ក្រុមអ្នកជំនួញ និងវិនិយោគិនធំៗមើឃើញថា វិស័យអចលនទ្រព្យរបស់កម្ពុជានៅឆ្នាំ២០២២ នឹងមានកំណើនយ៉ាងតិចក្នុងរង្វង់ ១០% បើធៀបនឹងឆ្នាំ២០២១ ប្រសិនបើក្រោយការបើកប្រទេសឡើងវិញគ្មានការផ្ទុះការឆ្លងជំងឺកូវីដ-១៩ កើតមានឡើង។ ក៏ប៉ុន្ដែ សម្រាប់ឆ្នាំ២០២១នេះវិញ វិស័យអចលនទ្រព្យត្រូវបានគេមើលឃើញថា មិនទំនងជាមានភាពល្អប្រសើរជាងឆ្នាំ២០២០ នោះទេ ការវាយតម្លៃបែបនេះរបស់ក្រុងមអ្នកជំនាញ និងអ្នកជំនួញអចលនទ្រព្យធំៗ គឺធ្វើឡើងក្នុងកម្មវិធីបើកបង្ហាញផ្ទះគំរូខុនដូក្នុងភូមិកីឡដ្ឋានវើលដ៍ប្រ៊ីដ របស់ក្រុមហ៊ុនវើលដ៍ប្រ៊ីដ គ្រុប សហការជាមួយរាជរដ្ឋាភិបាលកម្ពុជាកាលពីពេលថ្មីៗ។
អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនវើលដ៍ប្រ៊ីដគ្រុបបានលើកឡើងថា វិស័យអចលនទ្រព្យរបស់កម្ពុជានៅឆ្នាំ២០២២ នឹងមានកំណើនយ៉ាងតិច១០% ធៀបនឹងឆ្នាំ២០២០ ក្រោយរាជរដ្ឋាភិបាលបានសម្រេចបើកសកម្មភាពសង្គមនិងសេដ្ឋកិច្ចលើគ្រប់វិស័យឡើងវិញ។ ក៏ប៉ុន្ដែ អ្នកឧកញ៉ាគូសបញ្ជាក់ថា កំណើននេះអាចសម្រេចទៅបានលុះត្រាតែគ្មានករណីផ្ទុះការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ធំដុំ ក្រោយការបើកប្រទេសឡើងវិញនេះ។ យ៉ាងណាមិញ សម្រាប់វិស័យអចលនទ្រព្យនៅឆ្នាំ២០២១នេះវិញ ត្រូវបានអ្នកឧកញ៉ា សៀ ឫទ្ធី វាយតម្លៃថា អាចមានកំណើនប្រហាក់ប្រហែលនឹងឆ្នាំ២០២០ដែរ។
អ្នកជំនួញ និងជាវិនិយោគិនដ៏ល្បីក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា
អ្នកឧកញ៉ា សៀ ឫទ្ធី ជឿជាក់ថា
ចរន្តសេដ្ឋកិច្ចកម្ពុជានឹងមានដំណើរការល្អប្រសើរឡើងវិញជាបន្តបន្ទាប់
ក្រោយការបើកសកម្មភាពសង្គម និងសេដ្ឋកិច្ចលើគ្រប់វិស័យឡើងវិញរបស់រាជរដ្ឋាភិបាល។
អ្នកឧកញ៉ាចាត់ទុកការបើកប្រទេសឡើងវិញនេះថា
វាជាសារមួយក្នុងការជំរុញទឹកចិត្តឲ្យវិនិយោគិនជាតិ
និងអន្តរជាតិបន្តបោះទុន និងវិនិយោគនៅកម្ពុជាបន្ថែមទៀត។
ជាពិសេស វានឹងជួយផ្សព្វផ្សាយ និងទាក់ទាញវិនិយោគិនបរទេសថ្មីៗ ឲ្យមកវិនិយោគលើវិស័យអចលនទ្រព្យ ដែលនឹងជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឲ្យរីកចម្រើនកាន់តែខ្លាំងនាពេលអនាគត។
ការលើកឡើងទាំងនេះរបស់អ្នកឧកញ៉ា សៀ ឬទ្ធី ធ្វើឡើងក្នុងកម្មវិធីបង្ហាញបន្ទប់គំរូខុនដូនៃគម្រោងភូមិកីឡដ្ឋានវើលដ៍ប្រ៊ីដនៅអគារ The Bridge ជូនទីភ្នាក់ងារលក់ កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីឲ្យទីភ្នាក់ងារលក់ទាំងអស់បានទស្សនា និងសិក្សាលម្អិតជាក់ស្តែងពីបន្ទប់នីមួយៗ មុនពន្យល់បន្តដល់អតិថិជន។ ក្រៅពីទស្សនាបន្ទប់គំរូ ទីភ្នាក់ងារលក់ក្នុងគម្រោងភូមិកីឡដ្ឋានវើលដ៍ប្រ៊ីដទាំងអស់ ទទួលបានការចែករំលែកបទពិសោធន៍ និងយុទ្ធសាស្ត្រល្អៗពីអ្នកឧកញ៉ា សៀ ឬទ្ធី ដើម្បីអភិវឌ្ឍន៍ខ្លួនឲ្យជាអ្នកលក់ដ៏ពូកែផងដែរ៕