ប្រទេសចិន គឺជាប្រទេសនាំចូលប្រេងឆៅធំជាងគេបំផុតក្នុងពិភពលោក ដោយកាលពីខែតុលាកន្លងទៅនេះ បាននាំចូលប្រេងជិត៣៨លានតោន ឬស្មើនឹងការនាំចូលប្រមាណ ជិត៩លានបារ៉ែលក្នុងមួយថ្ងៃ។ នេះបើតាមទិន្ន័យពីរដ្ឋបាលគយចិន។ ក៏ប៉ុន្ដែ ចំនួននាំចូលកាលពីខែតុលា បើធៀបនឹងខែកញ្ញាវិញ គឺមានការធ្លាក់ចុះជិត១លានបារ៉ែលក្នុងមួយថ្ងៃ។ ដោយឡែក បើគិតរយៈពេល ១០ខែនៅឆ្នាំ២០២១ ប្រទេសចិនបាននាំចូលប្រេងសរុបប្រមាណ ៤២៥លានតោន ឬស្មើនឹងការនាំចូលប្រមាណ១០លានបារ៉ែលក្នុងមួយថ្ងៃៗ មានការធ្លាក់ចុះ ជាង៧%ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ការនាំចូលប្រេងឆៅរបស់ចិន មានការធ្លាក់ចុះរៀងរាល់ខែ ហើយការធ្លាក់ចុះនេះ នៅចំពេលដែល តម្លៃប្រេងឆៅពិភពលោកបានហក់ឡើងខ្ពស់ដល់ទៅ ៦២% នៅឆ្នាំនេះ ដោយសារតែសេដ្ឋកិច្ចនៅប្រទេសជាច្រើនទូទាំងពិភពលោកមានការបើកដំណើរការឡើងវិញជាបណ្ដើរៗ ក្រោយបញ្ចប់វិធានការរឹតត្បិតទប់ស្កាត់កូវីដ១៩ ហើយវាក៏បានជំរុញឲ្យតម្រូវការប្រើប្រាស់ប្រេងឥន្ធនៈកើនឡើងខ្លាំងផងដែរ។
ជាមួយគ្នានេះ ការបង្ក្រាបរបស់ទីក្រុងប៉េកាំង លើការជួញដូរប្រេងខុសច្បាប់ទាក់ទងនឹងចំនួនកូតា និងការឧបត្ថម្ភសម្រាប់ក្រុមអ្នកចម្រាញ់ប្រេងឯករាជ្យ ក៏ជាកត្តាមួយធ្វើឲ្យមានការកម្រិតលើការបញ្ជាទិញប្រេងឆៅពីក្រៅប្រទេសរបស់ចិនផងដែរ។ ដោយឡែក បើមើលទៅលើការនាំចូលឧស្ម័នធម្មជាតិ រួមទាំងឧស្ម័នរាវ LNG វិញ គឺចិនបាននាំចូលជាង៩លានតោន កើនឡើងជាង២៤%។
ជាមួយគ្នានេះ ទិន្នន័យពីរដ្ឋបាលគយចិន ក៏បានឲ្យដឹងថា ក្រុមហ៊ុនចម្រាញ់ប្រេងរបស់ចិនក៏មានការនាំចេញប្រេងនៅក្នុងខែតុលាធ្លាក់ចុះដូចគ្នាដែរ គឺធ្លាក់ចុះដល់ទៅជិត៣២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយមានមកនៅប្រមាណជិត ៤លានតោនប៉ុណ្ណោះ។
យ៉ាងណាក៏ដោយចុះ ការនាំចូលប្រេងរបស់ចិនត្រូវបានគេរំពឹងថា នឹងអាចងើបឡើវិញនៅក្នុងខែវិច្ឆិកានេះ ដោយសារតែក្រុមហ៊ុនចម្រាញ់ប្រេងបានសន្យាថា នឹងដោះស្រាយបញ្ហាកង្វះខាតនៃការផ្គត់ផ្គង់ប្រេងម៉ាស៊ូត និងប្រេងសាំងដែលកំពុងជំរុញឲ្យតម្លៃប្រេងឥន្ធនៈនៅចិនកើនឡើងកាន់តែខ្លាំងថែមទៀត។
ទីក្រុងប៉េកាំងត្រូវបានគេដឹថា មានកូតានាំចូលប្រេងសម្រាប់ក្រុមហ៊ុនចម្រាញ់ប្រេងឯករាជ្យក្នុងចំនួន ជិត១៥លានបារ៉ែល សម្រាប់រយៈពេល២ខែចុងក្រោយនៃឆ្នាំ២០២១នេះ ខណៈដែលក្រុមហ៊ុនចិន ស៊ីជាំង ភែត្រូជីមីខល ខប ដែលក្រុមហ៊ុនប្រេងដ៏ធំបំផុតរបស់ចិន បានទទួលកូតាដាច់ដោយឡែកមួយផ្សេងទៀត ក្នុងការអនុញ្ញាតឲ្យនាំចូលប្រេងឆៅ១២លានតោន.
សូមបញ្ជាក់ថា គិតមកទល់ថ្ងៃទី ០៧ ខែវិច្ឆិកា តម្លៃប្រេងឆៅពិភពលោកហាក់មានការថមថយចុះជាងមុនបន្ដិចហើយ ប៉ុន្ដែ វានៅតែជាតម្លៃមួយខ្ពស់ដដែល តួយ៉ាង នៅទីផ្សារអាមេរិកតម្លៃប្រេងឆៅមួយបារ៉ែលតម្លៃជាង ៨១ដុល្លារអាមេរិក ខណៈដែលនៅអង់គ្លេសវិញតម្លៃជិត៨៣ដុល្លារអាមេរិក៕