វៀតណាម គឺជាប្រទេសដែលប្រើប្រាស់ធ្យូងថ្មដ៏ច្រើន ដើម្បីដុតទាញយកថាមពលអគ្គិសនី ពោលគឺថាមពលបានមកពីធ្យូងថ្មមានរហូតដល់៦៥% នៃថាមពលអគ្គិសនី ដែលប្រជាជនវៀតណាមកំពុងប្រើប្រាស់បច្ចុប្បន្ន។ កំណើនប្រើប្រាស់ថាមពលពីធ្យូងថ្មរបស់វៀតណាមនេះ បានកើនឡើងក្រោយផលិតភាពអគ្គិសនីដែលទាញពីទំនប់វារីអគ្គីសនីរបស់ប្រទេសនេះមានការធ្លាក់ចុះ។ នៅពេលនេះវៀតណាមបានក្លាយជាប្រទេសលំដាប់ទី៤នៅអាស៊ី ដែលប្រើប្រាស់ធ្យូងថ្មច្រើនជាងគេ បន្ទាប់ពីចិន ឥណ្ឌា និងជប៉ុន។
កាលពីឆ្នាំ២០២៣ វៀតណាមបានប្រើប្រាស់ធ្យូងថ្មតែប្រមាណ៤៦%ប៉ុណ្ណោះ នៃថាមពលអគ្គិសនីសរុប ប៉ុន្តែនៅឆ្នាំ២០២៤នេះកំណើននៃការប្រើប្រាស់ថាមពលពីធ្យូងថ្មបានកើនដល់ជិត៦៥%។ តួលេខនេះបានបង្ហាញថា នៅក្នុងរយៈពេល៤ខែដំបូងនៃឆ្នាំ២០២៤ ការផលិតអគ្គិសនីដើរដោយធ្យូងថ្មនៅវៀតណាម បានកើតឡើងដល់៥៧តេរ៉ាវ៉ាត់ម៉ោង( terawatt hour) មានការកើនឡើង៤២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ជាមួយនឹងបរិមាណនៃការប្រើប្រាស់ធ្យូងថ្មដ៏ច្រើននេះ វៀតណាមបានបញ្ចេញឧស្ម័នកាបូនិច ប្រមាណជាជិត៥៤លានតោននៅក្នុងមួយឆ្នាំ។ ស្ថិតិបានបង្ហាញថា ដើម្បីបំពេញនូវតម្រូវការថាមពលដែលប្រើប្រាស់ដោយធ្យូងថ្ម នៅ៥ខែកន្លងមកនេះ វៀតណាមបាននាំចូលធ្យូងថ្មជិត១៨លានតោន កើនឡើង៧១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣៕
ដោយៈ សរ សុជាតិ