សារព័ត៌មាន CNN របស់អាមេរិក បានស្រង់របាយការណ៍ពីក្រុមហ៊ុន Huawei បានឲ្យដឹងថា ការលក់របស់ក្រុមហ៊ុនយក្សចិនមួយនេះ បានហក់កើនឡើងដល់ជាង ៥៨ ពាន់លានដុល្លារអាមេរិក នៅឆមាសទី ១ ឆ្នាំនេះ ដោយត្រូវបានជំរុញដោយកំណើននៃពាណិជ្ជកម្មទូរស័ព្ទស្មាតហ្វូនរបស់ខ្លួន និងកំណើននៃកិច្ចសន្យាបណ្ដាញ 5G។
បើតាមការប្រកាសពីក្រុមហ៊ុន Huawei ចំណូលនៅឆមាសទី ១ឆ្នាំនេះ មានការកើនឡើង២៣% ធៀបនឹងឆមាសទី ១កាលពីឆ្នាំមុន។
ក្រុមហ៊ុន Huawei ត្រូវបានគេដឹងទៀតថា មានការលក់ឧបករណ៍ទូរគមនាគមន៍ ច្រើនជាងក្រុមហ៊ុនដទៃទៀត នៅក្នុងពិភពលោក ហើយក៏ជាម៉ាកទូរស័ព្ទស្មាតហ្វូននាំមុខគេមួយ ដែលប្រជែងទីផ្សារគ្នាជាមួយនឹង Samsung និង Apple ជាដើម។
របាយការណ៍ចំណូលចុងក្រោយរបស់ក្រុមហ៊ុន Huawei បានបញ្ចេញឡើងច្រើនជាងពីរខែ បន្ទាប់ពីសហរដ្ឋអាមេរិក បានដាក់ការរឹតដ្បិតថ្មី ទៅលើក្រុមហ៊ុនចិនមួយនេះ។ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានដាក់ក្រុមហ៊ុនHuawei ក្នុងបញ្ជីពាណិជ្ជកម្មខ្មៅ នៅក្នុងខែ ឧសភា ដោយបានរារាំងក្រុមហ៊ុនអាមេរិក ក្នុងការលក់កម្មវិធី និងគ្រឿងបង្គុំនានា ទៅឲ្យក្រុមហ៊ុន Huawei ដោយមិនមានអាជ្ញាបណ្ណអនុញ្ញាតនោះឡើយ។
ទោះបីជាអាមេរិកដាក់ការរឹតដ្បិតខ្លាំងយ៉ាងក៏ដោយ ក៏ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Huawei លោក Liang Hua បាននិយាយនៅថ្ងៃអង្គារទី ៣០ ខែកក្កដានេះថា ប្រតិបត្តិការរបស់ក្រុមហ៊ុនខ្លួន នៅតែដំណើរការបានយ៉ាងរលូន។
លោក Liang និយាយប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា «ផលិតផលស្នូលរបស់យើង មិនត្រូវបានរងផលប៉ះពាល់ខ្លាំងនោះឡើយ»។ លោក បានបន្ថែមទៀតថា «បញ្ជីពាណិជ្ជកម្មខ្មៅ មានផលប៉ះពាល់ខ្លះដល់ការអភិវឌ្ឍរបស់យើង ប៉ុន្ដែវិសាលភាព និងទំហំនៃផលប៉ះពាល់នោះ គឺអាចគ្រប់គ្រងបាន»។
គួរដឹងដែរថា ក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei នេះ ត្រូវបានគេកត់សម្គាល់ថា បានក្លាយជាចំណុចលេចធ្លោមួយនៅក្នុងសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន។ សូម្បីតែ មុនមានការដាក់ចូលក្នុងបញ្ចីពាណិជ្ជកម្មខ្មៅ ក៏សហរដ្ឋអាមេរិក បានដឹកនាំកិច្ចខំប្រឹងប្រែងមួយ ដើម្បីទប់ស្កាត់មហិច្ឆតារបស់ក្រុមហ៊ុន Huawei ដែលចង់ក្លាយជាអ្នកដឹកមុខនៃពិភពលោក ក្នុងការបង្កើតឲ្យមានការប្រើប្រាស់នូវបច្ចេកវិទ្យាជំនាន់ថ្មី 5G ដែលបច្ចេកវិទ្យានេះអាមេរិកធ្លាប់ព្រមានថា ប៉ះពាល់ដល់បញ្ហាសន្ដិសុខ ។
បន្ថែមពីនេះទៀត រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ក៏បានជំរុញឲ្យសម្ព័ន្ធមិត្តរបស់ខ្លួនផ្សេងទៀត រឹតដ្បិត ឬហាមឃាត់ការប្រើប្រាស់ឧបករណ៍នៅក្នុងបណ្ដាញ5G របស់ក្រុមហ៊ុន Huawei ផងដែរ ដោយអាមេរិកចោទថា រដ្ឋាភិបាលទីក្រុងប៉េងកាំង អាចប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុននេះ ដើម្បីធ្វើចារកម្ម លើប្រទេសផ្សេងៗទៀត។ ទោះយ៉ាងណា ក្រុមហ៊ុន Huawei បានច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់នេះ។
លោក រេន សេងហ្វៃ ស្ថាបនិកក្រុមហ៊ុននេះ កាលពីពេលកន្លងទៅ ក៏ធ្លាប់បានឆ្លើយតបបែបចំអកដល់អាមេរិកផងដែរថា តើឲ្យក្រុមហ៊ុន Huawei លួចព័ត៌មានអ្វី ពីអាមេរិក? បើអាមេរិក គ្មានអ្វីឲ្យលួចផងនោះ៕