ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានបេតុងខ្សែកាបឆ្លងកាត់ទន្លេសាប និងស្ពានអាកាសឫស្សីកែវ នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តាំទៅកាន់អ្នកដឹកនាំប្រទេសបន្តវេននាពេលអនាគត ត្រូវប្រើប្រាស់នូវថវិកា ឬវិភាជថវិកាទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធពន្លឿនសេដ្ឋកិច្ច ពោលគឺជាការបែងចែកផ្លែផ្កានៃកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌ ។ សម្តេច បានសង្កត់ធ្ងន់ត្រង់ចំណុចនេះថា អ្នកដឹកនាំត្រូវតែក្ដាប់ឲ្យជាប់ នៅពេលដែលដឹកនាំប្រទេស ឬគ្រប់គ្រងដឹកនាំស្ថាប័នដែលទាក់ទងនឹងការរៀបចំក្របខ័ណ្ឌគោលនយោបាយស្តីពីការអភិវឌ្ឍនាពេលអនាគត។ ការបែងចែកផ្លាផ្កានៃកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា គឺសំដៅលើការវិភាជថវិកាទាំងឡាយ ដើម្បីបម្រើដល់ប្រជាពលរដ្ឋទាំងអស់គ្នា ដូចជាទាក់ទងនឹងការសាងសង់ផ្លូវ ស្ពាន មន្ទីរពេទ្យ និងសាលារៀនជាដើម។
យ៉ាងណាមិញ ចំពោះសមិទ្ធផលស្ពានបេតុងខ្សែកាបឆ្លងកាត់ទន្លេសាប និងស្ពានអាកាសឫស្សីកែវនេះ សម្តេចតេជោអះអាងថា គឺរាជធានីភ្នំពេញកំពុងដើរលើផ្លូវដ៏ត្រឹមត្រូវមួយ លើការអភិវឌ្ឍក្រោមគោលនយោបាយ និងយុទ្ធសាស្រ្ដដ៏ត្រឹមត្រូវ ពោលគឺ «យកស្លឹកត្នោតខ្ចប់ស្ករត្នោត»។ ក្នុងន័យនេះ គឺយកចំណូលដែលបានមកពីរាជធានីភ្នំពេញ យកមកអភិវឌ្ឍរាជធានីភ្នំពេញឡើងវិញ ដែលបានធ្វើឱ្យរាជធានីភ្នំពេញមានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ដោយបានកសាងហេដ្ឋារចនាសម្ព័ន្ធលើគ្រប់វិស័យ សម្រាប់បម្រើដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។
បើតាមសម្តេច ហ៊ុន សែន រាជធានីភ្នំពេញ គឺត្រូវការស្ពានចំនួន៣ បន្ថែមទៀត ដោយស្ពានចំនួន២ អាចនឹងចេញជារូបរាងក្នុងពេលឆាប់នេះ គឺស្ពានមិត្តភាពកម្ពុជា-កូរ៉េ និងស្ពានផ្លូវល្បឿនលឿនពីភ្នំពេញទៅបាវិតនៅផ្នែកខាងក្រោម។ និងស្ពានទី៣ គឺស្ពាននៅម្តុំចាក់អង្រែឆ្លងទៅកាន់ព្រែកប្រា៕