អាមេរិកបានសម្លឹងឃើញឥណ្ឌាក្នុងនាមជាទីផ្សារដ៏មានសក្ដានុពលសម្រាប់ទំនិញរបស់ខ្លួន ជាពិសេសក្រោយទំនាក់ទំនងរវាងឥណ្ឌា និងចិនកាន់តែតានតឹងទៅៗ ដែលនេះជាការរុញច្រាននៃកំណើននាំចូលនាំចូលទៅកាន់ទីផ្សារកសិកម្មរវាងប្រទេសទាំងពីរនេះផងដែរ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Nikkei Asia។
រដ្ឋមន្ត្រីក្រសួងកសិកម្មអាមេរិក លោក Tom Vilsack បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា នេះជាឱកាសថ្មីមួយបង្ហាញពីចំណុចកំពូលនៃការងាររយៈពេលជិតពីរទសវត្សរ៍ ដើម្បីទទួលបានទីផ្សារសម្រាប់សាច់ជ្រូកអាមេរិកទៅកាន់ប្រទេសឥណ្ឌា ហើយវាជាសញ្ញានៃសកម្មភាព វិជ្ជមាននៅក្នុងទំនាក់ទំនងពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិក និងឥណ្ឌាផងដែរ។
ការប្រកាសនេះ គឺធ្វើតាមការសន្យារបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនត្រា ម៉ូឌី នៅក្នុងកិច្ចប្រជុំនៅសេតវិមានកាលពីខែកញ្ញាឆ្នាំមុន ដើម្បីធ្វើតារាងទិសដៅថ្មី ក្នុងគោលបំណងជំរុញភាពជាដៃគូរវាងប្រទេសប្រជាធិបតេយ្យធំៗលើពិភពលោកទាំងពីរនេះ។យ៉ាងណាមិញ សេចក្តីប្រកាសនេះ កើតឡើងពីរថ្ងៃបន្ទាប់ពីប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដើម្បីអនុញ្ញាតឱ្យមានការនាំចូលទៅកាន់ទីផ្សារសហរដ្ឋអាមេរិកនូវផ្លែស្វាយ និងផ្លែទទឹមរបស់ឥណ្ឌា ហើយអាមេរិកក៏បាននាំចូលទៅកាន់ប្រទេសឥណ្ឌាវិញនូវផលិតផលកសិកម្មមួយចំនួនផងដែរ។
ស្របពេលដែលឥណ្ឌា គឺជាប្រទេសដែលមានប្រជាជនច្រើនជាងគេទីពីររបស់ពិភពលោក បន្ទាប់ពីប្រទេសចិន ដែលមានតម្រូវប្រើប្រាស់ផលិតផលម្ហូបអាហារ ផ្លែឈើ គ្រាប់ធញ្ញជាតិ ផលិតផលទឹកដោះគោ និងផលិតផលបសុសត្វផ្សេងទៀតកំពុងកើនឡើងក្នុងចំណោមអ្នកប្រើប្រាស់ឥណ្ឌា សហរដ្ឋអាមេរិកឯណោះវិញក៏ជាអ្នកផលិតធំជាងគេទី ៣ របស់ពិភពលោកផងដែរ ហើយជាប្រទេសនាំចេញសាច់ជ្រូកធំបំផុតទីពីរក្នុងឆ្នាំ ២០២០ ដោយការលក់សាច់ជ្រូក និងផលិតផលធ្វើពីសាច់ជ្រូករបស់អាមេរិកនៅទូទាំងសកលលោកមានដល់ទៅជិត៨ពាន់លានដុល្លារាមេរិក។
ដោយឡែក ការនាំចេញផលិតផលកសិកម្មរបស់អាមេរិកទៅកាន់ប្រទេសឥណ្ឌាវិញបានកើនលើសពី ១ពាន់៦រយលានដុល្លារនៅក្នុងសារពើពន្ធ ២០២១។ នេះបើយោងតាមស្ថិតិរបស់ក្រសួងកសិកម្មសហរដ្ឋអាមេរិក។
ការបើកភ្លើងខៀវពីប្រទេសឥណ្ឌាសម្រាប់ការនាំចូលសាច់ជ្រូកពីអាមេរិកនេះ វាគឺជារឿងវិជ្ជមានសម្រាប់ទីផ្សារសាច់ជ្រូកអាមេរិក ខណៈដែលថ្មីៗនេះ កោះតៃវ៉ាន់ក៏បានបោះឆ្នោតសម្រេចមិនបិទខ្ទប់ការនាំចូលសាច់ជ្រូកពីអាមេរិកទៅតៃវ៉ាន់ដែរ៕