សហព័ន្ធស្រូវអង្កររពឹងថា កម្ពុជានឹងអាចនាំចេញអង្ករទៅចិនបានដល់លើស៣០ម៉ឺនតោនក្នុងមួយឆ្នាំ បន្ទាប់ពីកិច្ចព្រមព្រៀងនេះចូលជាធរមាននៅដើមឆ្នាំ២០២២ ខាងមុខនេះ ខណៈបច្ចុប្បន្ន ស្ថានភាពការនាំចេញអង្ករពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិហាក់មានស្ថានភាពល្អប្រសើរឡើងវិញបន្តិចហើយ ដែលរំពឹងថានឹងមានកំណើននាំចេញខ្ពស់នៅចុងឆ្នាំ២០២១នេះ។ ទោះយ៉ាងណា ថ្លៃដឹកជញ្ជូននៅតែមានតម្លៃខ្ពស់ដដែល ទោះបីបញ្ហាកង្វះទូកុងតឺន័រហាក់មានភាពធូរស្បើយឡើងវិញបន្ដិចក្ដី។
ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាឧកញ៉ា សុង សារ៉ន នៅតែមានសុទិដ្ឋិនិយមខ្ពស់ចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិនក្នុងការជួយជំរុញកំណើនការនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារចិន ទោះបីផលិតផលអង្ករមិនត្រូវបានរាប់បញ្ចូលក្នុងកិច្ចព្រមព្រៀងនេះក៏ដោយ។ ថ្នាក់ដឹករូបនេះ រំពឹងថា ឥទ្ធិពលនៃកិច្ចព្រមព្រៀងនេះនឹងជួយសម្រួល ក៏ដូចជាផ្តល់ក្តីសង្ឃឹមបន្ថែមទៀតសម្រាប់កម្ពុជាក្នុងការចរចាជាមួយភាគីចិន ដើម្បីទទួលបានកូតានាំចេញអង្ករបន្ថែមទៀត។
ទន្ទឹមនឹងនេះឧកញ៉ា សុង សារ៉ន សង្ឃឹមថា កម្ពុជានឹងអាចនាំចេញអង្ករទៅកាន់ទីផ្សារចិនបានជាង៣០ម៉ឺនតោនក្នុង១ឆ្នាំ ក្រោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិនចូលជាធរមាន ខណៈកន្លងមកកម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារនេះបានចន្លោះពី២៧ទៅ៣០ម៉ឺនតោនតែប៉ុណ្ណោះក្នុង១ឆ្នាំ។
ឧកញ៉ា សុង សារ៉ន បានគូសបញ្ជាក់ថា បច្ចុប្បន្នការនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារក្រៅប្រទេសមានភាពល្អប្រសើរឡើងវិញបន្តិចហើយចាប់តាំងពីចុងខែតុលា ឆ្នាំ២០២១មក បន្ទាប់ពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ លើសកលលោកហាក់មានភាពធូរស្បើយ និងមានការលើកលែងលើវិធានការរឹតបន្តឹងមួយចំនួននៅតាមប្រទេសបញ្ជាទិញ។ លោកឧកញ៉ា បន្ថែមថា បច្ចុប្បន្នបញ្ហាកង្វះទូកុងតឺន័រមានភាពធូរស្បើយជាងមុនបន្តិចហើយ តែថ្លៃដឹកជញ្ជូនមិនទាន់មានការថយចុះនោះទេ។
អ្នកជំនាញរូបនេះ វាយតម្លៃថា ប្រសិនបើគ្មានការផ្ទុះការឆ្លងជំងឺកូវីដ-១៩ សាជាថ្មីនៅតាមប្រទេសបញ្ជាទិញ នោះនឹងអាចនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិបានក្នុងរង្វង់១០ម៉ឺនតោននៅអំឡុងខែធ្នូ ខាងមុខនេះ ដែលវានឹងជួយជំរុញកំណើននៃការនាំចេញអង្កររបស់កម្ពុជានៅឆ្នាំ២០២១ អាចប្រហាក់ប្រហែកនឹងបរិមាណនៅឆ្នាំ២០២០។
គួរបញ្ជាក់ថា នៅរយៈពេល១០ខែក្នុងឆ្នាំ២០២១ កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិសម្រេចបានជាង៤៦ម៉ឺនតោនគិតជាប្រាក់ជាង៣៩២លានដុល្លារ ថយចុះ៣៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកការនាំចេញស្រូវសម្រេចបានជាង២លានតោនគិតជាប្រាក់មានជាង៤៦៥លានដុល្លារ កើនឡើង៨៦% បើធៀបនឹង១០ខែកាលពីឆ្នាំ២០២០។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
បើតាមការបញ្ជាក់របស់ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជានិងស្ថានទូតចិនប្រចាំនៅកម្ពុជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន នឹងចូលជាធរមាននៅថ្ងៃទី១ មករា ឆ្នាំ២០២២។ ក្រោមកិច្ចព្រមព្រៀងនេះកម្ពុជាអាចនាំចេញទំនិញជាង៣០០មុខទៅកាន់ទីផ្សារចិនដោយរួចពន្ធ។ ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្មរំពឹងថា ការនាំចេញពីកម្ពុជាទៅចិននឹងមានកំណើន២៥% បន្ថែមទៀតក្រោមកិច្ចព្រមព្រៀងនេះ៕