សេដ្ឋកិច្ចកម្ពុជា

តើការពុះចែកនូវខ្សែចង្វាក់ផ្គត់ផ្គង់ជាពីរនឹងជិះឥទ្ធិពលខ្លាំងក្លាកម្រិតណាដល់សេដ្ឋកិច្ចកម្ពុជា?


អស់រយៈពេលប្រមាណ ៥ឆ្នាំ មកហើយ ដែលសេដ្ឋកិច្ចពិភពលោកបានរងនូវការរង្គោះរង្គើ ដោយសារឥទ្ធិពលនៃសង្រ្គាមពាណិជ្ជកម្មរវាងប្រទេសធំៗ គឺសហរដ្ឋអាមេរិក និងចិន។ សង្រ្គាមពាណិជ្ជកម្មវាងប្រទេសមហាអំណាចទាំង២ នេះ នៅតែបន្តអូសបន្លាយ និងបានជះឥទ្ធិពលយ៉ាងខ្លាំងចំពោះសេដ្ឋកិច្ចពិភពលោក ក៏ដូចជា សេដ្ឋកិច្ចនៅតំបន់អាស៊ី។
តើការពុះចែកនូវខ្សែចង្វាក់ផ្គត់ផ្គង់ជាពីរនឹងជិះឥទ្ធិពលខ្លាំងក្លាកម្រិតណាដល់សេដ្ឋកិច្ចកម្ពុជា?

តាមការកត់សម្គាល់ឃើញរបស់អ្នកជំនាញ បានឲ្យដឹងថា សព្វថ្ងៃនេះ ពិភពលោកកំពុងមានទំនោរទៅរកការពុះជ្រៀកខ្សែចង្វាក់ផ្គត់ផ្គង់ជាពីរផ្នែក គឺមួយផ្នែកខាងអាមេរិក និងមួយផ្នែកទៀតខាងភាគីចិន។

ស្ថិតក្នុងបរិការណ៍នេះ ក្រុមអ្នកជំនាញសេដ្ឋកិច្ចនៅកម្ពុជា បានអះអាងថា ដរាបណា ភាគីជម្លោះមិនមានឆន្ទៈក្នុងការដោះស្រាយនូវបញ្ហានេះទេ សេដ្ឋកិច្ចពិភពលោក តំបន់ រួមទាំង កម្ពុជា នៅតែរងផលប៉ះពាល់ដោយសារឥទ្ធិពលនៃសង្គ្រាមពាណិជ្ជកម្ម ដែលកំពុងឆេះរាលដាលកាន់តែខ្លាំងឡើងៗ ដែលអាចនឹងបង្កឲ្យពិភពលោកបែកបាក់ជាប្រព័ន្ធទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយ។

ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានកត់សម្គាល់ឃើញថា បញ្ហាសង្រ្គាមពាណិជ្ជកម្ម រវាងប្រទេសមហាអំណាចធំៗ ពីរ គឺសហរដ្ឋអាម៉េរិក និងចិន កំពុងតែបង្កឲ្យពិភពលោក ឈានទៅដល់ដំណាក់កាលមួយ គឺបែងចែកខ្សែច្រវ៉ាក់ផ្គត់ផ្គង់ ជាពីរដាច់ពីគ្នា។ ថ្លែងក្នុងវេទិកាសាធារណៈ ស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ មន្រ្តីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ចរូបនេះ បានលើកឡើងពី និន្នាការថ្មីៗ របស់ពិភពលោក នាពេលបច្ចុប្បន្នដែលបាននិងកំពុងឈានដល់ដំណាក់កាលមួយ គឺការបែកបាក់ជាប្រព័ន្ធទាំងនយោបាយ និងសេដ្ឋកិច្ច ដោយសារតែសង្រ្គាមពាណិជ្ជកម្ម សង្រ្គាមវិនិយោគ និងសង្រ្គាមបច្ចេកវិទ្យា។

ចំណែក លោកបណ្ឌិត គី សិរីវឌ្ឍន៍ អ្នកវិភាគសេដ្ឋកិច្ច នៅរាជបណ្ឌិត្យសភាកម្ពុជា បានកត់សម្គាល់ឃើញថា ការបន្តអូសបន្លាយនៃសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសចិន និងសហរដ្ឋអាមេរិក គឺជាការដាក់បន្ទុកយ៉ាងខ្លាំងចំពោះសេដ្ឋកិច្ចរបស់ប្រទេសទាំង២ ខ្លួនឯងផង ក៏ដូចជា បណ្ដាប្រទេសដែលមានទំនាក់ទំនងជាមួយចិន និងអាម៉េរិកផង។ បើបណ្ឌិត គី សិរីវឌ្ឍន៍ បានបន្តថា បញ្ហាសង្រ្គមពាណិជ្ជកម្ម និងភាពអត្មានិយម ចង់ឈ្នះរបស់មហាអំណាចទាំង២ ជាពិសេសការដាក់បន្ទុករបស់អាម៉េរិក ទៅលើប្រទេសចិន ដើម្បីឲ្យសេដ្ឋកិច្ចចិនមានការលូតលាស់យឺត តែក៏ធ្វើឲ្យបណ្ដាប្រទេសដែលពឹងផ្អែកលើចិន ជួបប្រទះនូវបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចផងដែរ។ ដូច្នេះ បើសិន ភាគីអាម៉េរិក-ចិន មិនមានឆន្ទៈ ក្នុងការដោះស្រាយនូវបញ្ហានេះ ពិភពលោក និងបណ្ដាប្រទេសក្នុងតំបន់ រួមទាំង កម្ពុជា ផងនោះ នៅតែរងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច ដោយសារឥទ្ធិពលនៃសង្គ្រាមពាណិជ្ជកម្មនេះ។

លើសពីនេះ ឯកឧត្តម វង្សី វិស្សុត ក៏បានគូសបញ្ជាក់ ផងដែរថា ការបែងចែកនូវខ្សែចង្វាក់វ៉ាក់ផ្គត់ផ្គង់នេះ មិនត្រឹមតែបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់ខ្សែច្រវ៉ាក់ផលិតកម្ម ប៉ុណ្ណោះទេ ថែមទាំងជះឥទ្ធិពលដល់ការវិនិយោគ ផងដែរ ដោយឯកឧត្តមបានពន្យល់ថា ប្រសិនបើពិភពលោកដើរដល់ដំណាក់ការនេះ នឹងធ្វើឱ្យពិភពលោករងការខាតបង់យ៉ាងច្រើន ពោលគឺអាចនឹងខាតបង់សេដ្ឋកិច្ច ៧% នៃ GDP ពិភពលោក ។ ក្នុងនោះ ប្រទេសអ្នកមានធ្លាក់ចុះតែ ៥% នៃ GDP ទេ តែប្រទេសអ្នកក្រ ឬប្រទេសកំពុងអភិវឌ្ឍន៍ នឹងធ្លាក់ចុះរហូតដល់ ១២% នៃ GDP។ យ៉ាងណាក៏ដោយ ឯកឧត្តមបន្តថា សម្រាប់ប្រទេសកំពុងអភិវឌ្ឍ ពិតជាមិនចង់ឲ្យពិភពលោកបែងចែកជាពីរនោះទេ ជាពិសេសកម្ពុជា និងអាស៊ាន មិនចង់ជ្រើសរើសអ្នកណា នោះទេ គឺចង់ស្ថិតនៅកណ្តាល ច្រើនជាង។

សូមបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជា កាលពីឆ្នាំ២០២២ សម្រេចបានកំណើន៥,៤% ខណៈនៅឆ្នាំ២០២៣នេះ ត្រូវបានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរំពឹងថានឹងបន្ដកំណើន ៥,៦% ទាបជាងអ្វីដែលបានព្យាករកាលពីមុនដែលថានឹងមានដល់ ៦,៦%។ ការបន្ទាបការព្យាករនេះ ក៏ដោយសារតែមានការកត់សម្គាល់ឃើញពីស្ថានភាពសេដ្ឋកិច្ចសាកលបន្ដស្ថិតក្នុងភាពមិនច្បាស់លាស់ ពិសេសបណ្ដាប្រទេសសេដ្ឋកិច្ចធំៗ ដូចជា អាមេរិក ចិន និងអឺរ៉ុប ជាដើម៕




អត្ថបទបន្ទាប់


តើវិស័យធានារ៉ាប់រងនៅកម្ពុជានឹងជួបបញ្ហាប្រឈមអ្វីខ្លះនៅឆ្នាំ២០២៣?

វិស័យធានារ៉ាប់រងនៅកម្ពុជា កាន់តែបង្ហាញភាពរីកចម្រើនគួរឲ្យកត់សម្គាល់បើទោះបីកម្ពុជាទទួលរងនូវការឆ្លងរាតត្បាតកូវីដ-១៩ និងសេដ្ឋកិច្ចស្ថិតក្នុង…

ការប្រើប្រាស់ផ្លូវល្បឿនលឿនដោយរថយន្ដដឹកទំនិញនៅតែមានតិចតួច ខណៈខាងសមាគមដឹកជញ្ជូនស្នើឲ្យមានការសម្រួលតម្លៃបន្ថែម

អស់រយៈពេលប្រមាណ ៣ខែហើយ ដែលផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ និងមានការប្រើប្រាស់ជាហូរដោយរថយន្ដប្រភេទទេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ