ក្នងរយៈពេលតែមួយសប្ដាហ៍ប៉ុណ្ណោះ ប្រទេសឥណ្ឌាបានរកឃើញករណីមេរោគបំប្លែងថ្មីអូមីក្រុង កើនឡើងជិតទ្វេដង ប៉ុន្ដែ នៅមិនទាន់មានការរាយការណ៍ពីករណីស្លាប់ដោយសារមេរោគបំប្លែងថ្មីនេះ នៅឡើយទេ គិតមកទល់ពេលនេះ។ ក្នុងចំណោមករណីឆ្លងអូមីក្រុងសរុបនៅឥណ្ឌា មានតិចជាង ៤០% គឺជាអ្នកដែលបានចាក់វ៉ាក់សាំងរួចរាល់ ឬជាងអ្នកបានជាសះស្បើយពីជំងឺកូវីដ១៩។
ប្រទេសឥណ្ឌាត្រូវបានគេមើលឃើញថា បាននិងកំពុងពន្លឿនយុទ្ធនាការចាក់វ៉ាក់សាំង ចំពេលដែលមានការបារម្ភពីការកើនឡើងនៃករណីឆ្លងថ្មី ខណៈបច្ចុប្បន្ននៅឥណ្ឌា មានប្រមាណ ៨៧% នៃពលរដ្ឋពេញវ័យសរុបជាង ៩៤៤លាននាក់ គឺបានទទួលចាក់វ៉ាក់សាំងចំនួន១ដូស។បច្ចុប្បន្ន ក្នុងមួយថ្ងៃឥណ្ឌាមានរកឃើញអ្នកឆ្លងកូវីដ១៩ ជាង៥ពាន់នាក់ ដែលជាករណីឆ្លងប្រចាំថ្ងៃទាបបំផុតនៅក្នុងរយៈពេល ១ឆ្នាំកន្លះកន្លងមកនេះ ខណៈដែលប្រទេសនេះ មានករណីឆ្លងសរុបដល់ទៅជាង ៣៤លាននាក់ ជាប្រទេសមានអ្នកឆ្លងកូវីដ១៩ច្រើនជាងគេលំដាប់ទី២ បន្ទាប់ពីសហរដ្ឋអាមេរិក។ សម្រាប់ករណីឆ្លងមេរោគបំប្លែងថ្មី អូមីក្រុងនៅឥណ្ឌា គឺមាន៨០% មិនមានចេញរោគសញ្ញាធ្ងន់ធ្ងរនោះទេ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលឥណ្ឌា កំពុងតែទទូចឲ្យពលរដ្ឋរបស់ខ្លួនប្រកាន់ខ្ជាប់នូវវិធានសុខាភិបាលពិសេសពាក់ម៉ាស់ និងអំពាវនាវឲ្យរដ្ឋាភិបាលអនុញ្ញាតឲ្យមានការចាក់វ៉ាក់សាំងដូសជំរុញផងដែរ។
គួរបញ្ជាក់ថា បច្ចុប្បន្ន នៅទីក្រុងញ៉ូដេលី មានពលរដ្ឋប្រមាណ ៧០%ហើយ ដែលបានចាក់វ៉ាក់សាំងគ្រប់ចំនួនដូស នៃចំនួនប្រជាជនពេញវ័យសរុប១៥លាននាក់នៅក្នុងទីក្រុងនេះ៕