សេចក្តីប្រកាសព័ត៌មានដែលបានចុះផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លួវការរបស់ស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា នារសៀលថ្ងៃទី៦កុម្ភៈឆ្នាំ២០២១ បានឲ្យដឹងថាសាធារណរដ្ឋនឹងផ្តល់ឲ្យកម្ពុជានូវវ៉ាក់សាំងប្រឆាំងកូវីដ១៩ចំនួន ១០ម៉ឺនដូស តបតាមការស្នើសុំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅកាន់នាយករដ្ឋមន្ត្រីឥណ្ឌា Shri Narendra Modi កាលពីពេលកន្លងទៅ។
គួររំឭកថា កន្លងមកសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២២ ខែមករា ក្នុងពិធីសម្ពោធជាផ្លូវការអគារទីស្តីការក្រសួងសាធារណការ ធ្លាប់បានថ្លែងឲ្យដឹងថា រាជរដ្ឋាភិបាលនឹងសសេរលិខិតស្នើទៅប្រទេសឥណ្ឌាពីលទ្ធភាពក្នុងការទទួលបានវ៉ាក់សាំងបន្ថែមពីប្រទេសនេះ។
សេចក្តីប្រកាសព័ត៌មានដដែលបានបន្តថា វ៉ាក់សាំងដែលនឹងផ្តល់ឲ្យកម្ពុជាគឺជាប្រភេទវ៉ាក់សាំងដែលផលិតឡើងដោយវិទ្យាស្ថាន Serum របស់ឥណ្ឌា (Serum Institute of India)។
ទោះបីជាកំពុងមានតម្រូវការច្រើនសម្រាប់ប្រជាជនឥណ្ឌាខ្លួនឯង ព្រមទាំងមានការស្នើសុំពីប្រទេសផ្សេងៗទៅកាន់ឥណ្ឌាផងដែរនោះ ការសម្រេចផ្តល់វ៉ាក់សាំងដល់កម្ពុចានេះត្រូវបានស្ថានទូតឥណ្ឌាអះអាងថា ជាសក្ខីភាពនៃមិត្តភាព និងការយោគយល់គ្នាទៅវិញទៅមករបស់ឥណ្ឌា ចំពោះប្រទេសកម្ពុជា ដែលជាដៃគូសហការដ៏សំខាន់ និងជាការយកចិត្តទុកដាក់ចំពោះសុខភាពនិងវិបុលភាពរបស់ប្រជាជនកម្ពុជាទាំងមូល៕
ខាងក្រោមជាសេចក្តីប្រកាសព័ត៌មានទាំងស្រុងជាភាសាអង់គ្លេស ពីស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា៖