នៅក្នុងកិច្ចសម្ភាសពិសេសជាមួយសារព័ត៌មានខេមបូណូមីស លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ថា នៅក្នុងរដូវកាលសម្បូរភ្ញៀវទេសចរនេះ វាអាចជាឱកាសមួយសម្រាប់ប្រតិបត្តិករក្នុងវិស័យទេសចរណ៍ក្នុងការបង្ហាញពីសក្តានុពល និងភាពប្រកួតប្រជែងរបស់ខ្លួន ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យចូលមកកម្សាន្តនៅកម្ពុជា ដ្បិតថា វិស័យទេសចរណ៍កម្ពុជា បច្ចុប្បន្នហាក់មិនទាន់បានវិលទៅរកភាពល្អប្រសើរដូចមុនពេលមិនទាន់មានវិបត្តិជំងឺកូវីដ-១៩ នៅឡើយទេ។
បើតាមអ្នកជំនាញរូបនេះ ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសប្រតិបត្តិករក្នុងវិស័យទេសចរណ៍ត្រូវត្រៀមលក្ខណៈឱ្យបានរួចរាល់ និងល្អបំផុតទាំងក្រមសីលធម៌ សណ្តាប់ធ្នាប់ ការបដិសណ្ឋារកិច្ច និងបរិយាកាសមួយចំនួនទៀតក្នុងការទទួលភ្ញៀវទេសចរចាប់តាំងពីការចូលមកដល់កម្ពុជាដំបូង ពីព្រោះការទាក់ទាញចំណាប់អារម្មណ៍ល្អៗដំបូងពីភ្ញៀវទេសចរ គឺមានសារសំខាន់ខ្លាំងណាស់។ ទន្ទឹមនេះ លោក លើកទឹកចិត្តដល់ប្រតិបត្តិករទាំងអស់កុំឆ្លៀតឱកាសកេងប្រវ័ញ្ចផលចំណេញពីភ្ញៀវទេសចរនៅក្នុងឱកាសសម្បូរភ្ញៀវនេះ តែផ្ទុយទៅវិញត្រូវបង្ហាញពីគុណតម្លៃ និងសក្តានុពលរបស់ខ្លួនឱ្យបានពេញលេញជូនទៅដល់ភ្ញៀវទេសចរ។
ក្រៅពីប្រតិបត្តិករក្នុងវិស័យទេសចរណ៍ លោក ធួន ស៊ីណាន លើកទឹកចិត្តដល់ប្រជាពលរដ្ឋកម្ពុជា ទាំងអស់ ត្រូវរួមគ្នារក្សាកេរ្តិ៍ឈ្មោះ និងកិត្យានុភាពរបស់កម្ពុជា នៅលើឆាកអន្តរជាតិ ឱ្យបានល្អផងដែរ ដើម្បីធ្វើយ៉ាងណាអាចទាក់ទាញភ្ញៀវទេសចរជុំវិញពិភពលោកឱ្យចូលមកកម្សាន្តនៅកម្ពុជា បានកាន់តែច្រើនថែមទៀត។
សូមបញ្ជាក់ថា តាមស្ថិតិរបស់ក្រសួងទេសចរណ៍ នៅក្នុងរយៈពេល៩ខែ ឆ្នាំ២០២៤នេះ កម្ពុជាទទួលភ្ញៀវទេសចរអន្តរជាតិ ប្រមាណជាង៤លាន ៨សែននាក់ កើនឡើងជាង២២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣៕