៏​ត្រូវបាន​ទទួល​ស្គាល់​ផង​ដែរ​ដោយ​សម្ដេច​តេជោ​នាយក​រដ្ឋ​មន្ដ្រី​កម្ពុជា​ថា​ជា​ក្រុម​ហ៊ុន​បង់ពន្ធ​ជូន​រដ្ឋ​ច្រើនជាងគេ​​​​នៅ​ក្នុង​ប្រភេទ​ផលិតកម្ម​ស្រាបៀរ៕
None



អត្ថបទបន្ទាប់


វ៉ាក់សាំងកូវីដ១៩ ជាង ១ លានដូសនៅប្រទេសនីហ្សេរីយ៉ា ត្រូវបានគេប៉ាន់ស្មានថា បានខូចព្រោះផុតសុពលភាព

ជារឿយៗ គេតែងតែលឺអង្គការសុខភាពពិភពលោក ចេញមុខមកនិយាយថា ទ្វីបអាហ្វ្រិកមានការខ្វះខាតវ៉ាក់សាំងយ៉ាងច្រើន ដើម្បីចាក់ជូនប្រជាជនការពារពីការឆ្ល…

ចិនថ្កោលទោសខ្លាំងៗចំពោះការធ្វើពហិការការទូតរបស់អាមេរិក ចំពោះព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅក្រុងប៉េកាំង

ប្រទេសចិននៅថ្ងៃអង្គារទី០៧ខែធ្នូ បានចេញមុខមកប្រតិកម្មចំៗ ទៅនឹងការធ្វើពហិការមិនចូលរួមផ្នែកការទូតរបស់សហរដ្ឋអាមេរិក ក្នុងការប្រកួតកីឡាអូឡាំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ