ផ្លូវល្បឿនលឿនភ្នំពេញខេត្តព្រះសីហនុ តភ្ជាប់ពីភូមិទី១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិទី១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ឆ្លងកាត់រាជធានីភ្នំពេញ (ប្រវែង ៨,៣០គ.ម) ខេត្តកណ្តាល (ប្រវែង ៩,១០គ.ម) ខេត្តកំពង់ស្ពឺ (ប្រវែង ៨០,៨០គ.ម) ខេត្តកោះកុង (ប្រវែង ១,៩២គ.ម) និងខេត្តព្រះសីហនុ (ប្រវែង ៨៩,៨៩គ.ម) ដែលមានទទឹងតួផ្លូវសរុប ២៤,៥ម៉ែត្រ ក្រាលបេតុងកៅស៊ូ (AC) កម្រាស់ ១០សង់ទីម៉ែត្រ ចែកជា ៤គន្លង (២គន្លងទៅ ២គន្លងមក) ។ គន្លងនីមួយៗមានទទឹង ៣,៧៥ម៉ែត្រ ដែលអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទអាចបើកបរក្នុងល្បឿនរហូតដល់ ១០០គ.ម ទៅ ១២០គ.ម ក្នុងមួយម៉ោង។
តម្លៃសាងសង់ផ្លូវនេះ ជាតម្លៃផ្លូវដែលសង់អស់ប្រាក់ច្រើនជាងគេនៅក្នុងប្រទេសកម្ពុជា។ តម្លៃសង់ផ្លូវលើកនេះ ក៏សង់អស់ថ្លៃជាងផ្លូវដែលមានកម្រាស់គុណភាពប្រហាក់ប្រហែលគ្នាមួយជាពីរ ។ កាលពី ឆ្នាំ២០១៨ រាជរដ្ឋាភិបាល បានបើកការដ្ឋានសង់គម្រោងផ្លូវក្រវាត់ទី៣ ដែល ចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទាននូវទឹកប្រាក់ចំនួន ២៥៩លានដុល្លារអាមេរិក សម្រាប់ហិរញ្ញប្បទានដល់គម្រោងសាងសង់ផ្លូវ ក្រវ៉ាត់ក្រុងទី៣ ត្រូវបានចុះកិច្ចព្រមព្រៀងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ធនាគារនីហរ័ណ អាហរ័ណចិន ។
គម្រោងសាងសង់ផ្លូវក្រវាត់ ក្រុងទី ៣នេះនឹងត្រូវស្ថាបនាផ្លូវដោយមានប្រវែងសរុប ៤៧.៦គីឡូម៉ែត្រ ជាប្រភេទផ្លូវ ៤ គន្លង ដោយមានទទឹងតួផ្លូវសរុប២៥ម៉ែត្រ សម្រាប់ផ្លូវរថយន្ត៤គន្លង មានទទឹង៣.៥០ម៉ែត្រ /គន្លង និងផ្លូវទោចក្រយានយន្ត ២គន្លង ទទឹង២.២៥ ម៉ែត្រ/គន្លង ។ បើគេសង្កេតមើលទៅគម្រោងសង់ផ្លូវក្រវ៉ាត់ក្រុងនេះ សង់អស់ប្រាក់ត្រឹមជាង ៥លានដុល្លារប៉ុណ្ណោះ ក្នុងមួយគីឡូម៉ែត្រ គឺខុសគ្នានឹងគម្រោងផ្លូវល្បឿនលឿនមួយទ្វេជា ២ដង ខណៈដែលផ្លូវមានកម្រាស់បេតុងដូចគ្នានិងទទឹងខុសគ្នា។
ទោះជាយ៉ាងណា គម្រោងផ្លូវល្បឿនល្បឿនពីភ្នំពេញទៅខេត្តព្រះសីហនុ មានសាងសង់ស្ពានច្រើន និង តុបតែងផ្សេងៗទៀតដែរ។ តាមគម្រោងផ្លូវនេះ មានរៀបចំខឿនសួនចែកទិសចរាចរណ៍នៅចំកណ្តាលទ្រូងផ្លូវ សាងសង់លូគ្រប់ប្រភេទចំនួន ២៦៣កន្លែង ស្ពានតូចចំនួន ៥កន្លែង (ប្រវែងសរុប ១០៥ម៉ែត្រ) ស្ពានធំ និងស្ពានមធ្យមចំនួន ៨០កន្លែង (ប្រវែងសរុប ៦.០១៥ម៉ែត្រ) និងសាងសង់ផ្លូវប្តូរទិសចរាចរណ៍ចំនួន ៦កន្លែង ផ្លូវប្រសព្វចំនួន ២៨កន្លែង ផ្លូវក្រោមផ្លូវល្បឿនលឿនចំនួន ២៣៧កន្លែង និងស្ពានរំលងផ្លូវចំនួន ២០កន្លែង សាងសង់តំបន់សេវាកម្ម (ចំណតឈប់សម្រាក) ចំនួន ៣កន្លែង ចំណតរថយន្តចំនួន ១កន្លែង មណ្ឌលប្រតិបត្តិការ និងថែទាំផ្លូវ ចំនួន ៤កន្លែង និងបញ្ជរបង់ប្រាក់ ចំនួន ៨កន្លែង ព្រមទាំងបំពាក់គ្រឿងបរិក្ខារផ្លូវថ្នល់ រួមមាន ផ្លាកសញ្ញាចរាចរណ៍ ភ្លើងសញ្ញាចរាចរណ៍ និងគំនូសសញ្ញាចរាចរណ៍។
ទោះជាយ៉ាងណាក្ដី មន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូនមិនទាន់ បកស្រាយចំពោះតម្លៃសង់ផ្លូវនេះនៅឡើយ៕