
លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA)បានគូសបញ្ជាក់ក្នុងអំឡុងពិធីផ្ដល់ពានរង្វាន់លើកទឹកចិត្ត និងពិសារអាហារសាមគ្គីជាមួយសមាជិកភ្នាក់ងារអចលនទ្រព្យកាលពីថ្ងៃទី២៩ ខែមីនា ថា ទីផ្សារអចលនទ្រព្យនៅកម្ពុជានៅក្នុងរយៈពេល៣ខែ ដើមឆ្នាំនេះ ពុំទាន់មានសកម្មភាពល្អប្រសើរនៅឡើយទេ។តែយ៉ាងណាអ្នកជំនាញរូបនេះកត់សម្គាល់ឃើញថា ទីផ្សារអចលនទ្រព្យរបស់កម្ពុជាហាក់បង្ហាញពីសញ្ញាវិជ្ជមានច្រើននៅក្នុងរយៈពេល៣ខែកន្លងមកនេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ ការវាយតម្លៃបែបនេះ ធ្វើឡើងក្រោយ លោក សង្កេតឃើញថា តម្រូវការទិញលក់អចលនទ្រព្យមានសកម្មភាពជាហូរហែនៅមួយរយៈកន្លងមកនេះ ដែលជាជំហានចាប់ផ្តើមដ៏ល្អមួយ បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈកន្លងមកនេះ។



តែយ៉ាងណា អ្នកជំនាញរូបនេះវាយតម្លៃថា ទីផ្សារអចលនទ្រព្យកម្ពុជាត្រូវការពេលវេលាបន្ថែមទៀតក្នុងការស្តារឱ្យវិលមករកប្រក្រតីភាពឡើងវិញ។ស្រដៀងគ្នានេះដែរឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុន CPL និងជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា កត់សម្គាល់ឃើញថា ចរន្តទិញលក់អចលនទ្រព្យនៅកម្ពុជា បានររើបឡើងវិញជាបណ្តើរៗហើយ បើទោះបីមិនទាន់មានសម្ទុះខ្លាំងដូចមុនក៏ដោយ។



ស្របពេលចរន្តទិញលក់អចលនទ្រព្យហាក់កម្រើកឡើងវិញ អ្នកជំនាញរូបនេះ លើកទឹកចិត្តឱ្យអ្នកចង់វិនិយោគក្នុងវិស័យអចលនទ្រព្យតែគ្មានជំនាញ គួរពឹងពាក់អ្នកជំនាញ ឬក្រុមហ៊ុន ដែលផ្តល់សេវាកម្មក្នុងវិស័យនេះ ហើយការជ្រើសរើសក្រុមហ៊ុនទៀតសោត ត្រូវស្វែងរកក្រុមហ៊ុនណា ដែលមានអាជ្ញាប័ណ្ណ និងទទួលស្គាល់ពីអាជ្ញាធរត្រឹមត្រូវ ដើម្បីជៀសវាងខាតបង់ថវិកា។




វិស័យអចលនទ្រព្យនៅកម្ពុជា ដែលកំពុងនៅទ្រឹងដោយសារឥទ្ធិពលនៃជំងឺកូវីដ-១៩ បញ្ហាសង្រ្គាមនិងភាពតានតឹងភូមិសាស្ត្រនយោបាយសកល ត្រូវបានអ្នកជំនាញសេដ្ឋកិច្ចកម្ពុជាអះអាងថា វិស័យនេះ ពុំទាន់ឈានដល់មាត់ជ្រោះនៃការដួលរលំនៅឡើយទេ ពោលគឺវិស័យនេះកំពុងស្ថិតក្នុងដំណាក់កាលសំងំ ដើម្បីរង់ចាំតម្រូវការ និងលំហូរទុនវិនិយោគពីខាងក្រៅ៕
អត្ថបទ៖ បូ ដូឡា,រូបភាព តែន ចិន