បើតាមសារព័ត័មាន South China Morning Post បានរាយការណ៍ថា លោកស្រី Carrie Lam មិនបានពាក់ម៉ាស់ពីរថ្ងៃជាប់គ្នាហើយ នៅពេលលោកស្រី បានបង្ហាញខ្លួននៅមុខសន្និសីទសារព័ត៌មាន នៅថ្ងៃអង្គារទី ៤ កុម្ភៈនេះ ដោយលោកស្រី បានលើកឡើងថា រដ្ឋាភិបាលលោកស្រី នឹងកាត់បន្ថយការប្រើប្រាស់ម៉ាស់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការសកលកំពុងកើនឡើង សម្រាប់ផលិតផលសុខភាព។
លោកស្រី Carrie Lam បាននិយាយថា «យើងជឿជាក់ថា រដ្ឋាភិបាលគួរតែធ្វើជាគំរូនាំមុខ ដូច្នេះយើងបានដាក់ចេញនូវសេចក្ដីណែនាំផ្ទៃក្នុង ដោយស្នើឲ្យគ្រប់នាយកដ្ឋានទាំងអស់ អនុវត្តតាមនេះក្នុងការពាក់ម៉ាស់។» លោកស្រី បន្ថែមទៀតថា «គោលដៅ ដើម្បីជួយសន្សំសំចៃម៉ាស់សម្រាប់ទុកឲ្យបុគ្គលិកពេទ្យយកទៅប្រើប្រាស់»។
បើតាមការគូសបញ្ជាក់របស់មេដឹកនាំកំពូលរបស់ហុងកុងរូបនេះ បានឲ្យដឹងថា មន្ត្រីដែលអាចយកម៉ាស់ប្រើប្រាស់បាន លុះត្រាតែពួកគេមានសុខភាពមិនល្អ, ធ្វើការងារនៅក្នុងការផ្ដល់សេវាជួរមុខប្រឈមនឹងការឆ្លងវីរុស និងចូលរួមនៅក្នុងកម្លែងដែលមានមនុស្សច្រើន ដែលគួរតែពាក់ម៉ាស់។
លោកស្រី Lam និយាយយ៉ាងដូច្នេះថា «យើងនឹងមើលទៅលើមន្ត្រីទាំងអស់ ដែលកំពុងនឹងជួបជាមួយអ្នកសារព័ត៌មាន ហើយនិងនៅក្នុងភារកិច្ចប្រចាំថ្ងៃរបស់ពួកគេ។ ប្រសិនបើពួកគេមិនត្រូនឹងលក្ខណៈវិនិច្ឆ័យទាំងនោះទេ ពួកគេនឹងត្រូវអនុញ្ញាតឲ្យពាក់ម៉ាស់ទេ។»។ លោកស្រី បានគូសសង្ងត់ធ្ងន់ទៀតថា «ខ្ញុំពិតជាបានប្រាប់ទៅពួកគេថា មិនអាចពាក់ម៉ាស់ទេ ហើយពួកគេត្រូវដោះម៉ាស់ចេញ ទោះបីជាពួកគេកំពុងពាក់វាក៏ដោយ»។
បើតាមការអះអាងរបស់លោកស្រី Lam ប្រសិនបើម្នាក់ៗប្រើម៉ាស់ ២ទៅ ៣ ក្នុងមួយថ្ងៃ វានឹងធ្វើឲ្យមានសម្ពាធកាន់តែខ្លាំងទៅលើការផ្គត់ផ្គង់ម៉ាស់ ហើយអ្នកសារព័ត៌មានក៏គួរតែពិចារណាអនុវត្តតាមវិធានការដូចគ្នានេះដែរ។
ទោះយ៉ាងណា លោកស្រី Carrie Lam ត្រូវបានគេប្រទះឃើញពាក់ម៉ាស់នៅព្រឹកថ្ងៃអង្គារនេះ នៅពេលទទួលញ្ញត្តិខាងក្រៅការិយាល័យ របស់លោកស្រី ពីក្រុមអ្នកតវ៉ា ដែលបានខឹងនឹងការឆ្លើយតបរបស់រដ្ឋាភិបាលរបស់លោកស្រីចំពោះការផ្ទុះឡើងនៃវីរុសកូរ៉ូណា មុនពេលលោកស្រីបានជួបជាមួយអ្នកសារព័ត៌មាន។
គិតត្រឹមថ្ងៃទី ៤ កុម្ភៈនេះ បើតាមរបាយការណ៍ពី គណៈកម្មាធិការសុខាភិបាលចិន គិតត្រឹមព្រឹកថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ ករណីមនុស្សឆ្លងមេរោគ កូរ៉ូណា កើនដល់ជាង ២ម៉ឺននាក់ និងសម្លាប់មនុស្សអស់ ៤២៧នាក់ នៅក្នុងប្រទេសចិន ក្រៅពីនោះក៏មាន ការព្យាបាលបានជាសះស្បើយ ប្រមាណ ៦៥០នាក់។ ក្នុងនោះដែរ ហុងកុង មានករណីឆ្លងវីរុសកូរ៉ូណានេះ ចំនួន ១៥ ករណី និងបានស្លាប់មនុស្សចំនួនម្នាក់ផងដែរ។
សូមបញ្ជាក់ដែរថា នៅកម្ពុជាយើងវិញ នៅប៉ុន្មានថ្ងៃមុននេះ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងពេលពិធីថ្លែងសារនៅចំពោះមុខអ្នកសារព័ត៌មាន ក៏បានគំរាមដេញមន្ត្រី និងអ្នកសារព័ត៌មានដែលពាក់ម៉ាស់នៅក្នុងពិធីនោះ ឲ្យចេញក្រៅផងដែរ ដោយសម្ដេច បាននិយាយថា «នាយករដ្ឋមន្ត្រីអត់ទាំងពាក់ម៉ាស់ផង រួចមកពាក់ម៉ាស់អីនៅក្នុងកន្លែងហ្នឹង? នេះអត់មាននរណាពាក់ម៉ាស់ទេ បើសិនណាពាក់ម៉ាស់ ខ្ញុំដេញចេញហើយ អត់ឲ្យនៅណេះទេ! អ្ហែងទៅស៊ីជាមួយម៉ាស់ ទៅនៅជាមួយម៉ាស់ទៅ!»៕