ការនៅតែបន្តបិទក្រុមហ៊ុនផ្គត់ផ្គង់សំខាន់ៗនៅអាស៊ី ដោយសារជំងឺរាតត្បាតកូវីដ១៩ បានធ្វើឱ្យការផ្គត់ផ្គង់មានការខាតបង់យ៉ាងធ្ងន់ធ្ងរកាលពីឆ្នាំមុន គឺពេលដែលអ្នកប្រើប្រាស់នៅអាមេរិក បានចំណាយប្រាក់កាន់តែច្រើន ដើម្បីបន្តទិញរថយន្ត និងគ្រឿងអេឡិចត្រូនិច ដែលពឹងផ្អែកលើបន្ទះឈីបសម្រាប់ការផលិតឧបករណ៍ទាំងនេះ។
លោកស្រី ជីណា រៃមុនដូ រដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក បាននិយាយថា លោកស្រី បានកោះប្រជុំថ្នាក់ដឹកនាំក្រុមហ៊ុន (CEO) ធំៗមួយចំនួន រួមទាំងម្ចាស់ក្រុមហ៊ុនផលិតបន្ទះឈីបផងដែរ ក្នុងអំឡុងពេលលោកស្រីបានធ្វើដំណើរនៅក្នុងប្រទេសកូរ៉េខាងត្បូង ដើម្បីពិភាក្សាអំពីកង្វះខាតនៃការផ្គត់ផ្គង់បន្ទះឈីបនេះ ហើយពួកគេទស្សទាយថា ប្រហែលជា ចុងឆ្នាំ ២០២៣ ឬក៏នៅដើមឆ្នាំ ២០២៤ ឯនោះ ទើបគេឃើញពីភាពល្អប្រសើរវិញនៃផលិតកម្មបន្ទះឈីបនេះ" ។
លើសពីនេះ លោកស្រីក៏បានអំពាវនាវម្តងហើយម្តងទៀត ឱ្យសភាធ្វើសកម្មភាពដើម្បីផ្តល់មូលនិធិសម្រាប់បង្កើតច្បាប់ដែលមានគោលបំណងជំរុញការផលិតបន្ទះឈីបកុំព្យូទ័រក្នុងស្រុក ដែលជាគន្លឹះដែលអាចជំរុញឲ្យមានការផលិតបានច្រើនជាងមុន ចាប់ពីគ្រឿងអេឡិចត្រូនិច រហូតដល់ឧបករណ៍វេជ្ជសាស្ត្រ និងឧបករណ៍សំខាន់ផ្សេងៗទៀត។
រដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិកដដែលសង្កត់ធ្ងន់ថា ប្រសិនបើសភាមិនធ្វើសកម្មភាពឲ្យបានលឿនទេនោះ ក្រុមហ៊ុនផលិតបន្ទះឈីបសំខាន់ដូចជា Samsung, Intel និង Micron នឹងសាងសង់រោងចក្ររបស់ពួកគេនៅក្នុងប្រទេសដទៃទៀត ហើយវានឹងមានបញ្ហាប្រឈមកាន់តែខ្លាំងសម្រាប់អាមេរិក។
សូមរំលឹកថា ព្រឹទ្ធសភាអាមេរិក ក៏ដូចជារដ្ឋសភាដែរ បានអនុម័តកញ្ចប់ថវិកាចំនួន ៥២ ពាន់លានដុល្លាររួចមកហើយ ក្នុងការបង្កើតច្បាប់ជំរុញការផលិតបន្ទះឈីបនេះ ដែលវានឹងជួយជំរុញដល់ការវិនិយោគលើការស្រាវជ្រាវ និងការផលិតបន្ទះឈីបក្នុងស្រុក ប៉ុន្តែរហូតមកដល់ពេលនេះសំណើច្បាប់នេះ នៅមិនបានឈានដល់ការអនុម័តចុងក្រោយនៅឡើយទេ៕
អត្ថបទ៖ ហ៊ុន គន្ធថៃ