នៅក្នុងឱកាសដែលអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៨ តភ្ជាប់ពីខេត្តបន្ទាយមានជ័យទៅខេត្តឧត្តរមានជ័យសម្តេចតេជោបានមានប្រសាសន៍ថា« អំបាញ់មិញ ឯកឧត្តម វ៉ាង វិនធាន បាននិយាយទៅដល់បញ្ហាទាក់ទិនជាមួយនឹងការបញ្ជូនអោយបានឆាប់នូវវត្ថុធាតុដើមជាក្រណាត់ ដែល៦០%នៃក្រណាត់កាត់ដេរនៅកម្ពុជាត្រូវយកពីចិន អ៊ីចឹងខ្ញុំសង្ឃឹមថា ឯកឧត្តម វ៉ាង វិនធាន នឹងចូលរួមចំណែកដើម្បីជួយ សម្រាប់ឲ្យ រដ្ឋាភិបាលនៃសាធារណៈរដ្ឋប្រជាមានិតបញ្ជូនតាមនាវាក្តី ហើយខ្ញុំគិតថាមិត្តចិនអាចធ្វើទៅបាន ហើយកម្ពុជា ក៏អាចនឹងខិតខំធ្វើទៅបាន ប្រសិនបើសាច់ក្រណាត់ខ្លះគឺត្រូវដឹកតាមកប៉ាល់ហោះ ក៏ត្រូវតែដឹក ដើម្បីសង្គ្រោះ កុំអោយបិទរោងចក្រនៅកម្ពុជា ខ្ញុំគិតថាធ្វើបាន កប៉ាល់ហោះចិនច្រើនណាស់»។
សម្តេចបានបន្តថា «យើងអាចនឹងជួលយន្តហោះពីកម្ពុជា ទៅដឹកវត្ថុធាតុដើមហ្នឹងមក ព្រោះអាហ្នឹង វាអត់មានដឹកភ្ញៀវទេ ដឹកតែសាច់ក្រណាត់មកតែម្តង។ខ្ញុំផ្តល់ជាមតិ ម្ខាងយើងអាចដឹកជញ្ជូនតាមផ្លូវទឹក ម្ខាងអាចដឹកជញ្ជូនតាមផ្លូវអាកាស ដើម្បីផ្គត់ផ្គង់វត្ថុធាតុដើម សម្រាប់រោងចក្រមួយចំនួនដែលខើច»។
គូសបញ្ជាក់ថា វិស័យកាត់ដេរនៅកម្ពុជា ជាវិស័យទី២ ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជាអះអាងថា បានរងផលប៉ះពាល់ធ្ងន់ធ្ងរដែរ បន្ទាប់ពីវិស័យទេសចរណ៍ ក្រោយកើតមានបញ្ហាវីរុសកូរ៉ូណា និងការដកផ្នែកខ្លះនៃEBA។ ហើយថ្មីៗនេះ សម្តេចហ៊ុនសែន បានប្រកាសដាក់ចេញវិធានការបន្ទាន់មួយចំនួនផងដែរ ដើម្បីសង្គ្រោះវិស័យមួយនេះ ដូចជា ការមិនយកពន្ធលើរោងចក្រសហគ្រាសពី៦ខែ ទៅ១ឆ្នាំ និងការផ្តល់ប្រាក់បៀវត្សន៍ជូនកម្មករនយោជិក៦០% នៅអំឡុងពេលព្យួរការងារជាដើម៕