អាជ្ញាធរអាកាសយានដ្ឋានអន្តរជាតិ ក្រុងហុងកុង បានអះអាងកាលពីចុងសប្តាហ៍មុនថា ការទទួលបានពានរង្វាន់ Payload Asia Awards លើកទី១១សម្រាប់ប្រភេទអាកាសយានដ្ឋានដឹកទំនិញប្រចាំឆ្នាំនៅតំបន់អាស៊ីប៉ាស៊ីហ្វិកកាលពីខែតុលា ជាឆ្នាំទី៣ជាប់ៗគ្នា ដែលព្រលានយន្តហោះនេះបានទទួលពានរង្វាន់នេះ។ អាកាសយានដ្ឋាននេះ ក៏ត្រូវបានទទួលស្គាល់ថា ជាអ្នកផ្តល់បច្ចេកវិទ្យាដឹកទំនិញតាមផ្លូវអាកាសល្អបំផុតប្រចាំឆ្នាំក្នុងរយៈពេលពីរឆ្នាំជាប់ៗគ្នាផងដែរ។
អ្នកគ្រប់គ្រងអាកាសយានដ្ឋាននេះ បានចាត់ទុកការទទួលបានជ័យលាភីនេះ បានបង្ហាញពីការបោះជំហានរបស់ព្រលានយន្តហោះនេះក្នុងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីបង្កើតប្រតិបត្តិការដោយមិនចាំបាច់ប្រើក្រដាស និងជួយសម្រួលដំណើរការដឹកទំនិញចេញចូលតាមប្រព័ន្ធអនឡាញ ដែលធ្វើឱ្យព្រលានយន្តហោះនេះជាប់ឈ្មោះជាមជ្ឈមណ្ឌលដឹកទំនិញតាមផ្លូវអាកាសប្រចាំឆ្នាំល្អបំផុតនៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ Air Cargo News Awards លើកទី៤០ នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស កាលពីខែតុលា កន្លងទៅ។ នៅមួយខែក្រោយមកព្រលានយន្តហោះនេះទទួលបានពានរង្វាន់ជាមជ្ឈមណ្ឌលដឹកទំនិញ និងគំនិតផ្តួចផ្តើមប្រកបដោយនិរន្តរភាព ក្នុងកម្មវិធីពិព័រណ៍ Super Terminal Expo 2024។
ថ្នាក់ដឹកនាំអាកាសយានដ្ឋាននេះបានប្ដេជ្ញាថា នឹងខំប្រឹងបន្តទៀតដើម្បីពង្រឹងទីតាំងអាកាសយានដ្ឋានក្រុងហុងកុង ឱ្យជាមជ្ឈមណ្ឌលអាកាសចរណ៍អន្តរជាតិ ឈានមុខគេ ហើយនឹងចាក់បញ្ចូលកម្លាំងរុញច្រានទៅក្នុងទីក្រុងហុងកុង និងកំណើនសេដ្ឋកិច្ចក្នុងតំបន់ឱ្យកាន់តែទូលំទូលាយ។ ជាក់ស្តែងកាលពីពេលថ្មីៗ អាកាសយានដ្ឋាននេះ បានដាក់ឱ្យដំណើរការប្រព័ន្ធផ្លូវរត់ចំនួន៣ និងគ្រោងង្កើនសមត្ថភាពដឹកទំនិញប្រចាំឆ្នាំរបស់ខ្លួនឱ្យដល់១០លានតោន៕
អត្ថបទ៖ សុខ មង្គល