រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក ជីសេនខា (S. Jaishankar) និងសមភាគីសិង្ហបុរីលោក វីវៀន បាឡាគ្រីសណេន (Vivian Balakrishnan) រដ្ឋមន្ត្រីការបរទេសសិង្ហបុរី កំពុងធ្វើជាសហប្រធាននៃកិច្ចប្រជុំនេះ ដែលជាការប្រារព្ធខួបលើកទី ៣០ នៃកិច្ចសន្ទនាឥណ្ឌា-អាស៊ាន និងមួយទសវត្សរ៍នៃភាពជាដៃគូយុទ្ធសាស្ត្រ។
លោក ជីសេនខា រដ្ឋមន្ត្រីការបរទេសឥណ្ឌា និយាយក្នុងសុន្ទរកថា នៅថ្ងៃទី១៦មិថុនាដោយសង្កត់ធ្ងន់ថា "តួនាទីរបស់អាស៊ាននាពេលបច្ចុប្បន្ននេះ ប្រហែលជាមានសារៈសំខាន់ជាងពេលមុនៗ ដោយសារបញ្ហានៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងភាពមិនច្បាស់លាស់ដែលពិភពលោកកំពុងប្រឈមមុខ"។
អ្នកជំនាញខ្លះនិយាយថា ការប្រកាសបែបនេះរបស់ឥណ្ឌាទៅកាន់តំនប់អាស៊ីអាគ្នេយ៍គឺមានសារៈសំខាន់ណាស់ ដោយចាត់ទុកថា តំបន់នេះជាផ្នែកមួយដ៏សំខាន់នៃកិច្ចសន្ទនាសន្តិសុខសម្ព័ន្ធចតុភាគី (Quad) ដែលជាសម្ព័ន្ធភាពសន្តិសុខយុទ្ធសាស្ត្រមួយ ដែលបង្កើតឡើងដោយ សហរដ្ឋអាមេរិក ជប៉ុន អូស្ត្រាលី និងឥណ្ឌា។
លោក ហាស ផេនថ៍ (Harsh V. Pant) អនុប្រធានវិទ្យាស្ថានស្រាវជ្រាវ និងការសិក្សាគោលនយោបាយ ដែលមានមូលដ្ឋាននៅទីក្រុងញូវដេលី និងជាសាស្រ្តាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិនៅមហាវិទ្យាល័យឃីងនៅទីក្រុងឡុង (King's College London) បានពន្យល់ថា "ឥណ្ឌូប៉ាស៊ីហ្វិកជាតំបន់យុទ្ធសាស្ត្រនៅពេលបច្ចុប្បន្ននេះ ហើយ Quad កំពុងដើរតួនាទីដ៏លេចធ្លោមួយផ្នែកធំនៃគោលនយោបាយរបស់ឥណ្ឌាក្នុងការយកចិត្តទុកដាក់លើតំបន់អាស៊ាននេះ។
លោក Pant បាននិយាយថា វាមានសារៈសំខាន់មែនទែនសម្រាប់ឥណ្ឌាក្នុងការតភ្ជាប់មិត្តភាពឲ្យកាន់តែរឹងមាំជាមួយអាស៊ាន និងបង្កើតភាព "ដៃគូដែលអាចទុកចិត្តបាន" សម្រាប់តំបន់នេះ ទាក់ទងនឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងសន្តិសុខ។
គួររលឹកឡើងវិញបន្តិចថា នៅឯកិច្ចសន្ទនា Shangri-La នៃកិច្ចប្រជុំកំពូលសន្ដិសុខអាស៊ី នៅប្រទេសសិង្ហបុរី កាលពីសប្ដាហ៍មុននេះ គេសង្កេតឃើញថា មាននៅការប្រឈមមុខដាក់គ្នាកាន់តែស្រួចស្រាល់ឡើងៗរវាងអាមេរិក និងចិន ពាក់ព័ន្ធសន្តិសុខនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនេះ។ លោក ហាស ផេនថ៍ បានគូសបញ្ជាក់ថា "នេះគឺជាពេលវេលាមួយដែលងាយរងគ្រោះជាពិសេសសម្រាប់សមាជិកអាស៊ាន ដោយសារតែលោកមើលឃើញថា ប្រទេសខ្លះកំពុងមានទំនោរមិនមានមានតុល្យភាព រវាងរដ្ឋអាមេរិក និងចិន"។
មួយវិញទៀត យោងតាមលោក ផានកាច ចា (Pankaj Jha) ជាសាស្ត្រាចារ្យផ្នែកការពារជាតិ និងការសិក្សាយុទ្ធសាស្ត្រនៅសកលវិទ្យាល័យ ជីនដាល (O.P. Jindal Global) នៅក្នុងប្រទេសឥណ្ឌាដែរនោះថា អាស៊ាន "មិនអាចប្រឆាំងនឹងប្រទេសចិនបានទាំងស្រុងនោះទេ ប៉ុន្តែពួកគេត្រូវធានាឲ្យបាននូវអធិបតេយ្យ និងសុវត្ថិភាពរបស់ខ្លួន"។
អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយរូបនេះ បានបន្ថែមទៀតថា "ប្រទេសអាស៊ានគួរព្យាយាមមើលប្រទេសដូចជា ជប៉ុន ឥណ្ឌា និងកូរ៉េខាងត្បូង ដែលមិនពឹងផ្អែកចិនទាំងស្រុង ឬក៏អាមេរិកទាំងស្រុងដែរ។ លោកថា "ប្រទេសទាំងនេះ ជាទីបង្អែកមួយដល់អាស៊ាន ដើម្បីធ្វើការឆ្ពោះទៅរកគោលដៅ និងសន្តិសុខក្នុងតំបន់"។
លោកក៏បានកត់សម្គាល់ផងដែរថា ការចូលរួមរបស់ឥណ្ឌាជាមួយអាស៊ាន រួមទាំងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសក្នុងសប្តាហ៍នេះគឺ "មានសារៈសំខាន់ខ្លាំងណាស់សម្រាប់ផ្លូវសមុទ្រ និងយុទ្ធសាស្ត្ររបស់ សម្ព័ន្ធ Quad" នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកផងដែរ។
ទន្ទឹមនឹងនេះដែរ ឆ្លើយតបនឹងសំណួរថាតើរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ាត្រូវបានអញ្ជើញឱ្យចូលរួមកិច្ចប្រជុំនៅប្រទេសឥណ្ឌាដែរ ឬអត់នោះ? អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា លោក បាច់ឆី (Bagchi) មិនបានផ្តល់ចម្លើយច្បាស់លាស់ទេ។ ប៉ុន្ដែ លោកបាននិយាយថា ការចូលរួមរបស់ប្រទេសមីយ៉ាន់ម៉ានឹងត្រូវធ្វើតាមការឯកភាពរបស់អាស៊ានជាមុនសិន៕
អត្ថបទ៖ ហ៊ុន គន្ធថៃ