ធនាគារអភិវឌ្ឍន៍អាស៊ី បានដំឡើងការព្យាករកំណើនសេដ្ឋកិច្ចតំបន់អាស៊ី សម្រាប់ឆ្នាំ២០២៦ ឈានដល់៤,៩% មានការកើនឡើងបន្តិចបើធៀបនឹងកំណើន ៤,៧% ដែលបានព្យាករក្រោយ
វិបត្តិសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា បានប៉ះពាល់ខ្លាំងដល់ទីផ្សារថាមពល។ ADB ក៏បានព្យាករដែរថា អតិផរណានៅតំបន់អាស៊ីឆ្នាំនេះនឹងធ្លាក់ចុះមកនៅត្រឹម៤,៣% ដោយសារតម្លៃប្រេង និងការផ្គត់ផ្គង់មានស្ថិរភាពជាងមុន ប៉ុន្តែនៅតែខ្ពស់ជាងការព្យាករកាលពីដើមឆ្នាំ ហើយអាចនឹងរងផលប៉ះពាល់បន្ថែមទៀត ប្រសិនបើសង្គ្រាមរីករាលដាល ឬទីផ្សារថាមពលប្រែប្រួលខ្លាំង។
តែយ៉ាងណា ADB បានព្រមានថា ហានិភ័យធំៗនៅតែមានដូចជាការផ្ទុះសង្គ្រាមជាថ្មីនៅតំបន់មជ្ឈិមបូព៌ា ភាពមិនច្បាស់លាស់នៃទីផ្សារថាមពល វិបត្តិវិស័យអចលនទ្រព្យនៅប្រទេសចិន ការរំខានផ្លូវដឹកជញ្ជូន និងបាតុភូតធម្មជាតិ El Niño ដែលអាចជំរុញឱ្យតម្លៃស្បៀងអាហារកើនឡើង។ ទន្ទឹមនេះ ADB បានបញ្ជាក់ថា ការរីកចម្រើន នៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងតម្រូវការបន្ទះឈីបបានជួយទ្រទ្រង់សេដ្ឋកិច្ចប្រទេសអភិវឌ្ឍន៍នៅអាស៊ី ដូចជាចិន កោះតៃវ៉ាន់ កូរ៉េខាងត្បូង ជប៉ុន និងសិង្ហបុរីជាដើម។
ទោះជាយ៉ាងណាក៏ដោយ ADB បានអំពាវនាវឱ្យរដ្ឋាភិបាលនៃប្រទេសនានា ចៀសវាងការឧបត្ថម្ភធនលើឥន្ធនៈហ្វូស៊ីលក្នុងរយៈពេលវែង និងផ្តោតលើការជួយប្រជាជនងាយរងគ្រោះតាមវិធានការ ដែលមានគោលដៅច្បាស់លាស់ ដើម្បីរក្សាស្ថិរភាពហិរញ្ញវត្ថុ និងសេដ្ឋកិច្ចរយៈពេលវែង៕
ដោយ: តែម សុខុម