លោកស្រី Anne-Marie Gulde-Wolf នាយិកាស្តីទីនៃ មូលនិធិរូបិយវត្ថុអន្តរជាតិ ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក បាននិយាយថា នៅពេលដែល ផលប៉ះពាល់ពាណិជ្ជកម្ម និងហិរញ្ញវត្ថុនៅអាស៊ី ទាក់ទងនឹងប្រទេសរុស្ស៊ី និងអ៊ុយក្រែនមានកម្រិត នោះសេដ្ឋកិច្ចតំបន់នេះ នឹងរងផលប៉ះពាល់ដោយសារវិបត្តិអតិផរណា ទំនិញឡើងថ្លៃខ្ពស់ និងការថមថយចុះកំណើននៅក្នុងប្រទេសជាដៃគូសហភាពអឺរ៉ុប។ អ្នកជំនាញអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិរូបនេះ បានគូសបញ្ជាក់ទៀតថា បញ្ហាអតិផរណានៅអាស៊ី ក៏កំពុងចាប់ផ្ដើមឡើង នៅគ្រាដែលប្រទេសចិន កំពុងមានសេដ្ឋកិច្ចថមថយ ដែលវាគឺជាសម្ពាធមួយទៀត សម្រាប់កំណើនសេដ្ឋកិច្ចតំបន់នេះ។
លោកស្រី Gulde-Wolf បាននិយាយថា ដំណើរឆ្ពោះទៅរកកំណើនតំបន់អាស៊ីកើតឡើងបាន គឺត្រូវមានគោលនយោបាយក្នុងការឆ្លើយតបទៅនឹងស្ថានភាពប្រែប្រួលនេះឲ្យបានល្អ ហើយអ្នកបង្កើតគោលនយោបាយអាស៊ី នឹងប្រឈមមុខនៃការដោះស្រាយបញ្ហាដ៏លំបាកក្នុងការឆ្លើយតបទៅនឹងកំណើនយឺត និងអតិផរណាកើនឡើងដូចដែលបានរៀបរាប់ខាងលើនេះ។
នាយិកាស្តីទីនៃ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិករូបនេះ បានបញ្ជាក់ទៀតថា ការរឹតបន្ដឹងគោលនយោបាយរូបិយវត្ថុ នឹងត្រូវការអនុវត្តនៅក្នុងប្រទេសភាគច្រើន និងត្រូវធ្វើឲ្យបានលឿនផងដែរ ដោយអាស្រ័យលើការវិវឌ្ឍនៃសម្ពាធអតិផរណានៅក្នុងស្រុក និងសម្ពាធខាងក្រៅ។
គួរជម្រាបថា នៅក្នុងការព្យាករណ៍ចុងក្រោយរបស់អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិដែលបានចេញផ្សាយក្នុងខែមេសានេះ បានព្យាករថាសេដ្ឋកិច្ចរបស់អាស៊ីនឹងកើនឡើង ៤,៩% នៅឆ្នាំនេះ ធ្លាក់ចុះ ០,៥ % ពីការព្យាករណ៍ពីមុនរបស់ខ្លួនកាលពីខែមករា។ យ៉ាងណាមិញ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិបានអះអាងថា អតិផរណានៅអាស៊ីនាពេលបច្ចុប្បន្នទំនងជានឹងអាចឈានដល់ត្រឹម ៣,៤ % ក្នុងឆ្នាំ ២០២២ នេះ ដែលកើនខ្ពស់ជាង១% នូវអ្វីដែលបានព្យាករកាលពីខែមករា ។
អ្នកជំនាញរបស់អង្គការមូលនិធិរូបិយវត្ថបានកត់សម្គាល់ឃើញថាទៀតថា ការកើនឡើងស្ថានភាពតានតឹងកាន់តែអាក្រក់នៃសង្គ្រាមនៅអ៊ុយក្រែននាពេលខាងមុខ បញ្ហរលកឆ្លងថ្មីកូវីដ១៩ ការកើនឡើងអត្រាការប្រាក់លឿនរហ័សជាងការរំពឹងទុករបស់រដ្ឋាភិបាលសហព័ន្ធអាមេរិក និងការអូសបន្លាយការបិទខ្ទប់នៅក្នុងប្រទេសចិន គឺស្ថិតនៅក្នុងហានិភ័យនៃទស្សនវិស័យកំណើនសម្រាប់តំបន់អាស៊ី៕
អត្ថបទ៖ វ៉ាន់ ស្រីរ័ត្ន