កត្តានេះបានធ្វើឱ្យមានការចុះផ្សាយ និងលើកឡើងពីសំណាក់អ្នកមាននិន្នាការនយោបាយប្រឆាំងនឹងរាជរដ្ឋាភិបាលមួយចំនួនថា គម្រោងនេះបានជាប់គាំងដោយសាររាជរដ្ឋាភិបាលអត់លុយ។ ឆ្លើយតបនឹងការរិះគន់នេះ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលបានចេញមកអះអាងថា គម្រោងព្រែកជីកជាប្រវត្តិសាស្ត្ររបស់កម្ពុជានឹងធ្វើរួចរាល់តាមពេលវេលាដែលបានគ្រោងទុក។ តើមកទល់ពេលនេះការអភិវឌ្ឍគម្រោងព្រែកជីកហ្វូណនតេជោទទួលបានលទ្ធផលយ៉ាងណាដែរ?
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ( CDC ) បានអះអាងថា គណៈកម្មការទនេ្លមេគង្គបានឯកភាពរាល់ឯកសារពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូណនតេជោរួចហើយ ហើយបានបញ្ជាក់ថា គម្រោងជាប្រវត្តិសាស្រ្តមួយនេះមិនបង្កផលប៉ះពាល់ដល់បរិស្ថាននោះទេ។ បើតាមថ្នាក់ដឹកនាំ CDC រាល់ការសិក្សាលើបច្ចេកទេសក៏ទទួលបានការឯកភាពពីដៃគូវិនិយោគទាំងស្រុងផងដែរ តែនៅបន្តពិភាក្សាលម្អិតលើកិច្ចព្រមព្រៀងសម្បទាន ដែលនឹងបញ្ចប់ក្នុងឆាប់ៗខាងមុខនេះ។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានអះអាងថា គម្រោងព្រែកជីកហ្វូណនតេជោនឹងបញ្ចប់ការសាងសង់តាមផែនការ ខណៈបច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលកំណត់និយាមការ ដើម្បីដោះស្រាយផលប៉ះពាល់នានាជូនប្រជាពលរដ្ឋ។
ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានណែនាំដល់អ្នកប្រឆាំងនឹងគម្រោងព្រែកជីកហ្វូណនតេជោឱ្យបញ្ឈប់សកម្មភាពរបស់ខ្លួន ដើម្បីកុំឱ្យប៉ះពាល់ដល់មុខមាត់ប្រទេសជាតិ និងទុកពេលវេលាដល់រាជរដ្ឋាភិបាល ដើម្បីជំរុញគម្រោងជាប្រវត្តិសាស្រ្តនេះឱ្យបានជោគជ័យ និងដើម្បីឱ្យឈានដល់ជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
សូមរំលឹកថា គម្រោងព្រែកជីកហ្វូណនតេជោបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៥ សីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ គម្រោងនេះ មានប្រវែង១៨០គីឡូម៉ែត្រ មានទទឹងមុខកាត់ផ្នែកខាងលើប្រវែង១០០ម៉ែត្រ និងផ្នែកខាងក្រោម៨០ម៉ែត្រ ដោយតភ្ជាប់ពីព្រែកតាកែវ នៃទន្លេមេគង្គរួចចូលតាមបណ្តាព្រែកនៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមានខេត្តកណ្តាល តាកែវ កំពត និងកែប។ គម្រោងព្រែកជីកនេះ គ្រោងចំណាយទុនសាងសង់ប្រមាណ១ពាន់៧រយលានដុល្លារ ក្នុងនោះកម្ពុជាកាន់កាប់ភាគហ៊ុន៥១% និងគ្រោងចំណាយពេល៤ឆ្នាំ សម្រាប់ការសាងសង់៕
អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ