អ្នកទិញធុរកិច្ចមួយផ្នែកនេះរបស់ Huawei រួមមាន ក្រុមហ៊ុនចែកចាយ និងក្រុមហ៊ុនវិនិយោគចំនួនជាង ៣០ និងរដ្ឋអំណាចក្រុង Shenzhen ដែលបានរួមគ្នាបង្កើតជាក្រុមហ៊ុនថ្មីមួយ ដែលពុំមានភាគហ៊ុន ឬការចូលរួមពាក់ព័ន្ធរបស់ Huawei ឡើយ ។
ជុំវិញការលក់នេះ ពុំមានសេចក្ដីរាយការណ៍អំពីតួលេខតម្លៃឡើយ ។
ការលក់ជំនួញមួយផ្នែកចេញរបស់ Huawei នេះ កើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិកបានដាក់សម្ពាធយ៉ាងខ្លាំងទៅលើធុរកិច្ចផ្នែកលក់សម្ភារ-ឧបករណ៍ទូរគមនាគមន៍ និងធុរកិច្ចផ្នែកលក់ទូរសព្ទស្មាតហ្វូនរបស់ក្រុមហ៊ុនយក្ស Huawei ដែលធុរកិច្ចពីរផ្នែកនេះមានទំហំស្មើនឹងជាងពាក់កណ្ដាលនៃចំណូលសរុបរបស់ Huawei ។
រដ្ឋាភិបាលអាមេរិកអះអាងថា Huawei គឺជាការគំរាមកំហែងដល់សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក ប៉ុន្តែ ការចោទប្រកាន់នេះ ត្រូវបានក្រុមហ៊ុនចិនដ៏ធំបំផុតមួយនេះបដិសេធចោល ។
បន្ទាប់ពីទទួលរងផលប៉ះពាល់ពីទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ដែលចូលជាធរមានកាលពីខែកញ្ញា និងដែលបានកាត់ផ្ដាច់ Huawei ពីបណ្ដាញអ្នកផ្គត់ផ្គង់បន្ទះ chip ស្មាតហ្វូន ធំៗនៅលើសាកលលោក កំណើនចំណូលពីការលក់របស់ Huawei មានការថមថយចុះគួរឲ្យកត់សម្គាល់ សម្រាប់ត្រីមាសទី៣ ឆ្នាំ២០២០នេះ ។
Huawei បាននិយាយថា ធុរកិច្ចផ្នែកលក់ស្មាតហ្វូនរបស់ខ្លួនបានទទួលរងសម្ពាធយ៉ាងធ្ងន់ធ្ងរ ដោយសារតែការមិនអាចរកបាននូវធាតុផ្សំបច្ចេកទេសមួយចំនួន ដែលត្រូវការចាំបាច់សម្រាប់ទូរសព្ទស្មាតហ្វូនរបស់ខ្លួន ។
ក្រុមអ្នកច្បាប់បាននិយាយថា នៅក្រោមម្ចាស់ថ្មី ក្រុមហ៊ុន Honor អាចជៀសផុតពីទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ដែលអនុញ្ញាតឲ្យខ្លួនអាចទិញបន្ទះ chip ដែលផលិតដោយបច្ចេកវិទ្យាអាមេរិក ដោយមិនចាំបាច់មានអាជ្ញាបណ្ណ ។
បន្ទាប់ពីត្រូវទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ក្រុមហ៊ុន Huawei បានឲ្យដឹងថា ខ្លួនមានផែនការដើម្បីផលិតបន្ទះ chip ដោយខ្លួនឯង នៅក្នុងទីក្រុងសៀងហៃ នៅឯរោងចក្រមួយ ដែលនឹងមិនប្រើបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក ឡើយ ៕
(ប្រភព៖ Financial Times)