និយាយដោយឡែកពី Toyota គ្រាន់តែនៅក្នុងសប្តាហ៍នេះ Toyota បានសម្រេចផ្អាកគម្រោងធំៗ៤របស់ខ្លួន នៅក្នុងរដ្ឋ គិនថាក់គី រដ្ឋវើជីនៀរ (Virginia) រួមទាំងនៅម៉ិសិកផងដែរ។ មូលហេតុ គឺដោយសារ កង្វះខាតវត្ថុធាតុដើមផលិត និង លក្ខខណ្ឌ ធាតុអាកាសធ្លាក់ចុះត្រជាក់ខ្លាំង នៅថ្មីៗ វាបានជះឥទ្ធិពលខ្លាំងដល់ផលិតកម្មរបស់ក្រុមហ៊ុន។
ចំណែកឯក្រុមហ៊ុន Honda ឯណោះវិញ ក៏បានឲ្យដឹងថា ដោយសារកង្វះខាតវត្ថុធាតុដើមដូចគ្នានេះដែរ បានធ្វើឲ្យរោងចក្ររបស់ខ្លួនកាត់បន្ថយការផលិតជាងពាក់កណ្តាល មិនតែប៉ុណ្ណោះ ក្រុមហ៊ុនបានសម្រេចផ្អាកគម្រោងផលិតរថយន្តរបស់ខ្លួនក្នុងប្រទេស Canada ច្រើនគម្រោងទៀតដោយសារមិនអាចនាំយកវត្ថុធាតុដើមពីអាមេរិកទៅផលិតបានគ្រប់គ្រាន់។ សម្រាប់ក្រុមហ៊ុន Honda ប្រការដែលធ្វើឲ្យខ្លួនខ្វះខាតវត្ថុធាតុដើមក៏ដោយសារតែមូលហេតុចំបង បណ្តាលមកពីជំងឺកូវីដ១៩ ការដឹកជញ្ជូនតាមកាប៉ាល់ធំៗមានភាពយឺតយ៉ាវ បញ្ហាអាកាសធាតុ និងចុងក្រោយគឺបញ្ហាកង្វះបន្ទះឈីប(Chip) តែម្តង។
យ៉ាងណាមិញក្រុមហ៊ុនទាំងពីរមិនបានប្រាប់ពេលវេលាដែលខ្លួននឹងបង្កើនផលិតកម្មឡើងវិញនោះទេ ចំណែកឯទំហំខាតបង់វិញក៏ក្រុមហ៊ុនលាក់មិនឲ្យដឹងនោះដែរ។
សូមបញ្ជាក់ថា នៅមួយរយៈពេលចុងក្រោយនេះមានរោងចក្រ និងក្រុមហ៊ុនជាច្រើនក្នុងពិភពលោករាប់ចាប់ពី ក្រុមហ៊ុនផលិតទូរស័ព្ទ និងរថយន្ត បានប្រកាសពីការផ្អាក និងកាត់បន្ថយផលិតកម្មរបស់ខ្លួនជាបន្តបន្ទាប់ ដោយសារបញ្ហាផ្សេងៗគ្នារួមមានទាំងបញ្ហាដែលកំពុងកើតមានឡើងស្រាប់គឺ កូវីដ១៩ បញ្ហាអាកាសធាតុ និងចុងក្រោយកង្វះខាតបន្ទះឈីបដែលជាបញ្ហាចំបងជាងគេ ដែលពិភពលោកកំពុងឈឺក្បាលដោះស្រាយមិនចេញ៕