ទីផ្សារទុរេន

ថៃ កំពុងរកច្រកបញ្ចេញទុរេន៣០ម៉ឺនតោន តើវាអាចធ្លុះធ្លាយចូលមកទីផ្សារកម្ពុជា ទេ?


ប្រទេសថៃ កំពុងប្រញាប់ប្រញាល់ជំរុញការប្រើប្រាស់ និងចែកចាយផ្លែទុរេនភាគខាងត្បូង ដែលមានបរិមាណសរុបប្រមាណ៣០ម៉ឺនតោន ចំពេលមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីបញ្ហាកកស្ទះលើការផ្គត់ផ្គង់ បន្ទាប់ពីការនាំចេញទៅកាន់ប្រទេសចិន ប្រឈមនឹងការធ្លាក់ចុះ ដោយ​សារបញ្ហាគុណភាព។ តើទុរេនជន់ជោរទាំងនេះអាចធ្លុះធ្លាយ ឬមានការរត់ពន្ធចូលមកទីផ្សារកម្ពុជា ទេ?
ទីផ្សារទុរេន
ដោយ

សារព័ត៌មាន VN Express បានរាយការណ៍ថា ទុរេនដែលដាំនៅភាគខាងត្បូងប្រទេសថៃ នៅពេលនេះបានឈានដល់រដូវកាលប្រមូលផលហើយ ប៉ុន្តែទីផ្សារនាំចេញទុរេនរបស់ថៃ កំពុងជួបវិបត្តិធ្ងន់ធ្ងរ ដែលអាចធ្វើឱ្យទុរេនរបស់ថៃ ប្រឈមនឹងអត់ទីផ្សារ។ លោក វីតាយ៉ាកន ម៉ានីណេត (Wittayakorn Maneenetr) អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងថៃ បានថ្លែងថា ទិន្នផលផ្លែទុរេននៅភាគខាងត្បូងប្រទេសថៃ ត្រូវបានគេព្យាករថា នឹងកើនឡើងរហូតដល់ជាង៧៥ម៉ឺនតោននៅឆ្នាំនេះ ពោលគឺកើនឡើង៣០% បើធៀបនឹងឆ្នាំមុន។ ក្នុងចំណោមទុរេនទាំងនេះ មានប្រមាណ៣៥% ដែលត្រូវបានបញ្ចេញទៅកាន់ទីផ្សារ ដោយនៅសល់ជិត៤៩ម៉ឺនតោនទៀត ដែលកំពុងកកស្ទះគ្មានទីផ្សារ។
ជុំវិញទុរេនដែលនៅសល់នេះ រដ្ឋាភិបាលថៃ កំពុងសិក្សា និងស្វែងរកជំនួយអន្តរាគមន៍បន្ទាន់ ដើម្បីជួយសង្គ្រោះកសិករលើបរិមាណទុរេនប្រមាណ៣០ម៉ឺនតោន។ មកដល់ពេលនេះ ទុរេនថៃ កំពុងតែជន់ជោរនៅលើទីផ្សារ ប៉ុន្តែដើម្បីរក្សាស្ថិរភាពតម្លៃស្ថាប័នជំនាញនៅក្នុងប្រទេសនេះ បានជួយអន្តរាគមន៍តាមរយៈការទិញជាមុន និងបង្កើតយុទ្ធនាការផ្សព្វផ្សាយជំរុញអ្នកប្រើប្រាស់ក្នុងស្រុក ដើម្បីទប់តម្លៃឱ្យស្ថិតនៅក្នុងរង្វង់ពី២,៥ទៅ៣,១ដុល្លារក្នុងមួយគីឡូក្រាម។
វិធានការដែលថៃ កំពុងដាក់ចេញនេះ សំដៅស្វែងរកទីផ្សារថ្មីក្រៅពីចិន ជំរុញការកែច្នៃពីទុរេនស្រស់ទៅជាទុរេនបង្កក និងជំរុញការកែច្នៃជាផលិតផលផ្សេងៗទៀត ដើម្បីបញ្ចេញទុរេនឱ្យបានប្រមាណ៣០ម៉ឺនតោន។ ស្ថិតក្នុងស្ថានភាពនេះ អ្នកជំនាញបានព្រមានថា ទុរេនថៃទាំងនេះអាចនឹងមានការធ្លុះធ្លាយមកកាន់ទីផ្សារកម្ពុជា ដែលទាមទារឱ្យអាជ្ញាធរបង្កើនការត្រួតពិនិត្យ ពីព្រោះក្រុមឈ្មួញអាចនឹងប្រើប្រាស់ល្បិចកល ឬតាមច្រកពាណិជ្ជកម្មផ្លូវងងឹត ដើម្បីលួចបង្ហូរទុរេនទាំងនេះមួយចំនួនចូលមកកាន់ទីផ្សារកម្ពុជា។
អ្នកជំនាញកត់សម្គាល់ឃើញថា ទោះបីជាទុរេនស្រស់ គឺជាមុខទំនិញដែលជាប់បម្រាមហាមនាំចូលកម្ពុជាក៏ពិតមែន ប៉ុន្តែកន្លងមកនៅតែមានការលេចធ្លាយលួចនាំចូលរហូតផ្ទុះជារឿងរ៉ាវចម្រូងចម្រាស។ ដូច្នេះ អាជ្ញាធរកម្ពុជាគួរតែយកចិត្តទុកដាក់ និងពង្រឹងការត្រួតពិនិត្យឱ្យបានម៉ឺងម៉ាត់បំផុតលើបញ្ហានេះ ខណៈដែលទុរេននៅក្នុងស្រុក ក៏កំពុងស្ថិតក្នុងរដូវកាលប្រមូលផលដូចគ្នាដែរ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


អាស៊ានព្រួយបារម្ភខ្លាំងជុំវិញភាពតានតឹងនៅ​តំបន់មជ្ឈិមបូព៌ា ខណៈ GDP ទំហំជិត៤ទ្រីលានដុល្លាររបស់តំបន់ពឹងផ្អែកលើដំណក់ប្រេងពីតំបន់នេះ

បញ្ហាក្តៅគគុកចំនួន៣ ដែលបានលេចធ្លោខ្លាំងនៅក្នុងវេទិកាសន្តិសុខតំបន់អាស៊ាន (ARF) នាទីក្រុងម៉ានីល នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា  រួមមានសង្គ្…

ការវាយប្រហារចំៗរបស់អ៊ីរ៉ង់ លើទីតាំង CIA អាម៉េរិក បង្កឱ្យមានការសង្ស័យថា អាចមានការផ្តល់ទិន្នន័យពីរុស្ស៊ី

បើយោងតាមប្រភពព័ត៌មានពីមនុស្ស៤រូប ដែលដឹងច្បាស់ពីកិច្ចការចារកិច្ចរបស់អាម៉េរិក បានឱ្យដឹងថា ការវាយប្រហារដោយដ្រូនរបស់អ៊ីរ៉ង់ ទៅលើទីតាំងទី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ