ប្រទេសឥណ្ឌា

ឥណ្ឌាកាន់តែប្លែក! ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន ATM សម្រាប់ទិញមាសលើកដំបូងគេបង្អស់


ប្រទេសឥណ្ឌា ដែលមានការប្រើប្រាស់មាសដ៏ច្រើនសម្បើមបំផុតនោះ ថ្មីៗនេះបានដាក់ឱ្យប្រើប្រាស់នូវម៉ាស៊ីន ATM ដែលផ្ទុកមាសជាលើកដំបូងបង្អស់ នៅក្នុងទីក្រុង Hyderabad រដ្ឋ Telangana ។ តាមរយៈម៉ាស៊ីន ATM នេះ គឺអនុញ្ញាតឱ្យអតិថិជនអាចប្រើកាតធនាគាររបស់ពួកគេដែលមានលុយក្នុងគណនី ស៊កបញ្ចូល ដើម្បីចុចទិញមាស ដែលខ្លួនបានជ្រើសរើសហើយវានឹងធ្លាក់មាសនោះចេញមកដូចជាការដកលុយដូច្នោះដែរ។ ម៉ាស៊ីន ATM មាសនេះ មានផ្ទុកមាសបានដល់ទៅ ៥គីឡូក្រាមឯណោះ ដែលជាប្រភេទកាក់មាសតូចៗ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានធំៗរបស់ឥណ្ឌា។
ម៉ាស៊ីន ATM សម្រាប់ទិញមាស ត្រូវបានដាក់ឱ្យប្រើប្រាស់ជាលើកដំបូងនៅឥណ្ឌា

ម៉ាស៊ីន ATM នេះ​គឺ​ជារបស់​ក្រុមហ៊ុន Goldsikka Pvt Ltd អាចផ្ទុក​មាស​​បានដល់ ៥គីឡូក្រាម ជាមួយជម្រើស​ចំនួន ៨ សម្រាប់​ចំនួនកាកមាស ដែល​អាច​ទិញ​ និងដកបាន​ចាប់ពី ០,៥ក្រាម, ១ក្រាម, ២ក្រាម រហូត​ដល់ ១០០ក្រាម។ ក្នុងនោះកាក់មាស ១០០ក្រាម​ គឺ​មានតម្លៃប្រហែល ៧ពាន់ដុល្លារ។

អតិថិជន​​អាច​ប្រើកាតឥណពន្ធ និង​កាតឥណទាន ក្នុងការស៊ក​ចូល​ម៉ាស៊ីន ATM នេះដើម្បីទិញ​មាស ដោយ​តម្លៃ​របស់​វាគឺត្រូវបាន​បង្ហាញតាម​ពេលវេលា​ជាក់ស្តែង នៅលើអេក្រង់​របស់​ម៉ាស៊ីនតែម្តង។

ក្រុមហ៊ុន Goldsikka បាន​ឱ្យដឹងថា បន្ទាប់ពី​​បានធ្វើការស្រាវជ្រាវ ក្រុមហ៊ុន​បានរកឃើញ​វា​អាចទៅរួច ក្នុងការ​ដាក់ឱ្យប្រើម៉ាស៊ីន ATM នេះ ដោយមានការគាំទ្របច្ចេកវិទ្យាក្រុមហ៊ុន OpenCube ហើយបានបញ្ជាក់ទៀតថា បើចង់ទិញមាសគឺ​អាច​ទិញ​តាមរយៈម៉ាស៊ីននេះបាន​ ដោយមិនចាំបាច់ចំណាយពេល​ទៅហាងលក់គ្រឿងអលង្ការនោះទេ។ រយៈពេល​ប្រតិបត្តិការនៃការស៊កកាតទិញមាសនេះ គឺមិនដល់ ១នាទីឡើយ។

សូមជម្រាប​ថា ម៉ាស៊ីន ATM នេះ ក៏​បាន​បំពាក់​ប្រព័ន្ធសុវត្ថិភាពផងដែរ ដោយរួមមាន​កាមេរ៉ា និង​ប្រព័ន្ធបន្លឺសំឡេងអាសន្ន ដែល​អាច​តភ្ជាប់​ទំនាក់​ទំនង​ជាមួយប៉ូលិស​មូលដ្ឋានភ្លាមៗ​បាន។ ក្នុងករណីមាន​បញ្ហា​បច្ចេកទេសមិនអាចដកមាសបាន គឺ​អតិថិជន​​អាច​ទទួលបានលុយត្រឡប់មកវិញ ក្នុងរយៈពេល ២៤ម៉ោង។

បន្ថែមលើសនេះ ក្រុមហ៊ុន Goldsikka ​​ក៏មានគម្រោង​​ដាក់ដំណើរការ​ម៉ាស៊ីន ATM មាស ៣ទៀតផងដែរ នៅក្នុងទីក្រុង Hyderabad នេះ ក្នុងនោះ​ក៏រួមមាន​ព្រលានយន្តហោះផងដែរ។ ជារួម គឺ​ក្រុមហ៊ុនគ្រោង​​ដំឡើង​ម៉ាស៊ីន ATM មាសនេះ ចំនួន ៣ពាន់គ្រឿង នៅទូទាំងប្រទេស​ឥណ្ឌា ក្នុងរយៈពេល ២ឆ្នាំក្រោយ ព្រមទាំងមានមហិច្ឆតា​ដាក់នៅ​ក្រៅប្រទេសទៀតផង។

សូមបញ្ជាក់ថា ឥណ្ឌា គឺជាប្រទេស​ប្រើប្រាស់​មាសច្រើនបំផុតទី២ ក្នុងពិភពលោក។ ២ភាគ៣ នៃតម្រូវការ​មាសរបស់​ឥណ្ឌា គឺមកពីតំបន់ជនបទ៕




អត្ថបទបន្ទាប់


ប្រទេសជប៉ុនចាប់ដៃជាមួយអង់គ្លេស និងអ៊ីតាលី ផលិតយន្តហោះចម្បាំងថ្មីដ៏ទំនើប

ប្រទេសជប៉ុនបានប្រកាសនៅថ្ងៃសុក្រទី៩ធ្នូនេះថា ខ្លួននឹងរួមគ្នាអភិវឌ្ឍយន្តហោះចម្បាំងជំនាន់ថ្មីរបស់ខ្លួនជាមួយចក្រភពអង់គ្លេស និងប្រទេសអ៊ីតាលី ខណៈ…

តើមហាអំណាចអាមេរិក និងចិន កំពុងប្រទាញប្រទង់គ្នាអ្វីខ្លះ ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងជាមួយអារ៉ាប៊ីសាអូឌីត?

អារ៉ាប៊ីសាអូឌីត និងចិនបានបង្ហាញទំនាក់ទំនងកាន់តែស៊ីជម្រៅ ដោយថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរបានចុះកិច្ចព្រមព្រៀងយុទ្ធសាស្ត្រសំខាន់ៗច្រើន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ