ប្រទេសជាច្រើនក្នុងតំបន់អាស៊ីអាគ្នេយ៍បាននិងកំពុងពង្រីកការអភិវឌ្ឍសេដ្ឋកិច្ចតាមេយៈប្រព័ន្ធអនឡាញដែលជំរុញឱ្យមានការផ្លាស់ប្ដូរបែបឌីជីថលមួយដ៏ល្អប្រសើរ។ ជាក់ស្ដែងបើតាមការស្ទង់មតិពីមនុស្សជាង១ម៉ឺន៦ពាន់នាក់ ដែលរស់នៅក្នុងប្រទេសសិង្ហបុរី ម៉ាឡេស៊ី ហ្វីលីពីន ឥណ្ឌូនេស៊ី ថៃ និងវៀតណាម ត្រូវបានរកឃើញថា ពួកគេរីករាយនឹងទទួលយកការផ្លាស់ប្ដូរបែបឌីជីថលបានយ៉ាងរហ័សក្នុងអំឡុងពេលមានជំងឺរាតត្បាតកូវីដ១៩នេះ។
បើតាមការព្យាករណ៍ពីពេលនេះរហូតដល់ចុងឆ្នាំ ២០២១ គេរំពឹងថាប្រទេសនីមួយៗនៅអាស៊ីអាគ្នេយ៍នឹងមានប្រជាជនពេញវ័យពី៧០% ឬច្រើនជាងនេះ ដែលជាអ្នកប្រើប្រាស់ប្រព័ន្ធឌីជីថល ហើយការទិញលក់ទំនិញតាមអនឡាញ នឹងមានកំណើនពី ៥% ទៅ ៩%។ តួលេខនេះជាតួលេខមួយខ្ពស់ដោយហេតុថា វាជាតួលេខដែលកើនឡើងលឿនជាងប្រទេសធំៗជាច្រើនដូចជា ឥណ្ឌា ប្រេស៊ីល និងប្រទេសចិនផងដែរ។
សូមជម្រាបដែរថា នៅឆ្នាំ២០២០ ការចំណាយលើអនឡាញសម្រាប់មនុស្សម្នាក់នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍មានជិត ២៤០ដុល្លារ លើសពីការព្យាករណ៍កាលពីពេលកន្លងទៅ ហើយទឹកប្រាក់នេះត្រូវបានគេរំពឹងថានឹងកើនឡើងដល់ជិត ៣៩០ដុល្លារសម្រាប់ការចំណាយរបស់មនុស្សម្នាក់នៅអាស៊ីអាគ្នេយ៍ សម្រាប់ឆ្នាំ ២០២១នេះផងដែរ។
សូមបញ្ជាក់ថា ប្រទេសដែលមានអ្នកទិញទំនិញតាមប្រព័ន្ធអនឡាញនៅតំបន់អាស៊ីអាគ្នេយ៏ច្រើនជាងគេ រួមមានប្រទេសឥណ្ឌូនេស៊ី ហ្វីលីពីន ម៉ាឡេស៊ី សិង្ហបុរី និងវៀតណាម ដោយប្រទេសទាំងអស់នេះ រួមបញ្ជូលគ្នាទៅ បានវ៉ាដាច់ចិនដីគោក ដែលត្រូវបានចាត់ទុកថាជាទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិចធំបំផុតមួយរបស់ពិភពលោក។
គួរកត់សម្គាល់ដែរថា មិនត្រឹមតែការទិញទំនិញអនឡាញនោះទេដែលមានការកើនឡើង សូម្បីតែការប្រើប្រាស់បណ្តាញសង្គមក៏មានចំនួនហក់ឡើងខ្ពស់ផងដែរ។ ជាក់ស្តែង បើគិតត្រឹមត្រីមាសទី២នៃឆ្នាំនេះ មានប្រជាជនប្រមាណ ៣៥០លាននាក់ នៅអាស៊ីអាគ្នេយ៍ បានប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជារៀងរាល់ថ្ងៃ ដែលតួលេខនេះក៏មានការកើនឡើងខ្ពស់បំផុតបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕
អត្ថបទ៖ ស៊ើង និមល់