ប្រេងរុស្ស៊ី

អាមេរិកកំពុងតាមដានឥណ្ឌាជុំវិញករណីលាងប្រេងរបស់រុស្ស៊ី ដើម្បីនាំចេញទៅកាន់តំបន់អឺរ៉ុប


តាំងតែពីផ្ទុះសង្គ្រាមឈ្លានពាននៅអ៊ុយក្រែនមក រុស្ស៊ីកំពុងពឹងផ្អែកឥណ្ឌាឲ្យជួយទិញប្រេងពីខ្លួនកាន់តែច្រើនឡើង នៅគ្រាដែលរុស្ស៊ីរងទណ្ឌកម្មស្ទើរតែរើខ្លួនមិនរួចពីសំណាក់លោកខាងលិច។ ការដែលឥណ្ឌាទិញប្រេងកាន់តែច្រើនឡើងៗពីរុស្ស៊ីនោះ ក៏កំពុងស្ថិតនៅក្នុងការតាមដានពីសំណាក់អាមេរិកដែរ។ តាមដានក៏ដោយសារតែអាមេរិកសង្ស័យថា ឥណ្ឌានេះ កំពុងតែលួចជួយលាងប្រេងរុស្ស៊ី ដើម្បីនាំចេញទៅកាន់តំបន់អឺរ៉ុប។
អាមេរិកកំពុងតាមដានឥណ្ឌាជុំវិញករណីលាងប្រេងរបស់រុស្ស៊ី
ដោយ

តួយ៉ាង តាមការរាយការណ៍របស់​សារព័ត៌មានអន្តរជាតិធំៗ បានឲ្យដឹងថា មាន​រោងចក្រចម្រាញ់ប្រេងនៅជិតទីក្រុងកំពង់ផែស៊ីកា (Sikka)​ ​​ភាគខាងលិច​ប្រទេសឥណ្ឌា​ជាកន្លែង ដែល​ក្រុមហ៊ុន​ Reliance Industries និងក្រុមហ៊ុនឥណ្ឌា​មួយ​ចំនួន​ទៀត​កំពុង​ប្រតិ​បត្តិ​ការ​នៅ​ទី​​នោះ​ ​កំពុង​ស្ថិតក្រោមតាម​ដាន​របស់​​សហរដ្ឋ​អាមេរិកនាពេល​ថ្មីៗនេះ ចំពោះ​​​ការ​ក្លាយ​ជា​មជ្ឈ​មណ្ឌល​សម្រាប់​«​ការលាង​សម្អាត​ប្រេង​» របស់​រុស្ស៊ីដើម្បី​​នាំ​ចេញ​ទៅ​តំបន់​បស្ចិម​លោក​។

មន្ត្រី​​អាមេរិកជឿ​ថា ប្រេងឆៅរបស់រុស្ស៊ី​កំពុងលួច​ចម្រាញ់នៅក្នុងប្រទេសឥណ្ឌា​​​មុន​ពេល​​នាំចេញទៅកាន់សហរដ្ឋអាមេរិក​ និង​តំបន់​អឺរ៉ុប ​​ដោយជៀសផុត​ពីទណ្ឌកម្មដែលបានដាក់​លើ​រដ្ឋាភិបាល​របស់​ប្រធានាធិបតីរុស្ស៊ី​លោក​ វ្លាឌីមៀ ពូទីន ចំពោះការលុកលុយ​លើ​អ៊ុយក្រែន។

លោក អាម៉ូស ហច​​ស្តេន (Amos Hochstein)​ ទីប្រឹក្សាជាន់ខ្ពស់​នៅ​ក្រសួងការបរទេសសហរដ្ឋអាមេរិក​សម្រាប់​សន្តិសុខថាមពល​ បាន​និយាយនៅក្នុងសវនាការព្រឹទ្ធសភា​​កាលពីពេលថ្មីៗនេះថា​ លោក​បានណែនាំ​មន្រ្តី​​ឥណ្ឌាសូម​​ជៀស​ឱ្យ​ឆ្ងាយ​ពី​ការទិញប្រេង​​របស់​រស្ស៊ី។

លោក​ ហច​ស្តេន ​បាន​បន្ថែម​ថា ​លោក​នឹង​​ស្នើ​សុំ ​​២​ ចំណុច ​គឺ​​ចំណុច​ទី​១សុំ​ឱ្យ​ឥណ្ឌា​​កុំហួសហេតុពេក គឺកុំធ្វើទង្វើមើលទៅ​​ដូច​ជា ​ឥណ្ឌា​​កំពុងតែ​ទាញ​យកប្រយោជន៍ពីការឈឺចាប់​ដែលកំពុង​តែ​កើត​មាន​នៅ​ក្នុងគ្រួសារ​អឺរ៉ុប និងសហរដ្ឋអាមេរិក​អ៊ីចឹង​អី​។ ចំណុច​ទី២​គឺ​​​ត្រូវប្រាកដថា​​ឥណ្ឌា​ចរចាឱ្យបានល្អ ​ព្រោះ​​ប្រសិន​បើ​ឥណ្ឌា​​មិន​ទិញ​ប្រេងពីរុស្ស៊ីទេ​ គឺ​គ្មានអ្នក​ផ្សេង​​ទៀត​ទិញវា​​ឡើយ។​

បើ​តាមក្រុម​ហ៊ុន​ស្រាវជ្រាវនិងវាយតម្លៃហិរញ្ញវត្ថុ​​ Refinitiv បាន​ឱ្យ​ដឹង​ថា​ ប្រេងឆៅជិត ២៤​ លានបារ៉ែល​រប​ស់​រុស្ស៊ីបាន​ដឹកមក​ដល់​ប្រទេសឥណ្ឌា​ក្នុងខែឧសភា ​ដែល​បាន​កើន​ឡើង​ជាង ៨ ដង​បើ​ធៀប​នឹង​ឆ្នាំមុន។​ នៅក្នុងខែមិថុនា ចំនួននេះនៅតែខ្ពស់រហូតដល់ជាង ២០​ លានបារ៉ែល​បន្ថេមទៀត។

ការ​នាំ​ចូល​ប្រេង​​របស់​រុស្ស៊ី​បាន​កើន​ឡើង​​តាំង​ពី​ក្រុង​ម៉ូស្គូ​បាន​បើក​ការ​ឈ្លានពាន​អ៊ុយក្រែន​​​ក្នុង​ខែ​​កុម្ភៈ​។ ​ការលក់ប្រេងនៅក្នុងប្រទេសឥណ្ឌាត្រូវបានគេប៉ាន់ប្រមាណថា មានចំនួនជិត២ ពាន់លាន​ដុល្លារក្នុងពេល​មួយ​​ខែឧសភា​​តែ​ប៉ុណ្ណោះ​ ​ដែលធ្វើឱ្យវាក្លាយជាប្រភពចំណូលដ៏សំខាន់សម្រាប់​រដ្ឋាភិបាលរបស់លោក ពូទីន។

ប្រេងរុស្ស៊ីប្រហែល ២៦ លានបារ៉ែល​ត្រូវបានគេជឿថា បាន​ដឹក​ទៅ​​ដល់​ទី​ក្រុង​កំពង់​ផែ​ Sikka ប្រទេសឥណ្ឌា​នៅ​ចន្លោះខែមេសា​ ដល់ខែមិថុនា​ពោល​គឺ​បាន​កើន​ឡើង​ជាងជាង៥ដង ​​បើ​ធៀប​នឹង​កម្រិត​ដឹក​ជញ្ជូន​កាលពីឆ្នាំមុន​ ខណៈ​ដែល​​ប្រេងរុស្ស៊ីមានចំនួន​ ២០​% ​នៃចំនួនសរុបដែលត្រូវបានបញ្ជូនទៅដល់​ទី​ក្រុង​ Sikka តាម​ច្រក​សមុទ្រ។​

ប្រទេស​ឥណ្ឌា​បាន​កែច្នៃ​​ប្រេងឆៅ​ទៅ​ជា​ប្រេង​​ឥន្ធនៈ​សម្រាប់​​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​​មាន​ដូច​ជា​​ប្រេង​សាំង ប្រេង​ម៉ាស៊ូត និង​ប្រេង​យន្តហោះ ហើយ​​ផលិតផលប្រេងដែលនាំចេញពីកំពង់ផែ Sikka មានចំនួនសរុបប្រហែល ៧៥ លាន​បារ៉ែលក្នុងអំឡុងខែមេសា ដល់ខែមិថុនា​​ដោយក្នុង​នោះ​​ ២០​​% បាន​នាំ​​ទៅ​តំបន់​អឺរ៉ុប ឬ​ក៏​សហរដ្ឋអាមេរិក។​

បុគ្គលិកម្នាក់នៅក្រុមហ៊ុនលក់ប្រេងបោះដុំជប៉ុនធំមួយបាននិយាយថា ប្រេងទាំង​នេះ​​មិន​បាន​រក្សា​ទុក​​ក្នុងធុងផ្សេងៗគ្នាតាមប្រភពនីមួយៗ​នោះ​ទេ ​​ដូច្នេះ​ហើយ​វាស្ទើរតែមិនអាចកំណត់​បាន​ច្បាស់ថា ​តើប្រេងទាំង​នេះបាន​​នាំចូលមកពីប្រភព​ណា​នោះ​ឡើយ​។

ក្រុមហ៊ុន Reliance Industries របស់ឥណ្ឌា​បានបដិសេធធ្វើអត្ថាធិប្បាយលើការចោទប្រកាន់​ដែល​ថា ប្រេងឆៅរបស់រុស្ស៊ីអាចនឹងត្រូវបានលាយបញ្ចូលគ្នាជាមួយវត្ថុធាតុដើម​សម្រាប់​ផលិត​ផល​ប្រេង​​ដែល​នាំចេញទៅ​កាន់​តំបន់​បស្ចិម​លោក​​។

សូមបញ្ជាក់ថា ប្រេងរុស្ស៊ី ដែលលក់ទៅឲ្យឥណ្ឌា គឺមានការបញ្ចុះតម្លៃទាប​ជាង​ទីផ្សារប្រេងពិភពលោក​ដល់ទៅ ៣០ ទៅ៤០ដុល្លារក្នុងមួយធុងបារ៉ែលឯណោះ ដូច្នេះហើយ បានជាធ្វើឲ្យឥណ្ឌា​បញ្ជាទិញយ៉ាងច្រើនយ៉ាងដូច្នេះ។ មិនមែនឥណ្ឌាទេដែលទិញ ប្រទេសចិនវិញ​ក៏ទិញច្រើនដូចគ្នាដែរ។ តួយ៉ាង តាមរបាយការណ៍ពីសារព័ត៌មានរ៉យទ័រ​បានឲ្យដឹងថា កាលពីខែឧសភាចិនមានការទិញប្រេងពីរុស្ស៊ីកើនឡើងដល់ទៅ ៥០%ឯណោះ ធៀបនឹងកាលពីឆ្នាំមុន៕




អត្ថបទបន្ទាប់


ការនាំចេញរបស់កម្ពុជាទៅចិនធ្លាក់ចុះ៩%នៅឆមាសទី១ឆ្នាំ២០២២

ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីនៅឆមាសទី១ឆ្នាំនេះ សម្រេចបានដល់ប្រមាណ៦ពាន់លានដុល្លារ កើនឡើងប្រមាណ២០% ប៉ុន្ដែ ក្នុងនោះ បើមើលទៅលើការនាំចេញ…

ក្រុមហ៊ុន Panasonic នឹងបោះទន់វិនិយោគ ៤ពាន់លានដុល្លារ សាងសង់រោងចក្រផលិតអាគុយសម្រាប់រថយន្តអគ្គិសនីTesla

ក្រុមហ៊ុនយក្សរបស់ជប៉ុន Panasonic Holdings ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Panasonic Energy នឹងវិនិយោគទឹកប្រាក់ចំនួន ៤ ពាន់ល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ