ផល​ប៉ះពាល់​ពីកូវីដ-១៩

ប្រឈមមុខ​នឹង​ការរើសអើង ហើយ​ឥឡូវ​នេះ​កូវីដ​ទៀត បុរសពិការ​ម្នាក់​រៀបរាប់ពី​ការ​តស៊ូ​​ដ៏​លំបាក​លំបិន​ក្នុង​ជីវិត


ជំងឺរាតត្បាត​ពិភពលោក​កូវីដ-១៩ បាន​បង្ខំ​ឲ្យ​លោក នាង សារ៉ុម ក្លាយ​ជា​អ្នក​លក់​អចលនទ្រព្យ​ ជា​អាជីព​ដែល​គាត់​មិន​ធ្លាប់​ធ្វើ​ពីមុន​មក ដើម្បី​រក​ប្រាក់​ចំណូល​ផ្គត់ផ្គង់​ការចំណាយ​ក្នុង​គ្រួសារ និង​ការ​ចំណាយ​លើការជួល​ទីតាំងសាលាបង្រៀនគួរ។
លោក នាង សារ៉ុម ជា​គ្រូ​បង្រៀន​ភាសា​អង់គ្លេស។
ដោយ និង

និយាយ​ដោយ​ទឹកមុខ​ស្រពាប់​ស្រពោន លាយ​ឡំទាំង​ទឹក​ភ្នែក​រលីង​រលោង សាលាភាសា​អង់គ្លេស​របស់​លោក នាង សារ៉ុម ដែល​ពិការ​ដៃ​ឆ្វេង​ផង បាន​បិទទ្វារ​៦​ខែ​ហើយ បន្ទាប់ពី​មាន​ការឆ្លង​រីករាលដាល​នៃ​ជំងឺ​កូវីដ-១៩ ហើយ​បាន​ធ្វើ​ឲ្យ​បាត់បង់​ការងារ​ដល់​គ្រូ​ប្រង្រៀន​ចំនួន ១០នាក់ ផងដែរ។

លោក នាង សារ៉ុម បាន​និយាយ​ថា «ទម្រាំតែខ្ញុំបាន​មក​ដល់​ថ្ងៃនេះ ខ្ញុំ​មាន​ការលំបាក​ខ្លាំង​ណាស់ ដោយសារតែ​ខ្ញុំ​ពិការ​ដៃ​ខាង​ឆ្វេង ព្រោះ​កាល​ពី​មុន​ នៅមាន​ការរើសអើង​ដល់​ជនពិការ ពិបាក​នឹង​រក​ការងារ​ធ្វើ ពេល​ខ្លះ​ខ្ញុំ​បាក់​ទឹក​ចិត្ត​ម្តងៗ​ដែរ ប៉ុន្តែ ខ្ញុំ​នៅតែ​ខិតខំ​តស៊ូ​រហូត​បាន​បើក​សាលា​ខ្លួន​ឯង» ។

លោក នាង សារ៉ុម បាន​សម្រេច​ចិត្ត​ឲ្យ​គ្រូពេទ្យ​កាត់​ដៃ​ម្ខាង​ចោល​ដើម្បី​រក្សា​ជីវិត​បន្ទាប់​ពី​ពស់​ចឹក​នៅពេល​ដែល​លោក​ទៅ​កាប់​អុស​ជាមួយ​ឪពុក កាលពី​លោក​មាន​អាយុ​១៥​ឆ្នាំ​ ។

លោក នាង សារ៉ុម មាន​កូន​ស្រី​ពីរនាក់ ហើយ​មាន​ស្រុក​កំណើត នៅ​ខេត្ត​កំពត ។ លោក​បាន​ចាកចេញពី​ស្រុក​កំណើត​ មក​បន្ត​ការសិក្សា​នៅ​រាជ​ធានី​ភ្នំពេញ កាលពី​ឆ្នាំ​២០១២។ មុន​នឹងបញ្ចប់​ការសិក្សា​ថ្នាក់ទី១២ លោក​បាន​ដាក់​ពាក្យ​ធ្វើ​ជា​គ្រូ​បង្រៀន​រដ្ឋ តែ​ដោយសារ​លោក​ពុំ​មាន​កាយ​សម្បទា​គ្រប់គ្រាន់ បើ​តាម​គាត់​យល់ ដូច្នេះ​ហើយ ទើប​គេ​មិន​ទទួល​យក។

លោក នាង សារ៉ុម ក៏​បាន​បន្ត​ការសិក្សា​ជាមួយ​សាលា​អង្គការ អស់​រយៈ​ពេល​២ឆ្នាំ លោក​ក៏​ធ្វើ​ជា​គ្រូប​ង្រៀន​ស្ម័គ្រ​ចិត្ត​កន្លះ​ឆ្នាំ ទោះបី​ជា​លោក​ធ្វើ​ជា​គ្រូ​បង្រៀន​ស្ម័គ្រ​ចិត្ត​ក្តី ប៉ុន្តែ​លោក​ត្រូវ​ចំណាយ​លុយ​ទៅ​ឲ្យ​គេ ព្រោះតែ​លោក​ស្រឡាញ់​ការបង្រៀន ហើយ​ពុំបាន​ទទួល​ប្រាក់​ចំណូល​ពី​ការ​បង្រៀន​នោះ​ទេ ។

បុរសវ័យ​៣៨​ឆ្នាំ និង​ពិការដៃ​ឆ្វេង​ម្ខាង​ផង​នេះ បាន​បន្ត​ថា «និយាយ​ទៅ ជីវិត​​របស់​ខ្ញុំ​ជូរចត់​ណាស់ គឺ​ថា និយាយ​ពេល​ណា ទប់​ទឹក​ភ្នែក​សឹង​មិន​បាន»។

បន្ទាប់មក លោក​ក៏​ទទួល​បាន​អាហារូបករណ៍ ពី​សាកលវិទ្យាល័យ​មួយ​ដើម្បី​សិក្សា​អក្សសាស្ត្រ​អង់គ្លេស ជា​ជំនាញ​ដែល​លោក​ស្រឡាញ់​បំផុត។ នៅពេល​សិក្សា លោក នាង សារ៉ុម បាន​និយាយ​ថា លោក​បាន​ទទួល​ការរើសអើង​យ៉ាង​ខ្លាំង​ពី​មិត្តភក្តិ​រួម​ថ្នាក់ ដោយសារ​តែ​លោក​ជា​ជនពិការ ៖ «នៅក្នុង​ការសិក្សា វាមិន​មាន​ផល​លំបាក​ទេ​សម្រាប់​ខ្ញុំ តែ​អ្វី​ដែល​ខ្ញុំ​ពិបាក​​គឺដោយសារ​ខ្ញុំ​ជា​ជនពិការ មិត្តភក្តិ​និង​មនុស្ស​ជុំវិញ​មិន​មាន​ការរាក់ទាក់»។

បន្ទាប់ពីលោក​បាន​បញ្ចប់​ការសិក្សា​នៅ​សាកល​វិទ្យាល័យ លោក​ក៏​បានទៅដាក់​​ពាក្យ​ធ្វើ​គ្រូ​បង្រៀន នៅសាលាឯកជន​មួយ​កន្លែង ដែលលោក​យល់​ថា មាន​ការ​រើសអើស បាន​ជា​គេ​មិន​ទទួយ​យក​ឲ្យ​ធ្វើការ ព្រោះ​លោក​ជា​ជនពិការ។ ជាបន្ត​បន្ទាប់ លោក​បាន​ទទួល​ការបដិសេធ​ជាច្រើន​សា ហើយ​លោក​ក៏​បាន​សម្រេច​ចិត្ត​បើក​សាលារៀន​គួរ​មួយ​កន្លែង​នៅ​រាជ​ធានីភ្នំពេញ ដែល​មាន​ឈ្មោះ​ថា "​​អាយវីន" ដែល​មកដល់ពេលនេះ​មាន​រយៈពេល​ ៨​ឆ្នាំហើយ។

ការបើក​សាលាដំបូង មាន​ផល​លំបាក​ខ្លាំង​ណាស់​ដោយសារ​តែ​មាន​ការចំណាយ​ច្រើន ហើយ​ពុំទាន់​មាន​សិស្ស​ចាប់​អារម្មណ៍​រៀន​ច្រើន គឺ​មាន​ត្រឹម​ប្រហែល​១០​នាក់ បន្ទាប់ពី​បើក​សាលា​អស់រយៈពេល​២​ឆ្នាំ ទើប​មាន​សិស្ស​ចាប់​អារម្មណ៍​រៀន​ច្រើន។

លោក សារ៉ុម រៀបរាប់ដូច្នេះថា «គោល​បំណង​ដែល​ខ្ញុំ​បើក​សាលារៀន​ឯកជន​នេះ ​គឺ​ខ្ញុំ​មិន​រំពឹង​ថា នឹងបាន​ថវិកា​ច្រើន​មក​ផ្គត់ផ្គង់​ជីវភាព​ខ្ញុំទេ គឺ​ខ្ញុំ​ចង់​ចែករំលែក​ចំណេះដឹង និង​ជួយ​សិស្ស​ច្រើន​ជាង​ គឺ​ដោយសារ​តែ​ខ្ញុំ​យក​តម្លៃ​ទាប ក្នុង​១​ខែ ខ្ញុំទទួល​បាន​ពី​កូន​សិស្ស ៦ ទៅ ៧​ដុល្លារ អីហ្នឹង ខែខ្លះ មិនរួចថ្លៃផ្ទះ ទឹក​ភ្លើង​ផង តែ​ខ្ញុំ​សប្បាយ​ចិត្ត»។

ក៏ប៉ុន្តែ វីរុស​កូវីដ-១៩ បាន​បិទ​សាលា​របស់​លោក នាង សារ៉ុម ជាង ​​៦​​ខែ​មក​ហើយ ហើយ​លោក​ក៏​បាន​ក្លាយ​ជា​អ្នក​លក់​អចលនទ្រព្យ​វិញ ដើម្បី​រក​កម្រៃ​ផ្គត់ផ្គង់​ជីវភាព​ក្នុង​គ្រួសារ​និងចំណាយ​លើ​ការ​ជួល​ទីតាំង ៖ «ចាប់តាំងពីកូវីដចូលមកដល់ ខ្ញុំមាន​ផលវិបាក​ខ្លាំង​ដោយសារ​តែ​គេ​ឲ្យ​បិទ​សាលា​ ជាពិសេស សាលាឯកជន​តូចតាច​ដូច​ជាខ្ញុំ ណា​មួយ​ត្រូវ​បង់​ថ្លៃ​ផ្ទះ ពេល​ខ្លះ ស្ទើរ​តែ​ទប់​មិន​ជាប់‍‌»។

លោក​ថា ការសោកស្តាយ​ជា​ខ្លាំង​ព្រោះ​ទម្រាំ​តែ​តស៊ូ​បាន​បើក​ជា​សាលាឯកជន​ខ្លួន​ឯង​បាន មិនមែន​ជា​រឿង​ងាយ​ស្រួល​នោះទេ ក៏​ប៉ុន្តែ ទោះជា​យ៉ាង​ណា លោកក៏នៅ​មាន​ក្តី​សង្ឃឹម​ថា នឹង​បន្ត​បើក​សាលា​​ជាថ្មី​ឡើង​វិញ បន្ទាប់​ពី​កូវីដ-១៩ ធូរ​ស្បើយ ដោយ​បាន​សំណូម​ពរ​ឲ្យ​រដ្ឋាភិបាល​​ប្រកាស​បើក​សាលា​ជាលើក​ទី៣ ឆាប់ៗ​នេះ និង​ចង់​ឲ្យ​សិស្សានុសិស្ស​ត្រឡប់​មក​រៀន​ជា​ធម្មតាវិញ ៕




អត្ថបទបន្ទាប់


ហាងកាហ្វេ Starbucks កំពុងជួបការលំបាកប្រជែងយកឈ្នះទីផ្សារ ជាមួយហាងកាហ្វេក្នុងស្រុកវៀតណាម

បើទោះបីជា កាលពីឆ្នាំមុន ហាងកាហ្វេយីហោអន្តរជាតិ Starbucks បានទទួលបានកំណើនចំណូលពីរខ្ទង់ក៏ដោយ ប៉ុន្ដែ ហាងកាហ្វេយីហោរបស់អាមេរិកមួយនេះ …

បំណុលសាធារណៈរបស់ថៃ អាចនឹងរីកដល់ ៥៧% នៃ GDP ខណៈរាជរដ្ឋាភិបាលកំណត់មិនឲ្យលើ ៦០%

កម្រិតបំណុលសាធារណៈរបស់ថៃ នៅរយៈពេល ៥ឆ្នាំទៅមុខទៀត មិនគួរពង្រីកលើសពិដានបំណុលដែលបានកំណត់ ៦០% នៃ ផលិតផលក្នុងស្រុកសរុប (GDP) នោះឡើយ។ ប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ