ថវិការដ្ឋ​អន្តរាគមន៍​ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ

រដ្ឋត្រៀមទម្លាក់ថវិកា ៥០០ ទៅ៦០០ លានដុល្លារ ដើម្បីអន្តរាគមន៍ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ


បន្ទាប់ពីបានអំពាវនាវ ម្ដងហើយម្ដងទៀត ចំពោះធនាគារ និងមីក្រូហិរញ្ញវត្ថុ ក៏ដូចជាម្ចាស់អភិវឌ្ឍបុរីលំនៅដ្ឋាន ឲ្យមានការយោគយល់ ពន្យារពេលសង់ប្រាក់ និងកាត់បន្ថយការប្រាក់ សម្រាប់កូនបំណុលរបស់ខ្លួនហើយនោះ នៅថ្ងៃទី ៣០ ខែមីនានេះ សម្តេច ហ៊ុន សែន ក៏បញ្ជាក់ថា រាជរដ្ឋាភិបាល បាននិងកំពុងសិក្សាពីលទ្ធភាពដើម្បីបញ្ចេញទុនបម្រុងរបស់រដ្ឋ ប្រហែល ៥០០ ទៅ ៦០០ លានដុល្លារអាមេរិក ដើម្បីអន្តរាគមន៍នៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុនេះផងដែរ។
វិស័យ​មីក្រូហិរញ្ញ​វត្ថុ​នៅ​កម្ពុជា ត្រូវ​បាន​គេ​មើល​ឃើញថា លូត​លាស់​យ៉ាង​លឿន​ក្នុងរយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ចុង​ក្រោយ​នេះ។
ដោយ

ថ្លែង​នៅ​ក្នុង​សន្និសីទកាសែតក្នុងវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បាន​អំពាវនាវ ស្នើ​ឲ្យ​ធនាគារ មីក្រូហិរញ្ញវត្ថុ ក៏ដូចជា ម្ចាស់​បុរីលំនៅដ្ឋាន មេត្តា​យោគយល់ និង​ផ្ដល់ការបន្ថូរបន្ថយ​ ដល់កូនបំណុល​របស់ខ្លួន​ ស្របពេលដែល​ប្រទេស​កម្ពុជា​បច្ចុប្បន្ននេះ កំពុង​រងផល​ប៉ះពាល់​ដោយសារ​បញ្ហា Covid-19។

សម្តេច បានសង្កត់ធ្ងន់​ថា រាជរដ្ឋាភិបាល​ក៏កំពុង​ពិនិត្យ​លទ្ធភាព​ក្នុងការញ្ចេញនូវ​ទុនបម្រុង​​ប្រហែល ៥០០ ទៅ៦០០ លាន​ដុល្លារ ដើម្បីឲ្យ​ធនាគារ​ឯកទេស​ខ្ចី​ក្នុង​អត្រាការប្រាក់ទាប ហើយធនាគារ​ឯកទេស​ទាំងនោះ ក៏នឹង​អាច​យកទៅឲ្យ​​អតិថិជន​ខ្ចីបន្ត​ នៅក្នុងអត្រាការប្រាក់ទាបដែរ។ បើតាម​ការបញ្ជាក់របស់​ប្រមុខរាជរដ្ឋាភិបាល​កម្ពុជា ទឹកប្រាក់​ប្រមាណ ៥០០ ទៅ៦០០ លាន​ដុល្លារអាមេរិកនេះ គឺជាប្រាក់​សន្សំរបស់រដ្ឋ។

នាយករដ្ឋមន្ត្រី​កម្ពុជា បាន​មានប្រសាសន៍​យ៉ាងដូច្នេះ «យើងក៏កំពុងតែពិនិត្យ​អំពីលទ្ធភាព​បញ្ចេញទុន​របស់​រាជរដ្ឋាភិបាល​ ៥ ឬ៦រយ​លានដុល្លារ ដើម្បីឲ្យធនាគារ​ឯកទេស​ខ្ចី​ ក្នុងអត្រា​ការប្រាក់ទាប​ ហើយធនាគារ​ឯកទេសទាំងនោះ នឹងយកទៅឲ្យ​​អ្នកធ្វើអាជីវកម្ម ដោយការប្រាក់ទាប​ដែរ។ យើងកំពុង​ពិនិត្យ​បញ្ហានេះ ប៉ុន្ដែ មិនទាន់ឈានដល់ទេ​ តែយើង​នឹងឈានដល់​នៅជុំទី២ យើងប្រកាស​ជុំទី១ហើយ! ជុំទី២ ឬជុំទី៣ អំពី​លទ្ធភាព​នៃការ​បញ្ជេញ​ទុន​បម្រុង​​របស់រដ្ឋ​ ប្រាក់សន្សំ​របស់រដ្ឋ។»

បើតាម​ការគូសបញ្ជាក់របស់​សម្តេចហ៊ុន សែន ក្នុងកាលៈទេសៈនេះ ធនាគារ​មិនគួរ​ទៅរឹបអូស​យក​ទ្រព្យ​ដូចជា​ផ្ទះ​សម្បែង របស់​កូនបំណុល​ខ្លួន ដោយសារតែពួកគេ​មិនមានលទ្ធភាពសង​នោះទេ។

សម្តេច ហ៊ុន សែន មានប្រសាសន៍ថា «រដ្ឋគ្រាន់តែ​អំពាវនាវ​ឲ្យវិស័យឯកជន និងវិស័យឯកជន ធ្វើការផ្ដល់នូវ​ការយោគយល់គ្នា រាប់ទាំងវិស័យធនាគារ​ យោគយល់​ចំពោះការពន្យារពេលសង​ គ្រាន់តែពន្យារពេលសង​ដល់គ្នា [កូនបំណុល] ។ ដល់ដំណាក់កាលសងបញ្ចប់​ គ្នា [កូនបំណុល] មានការលំបាក​ ដូច្នេះ មិនគួរប្រើប្រាស់​ពេលវេលានេះ ដើម្បី​ទៅរឹបអូស​​យកផ្ទះគ្នាទេ​​! ពន្យារ គេថា បន្ថយការប្រាក់!»។ 

បើតាម​សម្តេច ហ៊ុន សែន ខាងរាជរដ្ឋាភិបាល តាមរយៈ​ធនាគារជាតិ​ បានមានវិធានការច្រើនហើយ​ ចំពោះ​ធនាគារ និងមីក្រូហិរញ្ញវត្ថុ ដូចជា​ពាក់ព័ន្ធ​នឹង​ទុនបម្រុង​កាតព្វកិច្ច ដោយកាលពីពេល​កន្លងទៅ បម្រុង​កាតព្វកិច្ច​តម្រូវឲ្យមាន ជាង ១២% ប៉ុន្ដែ ឥឡូវ​ខាងធនាគារជាតិ បានបន្ថយ​ឲ្យមាន​មកនៅ​ត្រឹម ៧%​ប៉ុណ្ណោះ។ ​វិធានការ​បន្ថូរបន្ថយ​របស់​ធនាគារជាតិនេះ ក៏បានធ្វើឲ្យ​ខាងធនាគារ និងមីក្រូហិរញ្ញវត្ថុ​ទាំងអស់​មានទុន​ប្រហែល​ ១៨០០ លាន​ដុល្លារអាមេរិក ដើម្បី​ដោះស្រាយ​ជួយ​ដល់​កូនបំណុល​របស់ខ្លួន។

សម្តេច ហ៊ុន សែន បានគូសបញ្ជាក់ថា បន្តថា ក្នុងកាលៈទេសៈនេះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ត្រឹមតែ​ធ្វើការអំពាវនាវ​ដល់​វិស័យឯកជន ពិសេស​ខាងធនាគារ ម្ចាស់បុរី​លំនៅដ្ឋាន​​​ឲ្យធ្វើការយោគយល់ប៉ុណ្ណោះ ប៉ុន្ដែ នៅពេល​ដែល​ប្រទេស​ត្រូវបាន​ដាក់​ចូល​ក្នុងគ្រាអាសន្ន នៅពេលខាងមុខនេះ រាជរដ្ឋាភិបាល​អាចនឹង​មានសិទ្ធិ​ក្នុងការ​កំណត់​លើថ្លៃទំនិញមួយចំនួន​។ ប៉ុន្ដែ សម្តេចថា បើទោះបីជា​មានច្បាប់​​ដាក់ប្រទេស​ក្នុងគ្រាអាសន្ន​ក៏ដោយ ក៏រាជរដ្ឋាភិបាល នឹងមិនទៅលូកដៃរវាង​ឯកជន និងឯកជន​នោះដែរ។ ទោះយ៉ាងណា រាជរដ្ឋាភិបាល​នៅតែ​អំពាវនាវ ឲ្យ​​វិស័យឯកជន​ និងឯកជនមានការ​យោគយល់គ្នា។ 

សារព័ត៌មាន​ខេមបូណូមីស​មិនអាច​សុំការ​បញ្ជាក់បន្ថែម​ពី​លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាន​​​សមាគមធនាគារ​នៅ​កម្ពុជា និងលោក គា បូរាណ ប្រធាន​ក្រុមប្រឹក្សាភិបាល សមាគម​មីក្រូហិរញ្ញវត្ថុ​នៅកម្ពុជា​បានទេ នៅរសៀលថ្ងៃទី ៣០ ខែមីនានេះ ដោយទូរស័ព្ទ​ចូលជាច្រើនលើក ​តែមិនមានអ្នក​ទទួល។

សូមបញ្ជាក់ថា បើតាម​ប្រសាសន៍​របស់​សម្តេច​ ហ៊ុន សែន កម្ពុជា បានត្រៀម​ថវិកា​​ដើម្បី​សង្គ្រោះ​សេដ្ឋកិច្ច​របស់របស់ខ្លួន ដែលកំពុង​រង​ផលប៉ះពាល់​ដោយ​បញ្ហា Covid-19 នេះ ដោយ​សម្រាប់​ផលប៉ះពាល់​រយៈពេល​ ៦ខែ រដ្ឋ​ត្រៀមចំណាយ ៨០០ លានដុល្លារ តែបើ​បញ្ហានេះ អូសបន្លាយ​ដល់​មួយឆ្នាំ​ នោះរដ្ឋ​នឹង​មានថវិកាត្រៀម ២ពាន់លានដុល្លារ។ ទោះយ៉ាងណា សម្តេច បញ្ជាក់ថា មកទល់ពេលនេះ រដ្ឋ​មិនទាន់បាន​ប្រើប្រាស់​កញ្ចប់​ថវិកា​នេះនៅឡើយទេ ដោយ​គ្រាន់តែ​ប្រើប្រាស់​ថវិកា​ដែលសល់ពីការ​ចំណាយ​ចរន្ដ​ ដែលបានមកពី​ការ​ប្រមូលពន្ធដារ និងពន្ធគយ​ប៉ុណ្ណោះ។

សម្តេច ហ៊ុន សែន បាន​គូសបញ្ជាក់ថា សម្រាប់​ការប្រមូលពន្ធគយ​នៅខែ​មីនានេះ គឺមានការថមថយ​តិចតួច ប៉ុន្ដែ ការប្រមូល​ចំណូល​ពន្ធដារ​នៅតែកើនឡើង ដែល​នៅខែមីនានេះ ចំណូល​ទាំងបាន​មកពន្ធដារ និងពន្ធគយ គឺ​អាចនឹង​មានរហូតដល់ជិត ៧០០ លានដុល្លារអាមេរិក ខណៈដែល​ការចំណាយរន្ដ​របស់រដ្ឋ​មានប្រមាណ ៤០០ លានដុល្លារអាមេរិក ក្នុងមួយខែ៕​

None



អត្ថបទបន្ទាប់


ក្រុមហ៊ុន Smart Axiata ប្រកាស​ផ្តល់​ជំនួយ​មូលនិធិ​​ ១លាន​ដុល្លារ​ ដើម្បី​ទប់ស្កាត់​វីរុស​កូវីដ១៩

មូលនិធិនេះ​ត្រូវ​បាន​រៀបចំ​ឡើង​បន្ថែម​ពី​លើ​សកម្មភាព​នានា ដែល​ក្រុមហ៊ុន ស្មាត អាស្យាតា (Smart Axiata) បាន​អនុវត្ត ក្នុង​នោះ​រួមមាន​ដ…

បច្ចុប្បន្ន មានការផលិតឧបករណ៍ធ្វើតេស្តរហ័សរកវីរុសកូវីដ១៩ ជាង២០០បែប តែមិនទាន់អាចយកជាផ្លូវការបានទេ

មកទល់នឹងពេលនេះ មានប្រទេសជាច្រើនផលិតឧបករណ៍ធ្វើតេស្តរហ័ស រកវីរុសកូវីដ១៩ មានប្រមាណជាង ២០០បែបហើយ តែមិនទាន់អាចយកជាផ្លូវការបានទេ ព្រោះអង្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ