សម្តេច ហ៊ុន សែន នៅក្នុងឱកាសដែលសម្ដេច អញ្ជើញថ្លែង សារពិសេសមួយជូនជនជាតិ ខ្មែរទាំងអស់ពាក់ព័ន្ធស្ថានភាពថ្មីៗចុងក្រោយ ដែលធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ២៤ កុម្ភៈ ឆ្នាំ២០២០។
នាយករដ្ឋមន្ត្រីកម្ពុជា បានអះអាងទៀតថា «ហ៊ុនសែន មិនស្នើសុំមកវិញ (EBA) ដើម្បីដោះដូរអធិបតេយ្យភាពរបស់ជាតិនោះទេ»។
សម្ដេច បន្ថែមទៀតថា នៅពេលដែលមានការដក EBA ផ្នែកខ្លះ ដែលមានប្រមាណ២០% នៃទំនិញនាំចេញទៅអឺរ៉ុបនោះ កម្ពុជានឹងត្រូវបង់ពន្ធប្រមាណ តែ ១០០ លានដុល្លារអាមេរិកប៉ុណ្ណោះ ក្នុងមួយឆ្នាំ ដូច្នេះ រាជរដ្ឋាភិបាលមិនដោះដូរអធិបតេយ្យភាព ជាមួយនឹងលុយ១០០ លានដុល្លារអាមេរិកនោះទេ។
សម្តេច ហ៊ុន សែន បញ្ជាក់ថា «យើងមិនអាចតាម EU ទេ។
សម្តេច ហ៊ុន សែន បានស្នើដល់វិនិយោគិនចិន កុំឲ្យរត់ចោលកម្ពុជានៅពេល EBA ត្រូវបានដក ហើយរាជរដ្ឋាភិបាលក៏នឹងបន្តស្វែងរកទីផ្សារបន្ថែមទៀត ដើម្បីជំរុញដល់ការនាំចេញ។ ជាមួយគ្នានេះ សម្តេច ក៏បានស្នើឲ្យរោងចក្រចិន បន្តការផ្គត់ផ្គង់វត្ថុធាតុដើមសម្រាប់ការផលិតរបស់រោងចក្រកាត់ដេរកម្ពុជាឡើងវិញ ខណៈដែលបច្ចុប្បន្នរោងចក្រកាត់ដេរនៅកម្ពុជាកំពុងរងផលប៉ះពាល់ដោយសារតែកង្វះវត្ថុធាតុដើមផលិត ក្រោយពីមានការផ្ទុះឡើងនៃវីរុស Covid 19។
សូមបញ្ជាក់ថា បើតាមសហភាពអឺរ៉ុប បានលើកឡើងនៅក្នុងសេចក្ដីថ្លែងការរបស់ខ្លួននាពេលថ្មីៗនេះ បានឲ្យដឹងថា ការសម្រេចដក EBA ផ្នែកខ្លះ ដែលប៉ះពាល់ ដល់ទំហំការនាំចេញរបស់កម្ពុជាទៅអរ៉ុបប្រមាណ ២០% នោះ នឹងត្រូវអនុវត្តចាប់ពីថ្ងៃទី ១២ ខែ សីហា ឆ្នាំ២០២០នេះ។ បើតាមសហភាពអឺរ៉ុប ទំហំ២០% នៃការដកនេះ អាចនឹងប៉ះពាល់ទឹកប្រាក់នាំចេញប្រមាណជាង ១ពាន់លានដុល្លារអាមេរិក និងបាត់បង់ការងាររបស់កម្មករកម្មការិនីរាប់ម៉ឺននាក់។
សម្តេច ហ៊ុន សែន ក៏បានគូសបញ្ជាក់ដែរថា “ទាំង EBA និង បញ្ហា Covid 19 សុទ្ធតែប៉ះពាល់ដល់វិស័យកាត់ដេរកម្ពុជា ប៉ុន្ដែ តិចតួចប៉ុណ្ណោះ”។
ទោះយ៉ាងណា នាយករដ្ឋមន្ត្រីកម្ពុជា គូសបញ្ជាក់ដែរថា រាជរដ្ឋាភិបាលនឹងលើកលែងពន្ធ ៦ខែ ទៅ១ឆ្នាំ ដល់រោងចក្រកាត់ដេរទាំងឡាយណា ដែលមានផលប៉ះពាល់ធ្ងន់ធ្ងរ ដោយសារតែបញ្ហាដែលបានកើតឡើងខាងលើនេះ៕