ទិន្នន័យបានបង្ហាញថា ប្រទេសសិង្ហបុរី ទទួលបានប្រេងឥន្ធនៈពីរុស្ស៊ី រហូតដល់ទៅប្រមាណ ១,២លានតោន កាលពីអំឡុងខែមេសា ឆ្នាំ២០២៦ ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីខែមេសា ឆ្នាំ២០២៥។ កំណើនយ៉ាងគំហុកនេះកើតមានឡើង បន្ទាប់ពីសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារលើអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ដែលធ្វើឱ្យប៉ះពាល់ដល់ការដឹកជញ្ជូនប្រេងតាមច្រកសមុទ្រ Hormuz ជាផ្លូវដឹកប្រេងដ៏សំខាន់របស់ពិភពលោក។ សិង្ហបុរី បានអះអាងថា ការនាំចូលប្រេងរុស្ស៊ី នៅតែស្របច្បាប់ ព្រោះទណ្ឌកម្មរបស់ខ្លួនលើប្រទេសរុស្ស៊ី ផ្តោតតែលើធនាគារ និងផលិតផលមួយចំនួនប៉ុណ្ណោះ ពោលគឺមិនបានហាមឃាត់ការនាំចូលប្រេងទូទៅនោះឡើយ។
ក្រុមអ្នកជំនាញបានលើកឡើងថា សិង្ហបុរី នាំចូលប្រេងរុស្ស៊ី កាន់តែច្រើន ដោយសារការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាធ្លាក់ចុះយ៉ាងគំហុក។ ប្រេងរុស្ស៊ី ភាគច្រើនត្រូវបានយកទៅលាយធ្វើជាប្រេងសម្រាប់ចាក់ឱ្យកប៉ាល់ ឬនាំចេញបន្តទៅប្រទេសនានា ដូចជាចិន កូរ៉េខាងត្បូង និងនីហ្សេរីយ៉ា ជាដើម។
សិង្ហបុរី គឺជាមជ្ឈមណ្ឌលផ្គត់ផ្គង់ប្រេងសម្រាប់ចាក់កប៉ាល់ដ៏ធំបំផុតនៅលើពិភពលោក ប៉ុន្តែជម្លោះប្រដាប់អាវុធនៅតំបន់មជ្ឈិមបូព៌ា ក៏បានធ្វើឱ្យទីផ្សារប្រេងចាក់កប៉ាល់របស់ខ្លួនរងផលប៉ះពាល់ខ្លាំងផងដែរ ដោយការលក់ប្រេងសម្រាប់កប៉ាល់កាលពីអំឡុងខែមេសា បានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល១៤ខែមកនេះ។
ក្រុមអ្នកវិភាគបានលើកឡើងថា ការជួញដូរប្រេងរុស្ស៊ី កាន់តែពិបាកតាមដានដោយសារកប៉ាល់ដឹកប្រេងមួយចំនួនប្រើការផ្ទេរប្រេងពីកប៉ាល់មួយទៅកប៉ាល់មួយ និងប្រើផ្លូវដឹកជញ្ជូនមិនច្បាស់លាស់ ដើម្បីគេចពីទណ្ឌកម្ម។ មានកប៉ាល់ខ្លះ ក៏បានដាក់សិង្ហបុរី ជាគោលដៅបណ្តោះអាសន្ន មុនបន្តដឹកប្រេងទៅកាន់ទីតាំងផ្សេងទៀត។ ក្រុមអ្នកជំនាញជឿថា ការនាំចូលប្រេងរុស្ស៊ី អាចនឹងថយចុះក្នុងប៉ុន្មានខែខាងមុខ ប្រសិនបើច្រកសមុទ្រ Hormuz បើកដំណើរការឡើងវិញ ហើយការផ្គត់ផ្គង់ប្រេងពីតំបន់មជ្ឈិមបូព៌ាវិលមករកសភាពប្រក្រតីឡើងវិញ៕
ដោយ: តែម សុខុម