ការបន្តបន្ទាបកំណើនសេដ្ឋកិច្ចរបស់តំបន់មួយនេះ ធ្វើឡើងក្រោយពី ធនាគារពិភពលោក មើលឃើញការរីករាលដាលឆ្លងមេរោគបំប្លែងខ្លួនប្រភេទឌែលលតា នៅតែអូសបន្លាយ និងបង្កការលំបាករបស់បណ្តាគ្រឹះស្ថានឯកជន និង គ្រួសារពលរដ្ឋនៅក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកដដែល។ ក៏ប៉ុន្ដែ បើមើលទៅលើការព្យាករពីកំណើនសេដ្ឋកិច្ចប្រទេសចិនឯណោះវិញ ធនាគារពិភពលោក នៅតែរក្សាការព្យាករកំណើនសេដ្ឋកិច្ចចិននៅដដែល គឺ ៨,៥% នៅឆ្នាំ២០២១។
នេះគឺជាលើកទី២ហើយសម្រាប់ឆ្នាំ២០២១ ដែលធនាគារធនាគារពិភពលោកបានបន្តទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចប្រទេសក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ដែលការព្យាករទម្លាក់លើកដំបូង ធ្វើឡើងកាលពីខែមេសា ដោយបានបន្ថយការព្យាកពី ៤,៤% មកនៅត្រឹម ៤%។
ក៏ប៉ុន្ដែ សម្រាប់ប្រទេសចិនវិញ ធនាគារពិភពលោក នៅតែបន្តរក្សាការព្យាកររបស់ខ្លួន សម្រាប់កំណើនសេដ្ឋកិច្ចចិននៅដដែល ពោលគឺ នឹងកើន ៨,៥% នៅឆ្នាំ២០២១នេះ ហើយបើដកប្រទេសចិនចេញ បង្ហាញឲ្យឃើញថា កំណើនសេដ្ឋកិច្ចបណ្តាប្រទេសដទៃទៀតក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកនៅឆ្នាំ២០២១នេះ នឹងមានត្រឹមតែ ២,៥%។ នេះបើតាមរបាយការណ៍ព្យាករថ្មីចុងក្រោយមួយរបស់ធនាគារពិភពលោក។
ក្នុងនោះអត្រាចំនួនការងារ និង កម្លាំងពលកម្មនៅក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកបានដាំក្បាលចុះយ៉ាងខ្លាំងដែលអនុញ្ញាតឲ្យគេព្យាករទុកមុនបានថា មានមនុស្សយ៉ាងហោចណាស់ ២៤លាននាក់ នឹងមិនអាចគេចផុតពីបន្ទាត់ភាពក្រីក្របានឡើយសម្រាប់ឆ្នាំ២០២១។
ប្រការទាំងនេះត្រូវបានលោកស្រី ម៉ានូអែឡា ហ្វេរ៉ូ (Manuela Ferro) អនុប្រធាធនាគារពិភពលោកសម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក អះអាងថា បណ្តាលមកពីការបន្តអូសបន្លាយពេលនៃកូវីដ១៩ ពិសេសកូវីដ១៩ បំប្លែងខ្លួនឌែលតា។ បន្ថែមពីលើនេះ វាបានរុញច្រានឲ្យសេដ្ឋកិច្ចនៃប្រទេសកំពុងអភិវឌ្ឍន៍ក្នុងតំបន់អាស៊ីបូព៌ា និង ប៉ាស៊ីហ្វិក ដើរថយក្រោយថែមទៀតផង។
យ៉ាងណាមិញ អនុប្រធានធនាគារពិភពលោកសម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិករូបនេះ បានបង្ហាញការជឿជាក់ថា ប្រទេសនៅក្នុងតំបន់ នឹងអាចក្រោកឡើងវិញបានយ៉ាងល្អជាក់ជាមិនខានឡើយ ជាមួយនឹងការអនុវត្តគោលនយោបាយត្រឹមត្រូវ។
ការបង្ហាញជំនឿចិត្តដូចនេះ ក៏ដោយសារតែលោកស្រី ម៉ានូអែឡា ហ្វេរ៉ូ បានកត់សម្គាល់ថា កាលពីឆ្នាំ២០២០ គ្រាដែលតំបន់ដទៃលើពិភពលោកកំពុងតែជាប់ដៃទប់ទល់ការរាលដាលជំងឺកូវីដ១៩ តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកមានភាពជោគជ័យនៅក្នុងការទប់ស្កាត់ជំងឺកូវីដ១៩កុំឱ្យរាលដាលខ្លាំង។ ដូចនេះ លោកស្រីជឿជាក់ថា ប្រទេសក្នុងតំបន់នឹងអាចងើបចេញពីវិបត្តិបានយ៉ាងរឹងមាំ និង ជោគជ័យ ដូចដែលគេធ្លាប់ធ្វើបានកន្លងមក។
សូមជម្រាបថា របាយការណ៍ធនាគារពិភពលោក បានផ្តល់ជាអនុសាសន៍ដល់ប្រទេសក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក យកទៅដោះស្រាយដើម្បីអាចស្តារសេដ្ឋកិច្ចបានល្អប្រសើឡើងវិញ ដោយទីមួយ ត្រូវដោះស្រាយការអល់អែកចំពោះការចាក់វ៉ាក់សាំងរបស់ពលរដ្ឋ និង កម្រិតនៃសមត្ថភាពបែងចែកវ៉ាក់សាំង ដើម្បីបង្កើនវិសាលភាពគ្របដណ្តប់នៃការចាក់វ៉ាក់សាំង។ ទីពីរត្រូវ ពង្រីកការធ្វើតេស្ត តាមដានប្រភពឆ្លង និង ការអនុវត្តវិធានការចត្តាឡីស័កដើម្បីគ្រប់គ្រងការឆ្លងមេរោគកូវីដ។ ទីបី បង្កើនការផលិតវ៉ាក់សាំងនៅក្នុងតំបន់ដើម្បីឈានទៅកាត់បន្ថយការពឹងផ្អែកលើការនាំចូលពីខាងក្រៅ។ និង ទី៤ ចុងក្រោយ គឺពង្រឹងប្រព័ន្ធសុខាភិបាលសម្រាប់លៃលកទប់ទល់ជាមួយជំងឺដែលមានវត្តមានរ៉ាំរ៉ៃទៅថ្ងៃមុខ៕