លោក ច័ន្ទ សុផល ប្រធានមជ្ឈមណ្ឌលសិក្សាគោលនយោបាយ បានវាយតម្លៃថា បន្ទាប់ពីតម្លៃប្រេងឥន្ធនៈជាសកលហក់ឡើងខ្ពស់បានជំរុញឱ្យថ្លៃដើមផលិតក្នុងវិស័យកសិកម្មអាចកើនឡើងប្រមាណ៥០% ហើយស្ថិតក្នុងកាលៈទេសៈនេះលោកបានផ្ដល់ជាមតិយោបល់ថា នៅក្នុងតំបន់ណាមានអំណោយផលសម្រាប់បង្កបង្កើនទិន្នផលស្រូវគួរតែបន្តផលិត ហើយសម្រាប់ទីតាំង ឬតំបន់ណា ដែលប្រឈមការចំណាយខ្ពស់គួរតែកាត់បន្ថយ ឬផ្អាកការផលិតតែម្តង។ បើតាមអ្នកជំនាញរូបនេះ ឆ្នាំ២០២៦ អាចជាឆ្នាំមួយដ៏លំបាកសម្រាប់កសិករ ពីព្រោះប្រទេសឥណ្ឌា បានប្រកាសត្រៀមបញ្ចេញអង្ករប្រមាណ២០លានតោន ហើយប្រទេសដែលធ្លាប់នាំចូលអង្ករដូចជាឥណ្ឌូនេស៊ី ជាដើម បានពង្រីកផ្ទៃដីដាំដុះ ដែលបញ្ហានេះអាចធ្វើឱ្យតម្លៃស្រូវ និងមានការធ្លាក់ចុះ។ ទោះជាយ៉ាងណា អ្នកជំនាញរូបនេះវាយតម្លៃថា កម្ពុជា ទំនងជាមិនអាចជួបវិបត្តិស្បៀងអាហារនោះទេ ដោយសារកត្តាភូមិសាស្ត្រមួយចំនួនមានភាពអំណោយសម្រាប់ទិន្នផលស្រូវ។
ជាមួយគ្នានេះ លោក សុខ សុថា ស្ថាបនិក និងជានាយកប្រតិបត្តិសមាគមសហព័ន្ធកសិករកម្ពុជា នៃអ្នកផលិតកសិកម្មបានលើកឡើងថា បច្ចុប្បន្ននេះកសិករកំពុងជួបប្រឈមនឹងបញ្ហាធាតុចូលកសិកម្ម សេវាកម្ម កម្លាំងពលកម្ម និងគ្រាប់ពូជកើនឡើង ក្រោយតម្លៃប្រេងឥន្ធនៈហក់ឡើងខ្ពស់។ ស្ថិតក្នុងស្ថានភាពនេះ លោក យល់ថា រាជរដ្ឋាភិបាល គួរដាក់ចេញគោលនយោបាយជួយដល់កសិករ ដើម្បីលើកទឹកចិត្តពួកគេឱ្យបន្តបង្កបង្កើនទិន្នផលស្រូវបន្តទៀត។ លោកបានព្រមានថា ប្រសិនបើបញ្ហានេះមិនអាចដោះស្រាយបាន ហើយកសិករនាំគ្នាបោះបង់ឈប់ផលិតស្រូវនោះ កម្ពុជា អាចប្រឈមនឹងខ្វះខាតស្បៀងអាហារ។
ដោយឡែក លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព បានអះអាងថា កម្ពុជា ជាប្រទេសកសិកម្មដែលមានកសិករសរុបជាង៨០% ហើយប្រសិនជាកសិករនាំគ្នាបោះបង់ឈប់បន្កបង្កើនទិន្នផលស្រូវលក់ក្នុងទីផ្សារ នោះកម្ពុជានឹងប្រឈមវិបត្តិស្បៀងនៅពេលខាងមុខ។ សម្រាប់អ្នកជំនាញរូបនេះ រដ្ឋាភិបាលគួរតែលើកទឹកចិត្តដល់កសិករតាមរយៈដាក់ចេញកញ្ចប់ថវិកាជួយកាត់បន្ថែមថ្លៃដើមផលិតរបស់កសិករ ក៏ដូចជាធ្វើកំណែទម្រង់ប្រព័ន្ធធារាសាស្ត្រជាដើម។
ពាក់ព័ន្ធបញ្ហានេះដែរ ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានគូសបញ្ជាក់ថា ជុំវិញបញ្ហាថ្លើមដើមផលិតខ្ពស់នេះវាជាបញ្ហាសកលលោក មិនមែនកើតឡើងតែនៅកម្ពុជា នោះទេ ពោលគឺកសិករស្ទើគ្រប់ប្រទេសប្រឈមជាមួយការកើនឡើងថ្លៃដើមដូចគ្នា។ តែយ៉ាងណា លោកកត់សម្គាល់ឃើញថា បញ្ហានេះកំពុងមាននិន្នាការធ្លាក់ចុះបណ្តើរៗមកវិញហើយ ដោយសារតម្លៃឥន្ទៈ ជាពិសេសប្រេងម៉ាស៊ូតបានបន្តចុះថ្លៃ។ សម្រាប់ប្រធានសហព័ន្ធស្រូវអង្កររូបនេះ ស្ថិតក្នុងកាលៈទេសៈនេះកសិករ ដែលមានដីផ្ទាល់ខ្លួននឹងនៅតែបន្តផលិត ខណៈកសិករដែលជួលដីអាចនឹងផ្អាក។ បើតាមឧកញ៉ា ឡាយ ឈុនហួ សហព័ន្ធស្រូវអង្ករកម្ពុជា នៅបន្តជំរុញឱ្យរោងម៉ាស៊ីនកិនស្រូវបន្តទិញស្រូវឱ្យអស់លទ្ធភាពក្នុងតម្លៃសមរម្យ ពីកសិករ ទោះថ្លៃដឹកជញ្ជូនមានការកើនឡើងក៍ដោយ ដើម្បីកុំឱ្យកសិកមានបញ្ហាកើនឡើងថ្លៃផលិតកម្ម ហើយមិនមានទីផ្សារទៀត។
យោងតាមទិន្នន័យពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីឆ្នាំ២០២៥ កន្លងទៅ រដ្ឋាភិបាល បានដាក់ពង្រាយមន្ត្រីកសិកម្មឃុំសរុបចំនួន១,២៥០នាក់នៅទូទាំងប្រទេស។ មន្ត្រីទាំងនេះមានតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់បច្ចេកទេស ជួយអន្តរាគមន៍ទីផ្សារស្រូវសើម និងសម្របសម្រួលការងារផលិតកម្ម ដើម្បីធានាឱ្យជីវភាពកសិករមាននិរន្តរភាព ទោះស្ថិតក្នុងកាលៈទេសៈដ៏លំបាកនេះក៏ដោយ៕
អត្ថបទ៖ ជា ម៉ារ៉ា